ជាតិ
សេដ្ឋកិច្ច
ការអនុគ្រោះពន្ធ EU ដល់កម្ពុជាមានតម្លៃ ៦៧៦លានដុល្លារ ឯអាមេរិក ១០លានដុល្លារក្នុងមួយឆ្នាំ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបភាពពីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ កម្ពុជា ជាប្រទេសទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីសហភាពអឺរ៉ុប ក្រោមក្របខណ្ឌអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។ តែបើនិយាយពីការនាំចេញទៅសហរដ្ឋមេរិកវិញ កម្ពុជាត្រូវបង់ពន្ធស្ទើរទាំងស្រុង ពោលគឺលើកលែងតែផលិតផលសម្រាប់ធ្វើដំណើរ (travelling goods) មួយប៉ុណ្ណោះ ដែលបានអនុវត្តពីចុងឆ្នាំ២០១៦ មក។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីទំហំប្រាក់នាំចេញរបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក រួមទាំងចំនួនប្រាក់ពន្ធចំពោះទីផ្សារទាំងនេះ។ ក្រសួងបានបង្ហាញតួលេខនេះ តាមរយៈលិខិតរបស់ក្រសួងដែលចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ខែធ្នូ ដែលផ្ញើជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ការនាំចេញសរុបរបស់កម្ពុជាទៅទីផ្សារ EU ក្នុងឆ្នាំ២០១៦ មានទឹកប្រាក់ចំនួន ៦២៥៩ លានដុល្លារអាមេរិក។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ។ ក្រសួងបញ្ជាក់ទៀតថា បើមិនទទួលបានការអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦ លានដុល្លារ។ ទំនិញដែលទៅទីផ្សារមួយនេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយាន ជាដើម។
រីឯការនាំចេញទៅសហរដ្ឋមេរិកវិញ គឺមានទំហំប្រាក់ ២៩១៦ លានដុល្លារ ក្នុងឆ្នាំ២០១៦ ។ ទឹកប្រាក់ដែលកម្ពុជាបានបង់ពន្ធឲ្យរដ្ឋាភិបាលអាមេរិកមានប្រមាណជាង ៣០០លានដុល្លារ (ក្នុងអត្រាពន្ធមធ្យម ១២ភាគរយ)។ ក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកបានបង់ពន្ធស្ទើរទាំងស្រុង លើកលែងតែផលិតផល travelling goods ដែលរដ្ឋាភិបាលអាមេរិកអនុគ្រោះដល់កម្ពុជាកាលពីចុងឆ្នាំ២០១៦ ។ បើសិនកម្ពុជាត្រូវបង់ប្រាក់ពន្ធលើទំនិញនេះ គឺមានទឹកប្រាក់ប្រមាណ ១០លានដុល្លារ (ក្នុងអត្រាពន្ធ ៥ភាគរយ)។ ផលិតផលរបស់កម្ពុជាចូលទីផ្សារនេះរួមមាន សំលៀកបំពាក់ ស្រោមនិងស្បែកជើង ប្រដាប់ក្មេងលេង វត្ថុធ្វើពីស្បែក ស្រោមពូក និងគ្រឿងសង្ហារឹម ជាដើម។
យោងតាមលិខិតខាងលើ ក្រសួងពាណិជ្ជកម្មបានផ្ដល់យោបល់ជូនប្រមុខរដ្ឋាភិបាល យ៉ាងដូច្នេះថា៖«ដើម្បីទប់ស្កាត់ការសម្រេចព្យួរសម្បទានពន្ធគយលើគ្រប់មុខទំនិញដោយសភាអឺរ៉ុប ជាយថាហេតុ កម្ពុជាគួរបញ្ចុះបញ្ចូលបណ្ដាប្រទេសជាមិត្តដែលជាសមាជិកសហភាពអឺរ៉ុប តាមរយៈបណ្ដាការទូត និងពាណិជ្ជកម្ម ព្រោះសហភាពអឺរ៉ុបច្រើនមានភាពទន់ភ្លន់ និងយោគយល់ដល់ស្ថានភាពរបស់កម្ពុជា»។
ក្រៅពីនេះក្រសួងបានផ្ដល់ជូនយោបល់លើជម្រើសផ្សេងទៀត គឺការពិភាក្សាក្នុងកិច្ចប្រជុំចង្អៀតនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ។ បើតាមលិខិតនេះ ក្រសួងពាណិជ្ជកម្មហាក់មិនសូវបារម្ភខ្លាំង បើមានការលុប ឬព្យួរការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកឡើយ ព្រោះទឹកប្រាក់ដែលត្រូវបង់ពន្ធនោះមានចំនួនតិចតួចប៉ុណ្ណោះ។
គួររបញ្ជាក់ថា ក្រុមសមាជិកសភាសហភាពអឺរ៉ុប ក្នុងពេលថ្មីៗនេះ បានដាក់សំណើដល់សភាមួយនេះលើលទ្ធភាពរឹតបន្តឹងទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជា រួមទាំងការពិនិត្យលើក្របខណ្ឌអនុគ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជាផងដែរ ដែលសំណើនេះធ្វើឡើងបន្ទាប់ពីមានការំលាយបក្សប្រឆាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com