ជាតិ
បោះឆ្នោត
ក្រោយ​រង​ការ​ផ្តាច់ជំនួយ សម្តេច ហ៊‌ុ​ន សែន ប្រកាសថា​រដ្ឋាភិបាល មាន​ទុន​គ្រប់​ហើយ សម្រាប់​ការបោះឆ្នោត​
13, Dec 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេច ហ៊‌ុ​ន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មិន​បារម្ភ​សោះឡើយ​ចំពោះ​ការរៀបចំ​បោះឆ្នោត​នៅ​កម្ពុជា​។ សម្តេច ហ៊‌ុ​ន សែន សង្កត់ធ្ងន់ថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ធនធាន​រួចរាល់​អស់ហើយ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា ក្នុង​ឆ្នាំ​២០១៨​។



​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ដូច​សព្វដង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ​នេះ សម្តេច ហ៊‌ុ​ន សែន លើកឡើងថា ឲ្យ​តែ​ប្រជាជន​កម្ពុជា បាន​ចូលរួម​បោះឆ្នោត គឺ​គ្រប់គ្រាន់​ហើយ ដោយ​មិន​តម្រូវ​ឲ្យ​មានការ​ទទួលស្គាល់​ឬ​មិន​ទទួលស្គាល់​ពី​ប្រទេស​ដទៃ ឬ​អង្គការសហប្រជាជាតិ​នោះទេ​។ ប្រមុខ​រដ្ឋាភិបាល បន្តថា អវត្តមាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏​មិន​ប៉ះពាល់​ការបោះឆ្នោត​ដែរ ព្រោះ​នៅមាន​គណបក្ស​ជាច្រើន​ទៀត ដែល​ត្រូវ​ចូលរួម​។ 

​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្សកាន់អំណាច​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវ​ប្រជាជន បាន​ត្រៀម​រួចរាល់​ហើយ សម្រាប់​ការបោះឆ្នោត​។ ហើយ​រដ្ឋាភិបាល ក៏មាន​ទុន​គ្រប់គ្រាន់​ហើយ​ដែរ សម្រាប់​ការបោះឆ្នោត​»​។

​ការលើកឡើង​សាជាថ្មី​របស់​សម្តេច ហ៊‌ុ​ន សែន បែបនេះ គឺ​ក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ជំនួយ មក​ឲ្យ​គណៈកម្មការ​ធិ​ការ​ជាតិ​រៀប​ចំការ​ឆ្នោត (​គ​.​ជ​.​ប​)​។ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាហេតុ​ដែល​នាំ​ឲ្យ​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ជំនួយ​ផ្នែក​ការបោះឆ្នោត​។ 

​តាមរយៈ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​១២ ខែធ្នូ សហភាព​អឺ​រុ​ប ដែល​បាន​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​ជា​៥​លាន​ដុល្លារ ដល់គ​.​ជ​.​ប នាពេល​កន្លងមក បាន​លើកឡើងថា ការរំលាយ​គណបក្សប្រឆាំង នឹងធ្វើ​ឲ្យ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ មិនមាន​ភាពស្របច្បាប់​។ សេចក្តីថ្លែងការណ៍​នោះ បាន​ឲ្យ​ដឹង​ទៀតថា ការបោះឆ្នោត​នាពេលខាងមុខ នឹងមិន​គួរ​ឲ្យ​ទុកចិត្ត​ឡើយ​។

​ជុំវិញ​បញ្ហា​នេះ លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ​.​ជ​.​ប មាន​ថវិកា​ប្រមាណ ៥២​លាន​ដុល្លារ ដើម្បី​ចំណាយ​លើ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​។ លោក បន្តថា គ​.​ជ​.​ប ក៏មាន​សម្ភារ និង​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រាន់​ដែរ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​។

​លោក សោម សូ​រី​ដា សង្កត់ធ្ងន់ថា ទោះជា​បាត់​ជំនួយ​ពី​សហភាព​អឺរ៉ុប តែ​គ​.​ជ​.​ប នៅមាន​ជំនួយ​ពី​ប្រទេស​ផ្សេងៗ​ទៀត​។ មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ការព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប មិន​រាំងស្ទះ​ដល់គ​.​ជ​.​ប នោះទេ​»​។ 

​សហភាព​អឺរ៉ុប គឺជា​ភាគី​ទី​ពីរ​ហើយ បន្ទាប់ពី​សហរដ្ឋអាមេរិក ដែល​ប្រកាស​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​។ សហរដ្ឋអាមេរិក មិន​ត្រឹមតែ​ផ្តាច់ជំនួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រទេស​មហាអំណាច​មួយ​នេះ បានប្រកាសថា នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត​ថែមទៀត ប្រសិនបើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម ហើយ​លោក កឹម សុខា នៅតែ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​៕



Tag:
 បោះឆ្នោតជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com