ជាតិ
បទវិភាគ
សេដ្ឋកិច្ច
អចលនទ្រព្យ
តើ​គួរ​ទិញ​ខុន​ដូ ឬ ផ្ទះល្វែង​ក្នុង​ក្រុង ឬ​ផ្ទះ​ក្នុង​បុរី​ក្រៅ​ក្រុង​? តើ​ជម្រើស​មួយណា​ល្អ​ជាង​?
12, Feb 2020 , 3:16 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ពេលមុន ពលរដ្ឋ​ខ្មែរ​គ្មាន​ជម្រើស​ច្រើន​ទេ​។ នៅពេលដែល​ពួកគេ​មាន​ប្រាក់ ពួកគេ​ភាគច្រើន​ត្រូវតែ​សម្រេចចិត្ត​ទិញ​ផ្ទះល្វែង​នៅក្នុង​ក្រុង​ដើម្បី​រស់នៅ ឬ​ធ្វើ​ជំនួញ​ផ្សេងៗ​។ តែ​នៅពេលនេះ ជម្រើស​មាន​កាន់តែច្រើន ដូច្នេះ​ការសម្រេចចិត្ត​កាន់តែ​លំបាក​ជាង​មុន​។ តើ​គួរ​ទិញ ខុន​ដូ នៅ​កណ្តាល​ក្រុង​, គួរ​ទិញ​ផ្ទះល្វែង​ក្នុង​ក្រុង ឬ​គួរ​ទិញ​ផ្ទះ​បុរី​នៅក្រៅ​ក្រុង​? តើ​ជ​ម្រើ​មួយណា​ល្អ​ជាង​?


​ទីក្រុង​កាន់តែ​ទំនើប ទីក្រុង​កាន់តែ​ចង្អៀត របៀប​រស់នៅ​របស់​អ្នកទីក្រុង​ក៏ត្រូវ​តែ​ផ្លាស់ប្តូរ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ដែរ​។ ក្នុង​រយៈពេល​ប្រមាណ​ជាង​៥​ឆ្នាំ​ចុង​ក្រោយនេះ សំណង់​បុរី​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​ជ្រុង​នៃ​ទី​រាជធានី​ភ្នំពេញ តែ​ភាគច្រើន​នៃ​បុរី​ទាំងនោះ ស្ថិត​នៅក្រៅ​ក្រុងភ្នំពេញ​បន្តិច ពោលគឺ​ស្ថិតនៅ​ជាយក្រុង​។

​បើទោះបីជា​ឆ្ងាយ​បន្តិច​មែន តែ​បុរី​នីមួយៗ​មាន​ទីតាំង​ធំ​ទូលាយ និង​គ្របដណ្តប់​ដោយ​បរិយាកាស​បៃតង​ដែល​មើលទៅ​គួរ​ឲ្យ​ចង់​រស់នៅ​ជាទីបំផុត​។  បុរី​នីមួយៗ​ច្រើន​សាងសង់​គេហដ្ឋាន​បែប​វីឡា​កូនកាត់ ផ្ទះល្វែង​បែប​សម័យថ្មី ឬ​វីឡា​បែប​ទំនើប​។ លើសពីនេះទៅទៀត បុរី​នីមួយៗ​ដែល​ត្រូវបាន​បង្កើតឡើង ច្រើន​មាន​វត្តមាន​ផ្សារ​ទំនើប និង​ទីកន្លែង​សម្រាប់​ហាត់​កីឡា​។

​ដោយសារតែ​ភាពសម្បូរ​បែប ភាព​ប្រណិត និង​ភាពងាយស្រួល​នៃ​ការរស់នៅ​របស់​បុរី​នេះហើយ ទើប​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាននាំគ្នា​សម្រុក​ទិញ និង​រស់នៅក្នុង​បុរី​នាពេល​បច្ចុប្បន្ននេះ​។ គុណសម្បត្តិ​មាន​ច្រើន តែ​ក៏មានដែរ​គុណវិបត្តិ​នោះ​។ អតិថិជន​ខ្លះ មិន​រំភើប​នឹង​ភាព​ស៊ី​វិ​ល័យ​របស់​បុរី​ទេ ព្រោះ បុរី​ភាគច្រើន​ត្រូវបាន​សាងសង់​នៅក្រៅ​ក្រុងភ្នំពេញ​។ ចម្ងាយ​ផ្លូវ​ឆ្ងាយ​ពី​កណ្តាល​ក្រុង​នេះ បានធ្វើ​ឲ្យ​អតិថិជន​មួយចំនួន​រារែក​ចិត្ត​មិន​ចង់​ទិញ​គេហដ្ឋាន​ក្នុង​បុរី​ឡើយ​។ អ្នកខ្លះ​ថា បុរី​ឆ្ងាយ​ពី​កន្លែងធ្វើការ​, ឆ្ងាយ​ពី​សាលារៀន​សម្រាប់​កូនចៅ​, ឆ្ងាយ​ពី​ហាង​អាហារ​នានា និង​ឆ្ងាយ​ពី​ទីផ្សារ​បែប​បុរាណ​នានា​។ កាន់តែ​ឆ្ងាយ កាន់តែ​ចំណាយ​។ កាន់តែ​ឆ្ងាយ កាន់តែ​លំបាក​។

