ជាតិ
បទវិភាគ
លោក សម រង្ស៊ី និង​លោក កឹម សុខា ស្ថិត​នៅ​ផ្លូវបំបែក ឬ​បន្ត​​ជា​ដៃគូ​ស្លា​ប់រស់​?
22, Jan 2018 , 10:12 pm        
រូបភាព
ស្ថាបនិកគណបក្សសង្គ្រោះជាតិទាំងពីរដែលស្ថិតនៅទីខុសគ្នា ដោយលោក សម រង្ស៊ី និរទេសខ្លួនទៅបរទេស ឯលោក កឹម សុខា កំពុងជាប់ពន្ធនាគារត្រពាំងផ្លុង
ស្ថាបនិកគណបក្សសង្គ្រោះជាតិទាំងពីរដែលស្ថិតនៅទីខុសគ្នា ដោយលោក សម រង្ស៊ី និរទេសខ្លួនទៅបរទេស ឯលោក កឹម សុខា កំពុងជាប់ពន្ធនាគារត្រពាំងផ្លុង
ភ្នំពេញ​៖ លោក សម រង្ស៊ី បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស តែ​លោក កឹម សុខា តាមរយៈ​មេធាវី​របស់ខ្លួន បានបញ្ជាក់​គោលជំហរ​ពី​ក្នុង​ពន្ធនាគារ​ថា លោក​មិន​ចូលរួម​ឡើយ​។ បច្ចុប្បន្ន ចលនា​ដែល​លោក សម រង្ស៊ី អះអាងថា​ការរក្សា​កម្លាំង​នយោបាយ​បក្សប្រឆាំង ក្លាយជា​ប្រធានបទ​នៃ​ការពិភាក្សា​ដែល​មិន​ឯកភាព​មួយ​។​



អត្ថបទទាក់ទង

«​សម រង្ស៊ី និង កឹម សុខា គឺជា​មនុស្ស​តែមួយ ជា​ដៃគូ​ស្លា​ប់រស់​»​។ នេះ​គឺជា​ពាក្យ ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា និយម​ប្រើ​កាលពី​កន្លងមក ដើម្បី​ទាក់ទាញ​ទឹកចិត្ត​អ្នកគាំទ្រ​និង​ប្រជាពលរដ្ឋ ឲ្យ​ជឿជាក់​លើក​ពួកគាត់​ទាំងពីរ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ 

​ពិតណាស់ លោក សម រង្ស៊ី កំពុង​នៅក្រៅ​ប្រទេស ហើយ​លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ពន្ធនាគារ ប៉ុន្តែ​ស្មារតី​របស់​ស្ថាបនិក​បក្សប្រឆាំង​ទាំងពីរ​រូប ត្រូវបាន​គេ​វាយតម្លៃថា ម្នាក់​កំពុង​នៅ​ខាងឆ្វេង ម្នាក់ទៀត​កំពុង​នៅ​ខាងស្តាំ​។ តើ​ជាស​ញ្ញា​នៃ​ការចែក​ផ្លូវ​គ្នា​?

​សាធារណជន មាន​មន្ទិលសង្ស័យ​នៅពេល​លោក កឹម សុខា បាន​ផ្តាំ​មេធាវី​ពី​ពន្ធនាគារ​មក​ថា លោក មិន​ចូលរួម ហើយក៏​មិន​គាំទ្រ​ដែរ​ចំពោះ​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ពី​ក្រៅប្រទេស កាលពី​ថ្ងៃ​១២ ខែមករា ឆ្នាំ​២០១៨ ដោយមាន​លោក សម រង្ស៊ី ជា​បង្គោល​។ លោក ផេង ហេង មេធាវី​មួយរូប​របស់លោក កឹម សុខា បាន​សរសេរ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា​៖«​លោក កឹម សុខា មិន​ចូលរួម​ចលនា​ថ្មី​នោះទេ​។ លោក កឹម សុខា នៅ​ជាមួយ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់ ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​»​។

​ប៉ុន្តែ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​នៅក្រៅ​ប្រទេស បែរ​ចេញមក​បកស្រាយ​ផ្ទុយ​ពី​ការប្រកាស​របស់លោក កឹម សុខា ទៅវិញ​។ បើតាម​ការចុះផ្សាយ​រប​ស់​វិទ្យុ​អាស៊ីសេរី លោក សម រង្ស៊ី យល់ថា ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន លោក កឹម សុខា ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ​នៅ​កម្ពុជា ក៏​បង្ហាញ​បំណង​ក្លែងក្លាយ ដោយ​ធ្វើជា​ប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​។

