អាមេរិក ព្រមាន​កាត់​ជំនួយ​កម្ពុជាបន្ថែម​ទៀត ដោយសារមិនពេញចិត្តនឹង​ការបោះឆ្នោត​ព្រឹទ្ធសភា​

ជាតិ
អាមេរិក ព្រមាន​កាត់​ជំនួយ​កម្ពុជាបន្ថែម​ទៀត ដោយសារមិនពេញចិត្តនឹង​ការបោះឆ្នោត​ព្រឹទ្ធសភា​
28, Feb 2018 , 11:59 am         9894
រូបភាព
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ សហរដ្ឋអាមេរិក បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​ព្រឹទ្ធសភា ហើយ​បានប្រកាសថា នឹង​ផ្អាក​ជំនួយ​លើ​វិស័យ​មួយចំនួន​បន្ថែមទៀត​ម​កលើ​រដ្ឋាភិបាល​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច បាន​ឆ្លើយតប​ថា ការបោះឆ្នោត​ថ្មីៗ​នេះ គឺ​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ការផ្អាក​ជំនួយ នឹងមិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ឡើយ​។

 


​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ បាន​ចប់សព្វគ្រប់ ដោយ​គណបក្សប្រឆាំង​មិនបាន​ចូលរួម សេចក្តីថ្លែងការណ៍​មួយ ក៏បាន​ចេញមក​ពី​សេត​វិមាន​របស់លោក ដូ​ណា​ល់ ត្រាំ ប្រ​ធានា​ធិបតី​សហរដ្ឋអាមេរិក​។ សេចក្តីថ្លែងការណ៍​នោះ បាន​ហៅ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​កម្ពុជា ថា​មិនបាន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​សហរដ្ឋអាមេរិក បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍ យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់តែ​ដើរ​ថយក្រោយ ហើយ​កាន់តែ​ធ្វើ​ឲ្យយើង​ព្រួយបារម្ភ​។ ជាក់ស្តែង ការបោះឆ្នោត​ព្រឹទ្ធសភា​ថ្មីៗ​នេះ គឺ​បរាជ័យ​ក្នុងការ​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។​

​បន្ទាប់ពី​រិះគន់​រដ្ឋាភិបាល​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ធ្លាក់ចុះ និង​រៀបចំ​ការបោះឆ្នោត មិន​សមស្រប​រួចហើយ សហរដ្ឋអាមេរិក ក៏​ព្រមាន​ថា នឹង​បន្ត​ផ្អាក​ជំនួយ​។ សហរដ្ឋអាមេរិក លើកឡើងថា កន្លងមក​ខ្លួន​បានផ្តល់​ជំនួយ​ឲ្យ​កម្ពុជា លើសពី​១​ពាន់​លានដុល្លារ ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​នានា ដូចជា សេដ្ឋកិច្ច សង្គម និង​ប្រជាធិបតេយ្យ ជាដើម​។ ប៉ុន្តែ​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឲ្យ​ប្រជាធិបតេយ្យ ដើរ​ថយក្រោយ​នោះ សហរដ្ឋអាមេរិក នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ការផ្តល់​ជំនួយ​ទាំងនោះ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល សហរដ្ឋអាមេរិក សង្កត់ធ្ងន់​បែបនេះ​ថា​៖«​ជំនួយ​ទាំងនោះ មិនអាច​ត្រូវបាន​យកទៅ​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​ប្រជាធិបតេយ្យ​ឡើយ​។ ដោយ​ផ្អែកលើ​ការពិចារណា​នេះ សហរដ្ឋអាមេរិក នឹង​ផ្អាក​កម្មវិធី​ជំនួយ​ពី​រតនាគារ​អាមេរិក កម្មវិធី​ជំនួយ​ពី​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ រួមទាំង​កម្មវិធី​ជំនួយ​ពី​យោធា​អាមេរិក​ផងដែរ​»​។​

​យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បាន​អះអាងថា នឹង​បន្ត​គាំទ្រ​គម្រោង​មួយចំនួន​នៅ​កម្ពុជា​ដដែល ដូចជា សុខាភិបាល កសិកម្ម ការ​បោសសំអាត​មីន ការលើកកម្ពស់​សង្គម​ស៊ីវិល និង​វិស័យ​សំខាន់ៗ​ដទៃទៀត​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការវាយតម្លៃ​របស់​ស​ហ​រដ្ឋ​អាមេរិក ចំពោះ​ការបោះឆ្នោត​នេះ គឺ​មិន​សមស្រប និង​មិន​ត្រឹមត្រូវ​តាមច្បាប់​របស់​ប្រទេស​កម្ពុជា​ឡើយ​។ លោក បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺជា​តំ​ណា​រាស្ត្រ និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយ​ពួកគេ កើតចេញពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ ទោះជា​ប្រជាពលរដ្ឋ មិនបាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដោយផ្ទាល់​ក្តី តែ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅតែ​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដដែល​»​។

​ចំណែក​ការផ្អាក​ជំនួយ​នេះ លោក សុខ ឥសាន ចាត់ទុកថា​ជា​សិទ្ធិ​របស់​សហរដ្ឋអាមេរិក ដោយ​មិនអាច​ហាមឃាត់​បាន​។ លោក អះអាងថា រដ្ឋាភិបាល​កម្ពុជា មិន​បារម្ភ​អ្វី​ឡើយ ចំពោះ​ការផ្អាក​ជំនួយ​ទាំងនោះ​។ ផ្ទុយទៅវិញ លោក យល់ថា ការផ្អាក​ជំនួយ នឹង​ប៉ះពាល់​ដល់​អង្គការ​រប​ស់​សហរដ្ឋអាមេរិក ដែល​កំពុង​ប្រតិបត្តិ​នៅ​កម្ពុជា​ទៅវិញ​ទេ​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជំនួយ​របស់​អាមេរិក​ភាគច្រើន មិនមែន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឯណា គឺ​ផ្តល់​ឲ្យ​អង្គការ​អាមេរិក​នៅ​កម្ពុជា​។ អ៊ីចឹង បើ​ផ្តាច់ជំនួយ គឺ​ប៉ះពាល់​ដល់​អង្គការ​រប​ស់​ខ្លួន មិនមែន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ទេ​»​។

​គួររម្លឹកថា សហរដ្ឋអាមេរិក បាន​ផ្តាច់ជំនួយ​ផ្នែក​ការបោះឆ្នោត​មក​កម្ពុជា​រួចហើយ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល និង​ក្រោយពី​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​។ រីឯ សហភាព​អឺរ៉ុប ក៏បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​ដែរ ក្នុងការ​ដាក់​ស​ម្ពា​ប​បែបនេះ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​៕


Tag:
 អាមេរិក​
  បោះឆ្នោត​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com