​ប្រសិនបើ​មាន​បុរី​នៅក្បែរ ឬ​ជាប់​នឹង​ក្រុង​វិញ គ្មាន​នរណាម្នាក់​មិន​ស្រឡាញ់​ភាពទំនើប​របស់​បុរី​ឡើយ​។ តែបើ​នៅក្បែរ​ក្រុង ពេលនោះ តម្លៃ​ថ្លៃ​នៃ​បុរី គឺជា​ឧបសគ្គ​ចំពោះ​អតិថិជន ពោល គឺ​មិនមែន​ចម្ងាយ​ទៀតឡើយ​។

​ងាក​មក​វត្តមាន ខុន​ដូ វិញ​។ ខុន​ដូ គឺ​អគារ​រស់នៅ​បែប​សម័យថ្មី​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន​ចាប់ផ្តើម​ចង់​រស់នៅក្នុង​អគារ ខុន​ដូ ដែរ បើទោះបីជា​ចំនួន​ពលរដ្ឋ​ខ្មែរ​នៅមាន​ចំនួន​តិចតួច​បើ​ប្រៀបធៀប​ទៅនឹង​ជនបរទេស​ក៏ដោយ​។ មូលហេតុ គឺ​ដោយសារ អគារ ខុន​ដូ ស្ថិតនៅ​កណ្តាល​ក្រុង​។ មាន​ដែរ ខុន​ដូ នៅក្រៅ​ក្រុង តែមាន​ចំនួន​តិចតួច​ណាស់​។ ខុន​ដូ គឺជា​អគារ​សហកម្មសិទ្ធិ​។ សូមបញ្ជាក់ថា ជនបរទេស​អាចមាន​សិទ្ធិ​ទិញ​បន្ទប់ ខុន​ដូ បាន​។ តែ​មិនអាច​ទិញ​ផ្ទះ​ដែល​នៅជាប់​ដី​បានឡើយ​។

​សម្រាប់​គ្រួសារ​តូច​ល្មម អតិថិជន​ច្រើន​ជ្រើស​រើសយក​បន្ទប់ ខុន​ដូ ព្រោះ វា​ស្ថិតនៅ​កណ្តាល​ក្រុង រស់នៅ​ខាងលើ​ខ្ពស់​ពី​គេហដ្ឋាន​ធម្មតា​ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់ ខុន​ដូ អាច​គយគន់​ទេសភាព​ទីក្រុង​ភ្នំពេញ​បាន​យ៉ាង​ស្រួល​។ កាន់តែ​ខ្ពស់ កាន់តែ​រំភើប និង​កាន់តែ​អស្ចារ្យ តែ​វា​ក៏​កាន់តែ​ថ្លៃ​ដែរ​។ ខុន​ដូ ស្ថិតនៅ​ទីប្រជុំជន​, ស្ថិតនៅ​ជិត​សាលារៀន​, កន្លែងធ្វើការ​, ផ្សារ​, កន្លែង​ណាត់ជួប​គ្នា​កម្សាន្ត​។​ល​។ តែ​គុណវិបត្តិ​វិញ ក៏មានដែរ ដូចជា​៖ ម្ចាស់​កម្មសិទ្ធិរួម​, រស់នៅក្នុង​អគារ​ថ្ម​រួម​, បន្ទប់​ជាប់ៗ​គ្នា​, ជិះ​ជណ្តើរយន្ត​រួមគ្នា​, គ្មាន​ទីធ្លា​ជា​លក្ខណៈ​ឯកជន​។​ល​។ ចំណុច​អវិជ្ជមាន​មួយទៀត ដែល អតិថិជន​ខ្មែរ​តែងតែ​លើកឡើង​ដែរនោះ គឺ​តើ​ហេតុអ្វី​បានជា​ពួកគេ​ត្រូវ​ទិញ​អគារ ខុន​ដូ ដែលជា​សហកម្មសិទ្ធិ​នៅលើ​អាកាស​? ហេតុអ្វី​ពួកគេ​មិន​ទិញ​គេហដ្ឋាន​ជាប់​ដី​?  ផ្នត់គំនិត​អតិថិជន​ខ្មែរ គិតថា ខុន​ដូ រស់នៅ​ចង្អៀតចិត្ត ជាង​រស់នៅ​ជាប់​ដី​ដែលមាន​ទីធ្លា​ធំ​ទូលាយ​ជាង​។