ក្រោយ​វិទ្យុ​អាស៊ីសេរី​ចុះផ្សាយ​រួចហើយ លោក សម រង្ស៊ី ក៏បាន​បង្ហោះ​សារ​បន្ថែម​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ជុំវិញ​ហេតុផល ដែល​លោក កឹម សុខា មិន​ចូលរួម​ក្នុង​ចលនា​សង្គ្រោះ​ជាតិ​។ លោក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​លោក កឹម សុខា ប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ច្បាស់​ជា​លោក ហ៊ុន សែន នឹងធ្វើ​បាប​គាត់​រឹតតែ​ខ្លាំង​បន្ថែមទៀត​»​។ ក្នុងន័យនេះ លោក ទំនងជា​ចង់​បញ្ជាក់ថា លោក កឹម សុខា ក៏​គាំទ្រ​ចលនា​ថ្មី​នេះដែរ តែ​មិន​ហ៊ាន​ប្រកាស​ត្រង់ៗ​។​

លោក សម រង្ស៊ី លើកឡើង​ដូច្នេះ មិនទាន់បាន​មួយថ្ងៃ​ផង ស្រាប់តែ​សារ​របស់​កញ្ញា កឹម សម្មា​ធីតា កូនស្រី​ពៅ​របស់លោក កឹម សុខា បាន​លោត​បង្ហាញ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដើម្បី​ជាការ​ឆ្លើយតប​។ តាមរយៈ​សារ​នោះ កញ្ញា បាន​សម្តែង​ការមិនសប្បាយចិត្ត នៅពេលដែល​មានការ​អះអាង​ថា​លោក កឹម សុខា មិន​ហ៊ាន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ ព្រោះតែ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។

ថ្វីបើ​មិន​សំដៅចំៗ​ទៅកាន់​លោក សម រង្ស៊ី ក្តី តែ​កញ្ញា សម្មា​ធីតា បកស្រាយ​ទៅវិញ​ថា ឪពុក​របស់​នាង មិនដែល​សម្រេចចិត្ត​អ្វីមួយ ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់លោក ព្រោះតែ​ខ្លាច​ពី​សុវត្ថិភាព​នោះទេ​។ កញ្ញា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​លោក​ចេះ​ក្បត់​ឆន្ទៈ​ខ្លួន ដើម្បី​ការពារ​សុវត្ថិភាព​នោះ លោក​ក៏​មិន​នៅ​តស៊ូ​ក្នុងស្រុក​ទាំង ដែល​ដឹងថា​គេ​មានបំណង​ចាប់ខ្លួន​រូបលោក​ដែរ​។ [….] នាង​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​បញ្ឈប់​នូវ​ការបរិហារកេរ្តិ៍​មកលើ​ឪពុក​នាង​ខ្ញុំ ដោយ​ការប្រើ​ពាក្យ​ថា ការសម្រេចចិត្ត​របស់​លោក គឺ​ដោយសារ​លោក​ខ្លាច​ពី​សុវត្ថិភាព​របស់ខ្លួន​»​។

រីឯ​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់លោក កឹម សុខា មិនទាន់​ប្រកាស​ឲ្យ​ដាច់​ណាត់​នោះទេ​ថា គាំទ្រ​ឬ​ប្រឆាំងនឹង​ចលនា​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ កញ្ញា អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​និង​សកម្មជន​គ្រប់រូប បន្តធ្វើ​សកម្មភាព​ក្នុង​ក្របខណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ​។

​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ កញ្ញា កឹម មនោ​វិទ្យា ដែល​ពុះពារ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ស្នើ​ដល់​សហគមន៍​អន្តរជាតិ ជួយ​ជំរុញ​ឲ្យ​មានការ​ដោះលែង​ឪពុក​របស់​នាង បាន​សង្កត់ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​សំខាន់​ចំពោះ​យើងខ្ញុំ​ទាំងអស់គ្នា គឺ​ថែរក្សា​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្វើ​សកម្មភាព​យ៉ាងណា ដាច់ខាត​ត្រូវតែ សមស្រប​ជាមួយ​លក្ខន្តិកៈ និង​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​...»​។

ក្រៅពី​មេដឹកនាំ​កំពូលៗ និង​កូនស្រី​របស់លោក កឹម សុខា នៅមាន​ថ្នាក់ដឹកនាំ​មួយចំនួនទៀត នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បង្ហាញ​ព​ភាពមិន​ចុះសម្រុង​គ្នា​ដែរ​។ ជាក់ស្តែង​លោក អ៊ុង រិទ្ធី ជា​មនុស្ស​ម្នាក់ ដែល​ត្រូវបាន​បញ្ចូល​ក្នុង​រចនាសម្ព័ន្ធ​នៃ​ចលនា​សង្គ្រោះ​ជាតិ បានប្រកាស​ដកខ្លួន​វិញ​។