​ងាក​មក​និយាយ​ពី​ផ្ទះ​លែ្វ​ង​បែប​បុរាណ​នៅ​កណ្តាល​ក្រុង​វិញ​។ ប្រភេទ​ផ្ទះល្វែង​នេះ មាន​ប្រជាប្រិយភាព​តាំងពី​ពេល​អតីតកាល​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។ ប្រជាប្រិយភាព​របស់​ផ្ទះល្វែង​បានមក​ដោយសារតែ​ផ្ទះល្វែង​បែប​បុរាណ​ភាគច្រើន​ត្រូវបាន​គេ​សាងសង់​នៅក្នុង​ក្រុងភ្នំពេញ ឬ​នៅតាម​ទីប្រជុំជន​នានា​។

​សម្រាប់​អតិថិជន​ខ្លះ ផ្ទះល្វែង​បែប​បុរាណ​នៅក្នុង​ក្រុងភ្នំពេញ​មានគុណ​សម្បត្តិ​ច្រើន​ដូចជា​៖ ផ្ទះល្វែង​មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុងភ្នំពេញ​-​ទីប្រជុំជន​ដែល​អនុញ្ញាត​ឲ្យ​គេ​អាច​រកស៊ី​ទទួលទាន​បាន អាច​ជួល​បាន និង​មិនចាំបាច់​ធ្វើដំណើរ​ទៅធ្វើ​ការ ឬ​ទៅ​សាលា​កូនចៅ​ឆ្ងាយ​។ លក្ខណៈពិសេស​របស់​ផ្ទះល្វែង គឺ​រស់​នៅបាន រកស៊ី​ទទួលបាន ឬ​ជួល​បាន​។ ជួនកាល ផ្ទះល្វែង​មួយ​ល្វែង​នៅ​ទីប្រជុំជន (Shop House) អាចបង្កើត​សេវា​បាន​បី​។ ជាន់​ក្រោម ម្ចាស់ផ្ទះ​អាច​បើក​ជំនួញ​បាន​។ ជាន់​ទី​ឡៅតឿ ឬ​ជាន់​ទីមួយ ម្ចាស់ផ្ទះ​អាច​ស្នាក់នៅ​ខ្លួនឯងបាន​។ ជាន់​ទី​២ ឬ​ទី​៣ ឬ​ទី​៤ ម្ចាស់ផ្ទះ​អាច​ជួល​បាន​។

​តែ​គុណវិបត្តិ​របស់​ផ្ទះល្វែង​ក៏មានដែរ​៖ ចង្អៀត​ស្អុះស្អាប់ ហប់ ខ្វះ​ខ្ស​ល់​អាកាស​បរិសុទ្ធ​ចេញចូល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លូវ​ចេញ ឬ​ផ្លូវ​ចូល​នៃ​សហគមន៍​ផ្ទះល្វែង​មួយចំនួនច្រើន​មាន​លក្ខណៈ​តូចចង្អៀត ឬ​លិច​ទឹកភ្លៀង​។​ល​។ និយាយ​ជារួម បរិយាកាស​ផ្ទះល្វែង​ក្នុង​ក្រុង​មិនសូវ​ជា​ល្អ​ណាស់ណា​ឡើយ​។

​ជាការ​ពិត សម្រាប់​អ្នកមាន​ធនធាន ពួកគេ​កំពុង​ជ្រើសរើស​រវាង​គេហដ្ឋាន​ខុន​ដូ ឬ ផ្ទះល្វែង​ក្នុង​ក្រុង ឬ​ផ្ទះ​ក្នុង​បុរី​ក្រៅ​ក្រុង ឬក៏​ពេលខ្លះ ចៀសវាង​ការលំបាក​ក្នុងការ​សម្រេចចិត្ត​, ពួកគេ​ទិញ​ទាំងបី​ប្រភេទ​ហ្នឹង​តែម្តង​។ ចុះ​សម្រាប់​អ្នក​មិនសូវ​មានលទ្ធភាព​ចំពោះ​គេហដ្ឋាន​ប្រភេទ​ខាងលើ​វិញ តើ​ពួកគេ​គួរ​គិតគូរ​ទិញ​អ្វី​វិញ​ទៅ​?

​សម្រាប់​អ្នកមាន​ហិរញ្ញវត្ថុ​ទន់ខ្សោយ ឬ​សម្រាប់​គូស្រករ​ថ្មីថ្មោង ខុន​ដូ តម្លៃ​ទាប​ក្នុង​ក្រុង ឬ​ដី​ឡូ​តិ៍​ពុះ​លក់​តម្លៃ​សមរម្យ​នៅក្រៅ​ក្រុង​(​តែ​កុំ​ឲ្យ​ឆ្ងាយ​ពេក​) គឺជា​រឿង​ដែល​គួរ​ពិចារណា​៕

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com