លោក អ៊ុង រិទ្ធី ប្រធាន​សាខា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បានប្រកាស​តាមរយៈ​លិខិត​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖«​ដោយ​យល់ឃើញ​ពី​ការមិនយល់​ស្របគ្នា ក្នុងការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ខ្ញុំ សូម​ប្រកាស​លាលែង​។ [....] ខ្ញុំ នឹង​រក្សា​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា​...»​។

លើសពីនេះ អតីត​តំណាងរាស្ត្រ​មួយចំនួន និង​ប្រធាន​សាខា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅក្រៅ​ប្រទេស​នានា បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​ប្រកាស​ជំហរ​ថា​ពួកគេ នៅតែ​តស៊ូ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ផ្សេងទៀត ក្នុង​ក្របខណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច​។ ពួកគេ បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា​៖«​យើងខ្ញុំ មិន​ចូលរួម​ជាមួយ​ចលនា ឬ​ក្រុម​អ្នកនយោបាយ​ណាមួយ ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​»​។​

ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ ទំនងជា​កំពុងតែ​វក់វី ព្រោះតែ​ការខ្វែងគំនិត​គ្នា​រវាង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​មើលទៅ​។ ពួកគេ មិនដឹង​ច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រួបរួមគ្នា ឬក៏​បែកបាក់​គ្នា ចាប់តាំងពី​ចលនា​សង្គ្រោះ​ជាតិ កើតឡើង​។

ទោះយ៉ាងណា លោក សម រង្ស៊ី ធ្លាប់​ពន្យល់​ហេតុផល​ថា  សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ប្រទេស​កម្ពុជា កំពុងតែ​តែលតោល និង​ស្រពេចស្រពិល​ពី​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​រង​ការរំលាយចោល ហើយ​លោក កឹម សុខា ក៏​ជាប់ពន្ធនាគារ​។ លោក លើកឡើងថា ព្រឹត្តិការណ៍​អវិជ្ជមាន​ទាំងនេះ គឺជា​មូលហេតុ​ចម្បង ដែល​ជំរុញ​ឲ្យ​លោក និង​សហការី ត្រូវតែ​ផ្តួច​ផ្តើមគំនិត​ថ្មី​នៃ​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​លើកទឹកចិត្ត និង​បំផុសបំផុល​ឡើងវិញ​នូវ​កម្លាំង​ស្នេហា​ជាតិ និង​អ្នកប្រជាធិបតេយ្យ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព នៃ​ការតស៊ូ​ក្នុងដំណាក់កាល​ដ៏​លំបាក​នេះ​។​

លោក សម រង្ស៊ី បន្តថា ចលនា​សង្គ្រោះ​ជាតិ ជា​ក្របខណ្ឌ​ថ្មី​មួយ ដែល​អាច​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ រៀបចំ​ធ្វើបាតុកម្ម និង​កូដកម្ម ដើម្បី​ទាមទារ​អ្វីមួយ ហើយ​គ្មាន​នរណា​អាច​ប៉ះពាល់ ឬ​រំលាយ​បានឡើយ​។ លោក អះអាង​បន្តថា ចលនា​សង្គ្រោះ​ជាតិ នឹង​ប្រមូល​កម្លាំង​អ្នកគាំទ្រ​ឲ្យ​បាន​កាន់តែ​ច្រើនជាង​មុន ពីព្រោះ​រូបភាព​នៃ​ចលនា​នេះ អាច​ទទួល​សមាជិក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ ដូចជា​សង្គម​ស៊ីវិល​ជាដើម ដែល​មិនមែនជា​សមាជិក​គណបក្ស​នយោបាយ​។​

បើតាម​លោក សម រង្ស៊ី ពេល​ការទាមទារ​ខាងលើ​ទទួលបាន​ជោគជ័យ ចលនា​សង្គ្រោះ​ជាតិ​នឹង​រំលាយ​ខ្លួនឯង ហើយ​អ្នកតស៊ូ​ក្នុង​ចលនា​នេះ នឹង​មក​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទាំងអស់គ្នា ដើម្បី​ឲ្យ​គណបក្ស​នេះ ទទួលបាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ខាងមុខ​៕






Tag:
 សម រង្ស៊ី​
  កឹម សុខា​
  ចលនា​សង្គ្រោះ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com