បទវិភាគ
អន្តរជាតិ
ហេតុអ្វី​បានជា គីម ជុង​អ៊ុន សុខៗ​ចង់​ចរចា​ហើយ​លះបង់​អាវុធ​នុយក្លេអ៊ែរ​?
03, Jun 2018 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
មតិអ្នកអាន ៖ ណុប វ​ឌ្ឍ​នា ជា​និស្សិត​បញ្ចប់​ការសិក្សា​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​។ 

​ដើម​សប្តាហ៍​កន្លងមកនេះ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បង្ហាញ​ឆន្ទៈ​ចង់​ចរចា​ជាមួយ​អាមេរិក និង​អាច​ឈានទៅ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ផង​។ វា​ជា​ដំណឹង​ល្អ​សម្រាប់​សហគមន៍​អន្តរជាតិ ប៉ុន្តែ​វា​ក៏​ជា​មន្ទិលសង្ស័យ​សម្រាប់​ប​ណ្តា​ប្រទេស​មួយចំនួន​ជាពិសេស​អាមេរិក​ដែរ​។ ទោះបីជា​ប្រទេស​ខ្លះ​មាន​មន្ទិលសង្ស័យ​ចំពោះ​ចេតនា​របស់​កូរ៉េខាងជើង​ក៏ដោយ វា​ក៏​អាចមាន​ហេតុផល​មួយចំនួន​ដែល​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បន្ទន់​ជំហរ និង​ចរចា​លះបង់​អាវុធ​ដែរ​។​



​អាច​ថា វា​មិនមែនជា​រឿង​ចម្លែក​ឬ​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ប៉ុន្មាន​ឡើយ​ដែល​កូរ៉េខាងជើង​ប្រកាស​ចរចា​ជាមួយ​អាមេរិក និង​អះអាងថា​ខ្លួន​ហ៊ាន​លះបង់​អាវុធ​នុយក្លេអ៊ែរ ព្រោះ​កន្លងមក​ក្នុង​ជំនាន់​លោក គីម ជុងអ៊ីល កូរ៉េខាងជើង​ក៏​ធ្លាប់​កុហក​អាមេរិក​បែបនេះ​ដែរ​។ ប៉ុន្តែ​កូរ៉េខាងជើង​និយាយ​បាតដៃ​ខ្នងដៃ ហើយ​ចុងក្រោយ​ក៏​ប្តូរ​ចិត្ត​របស់ខ្លួន​ទៀត​។

​ដូច្នេះហើយ​បានជា ក្រោយ​ទីប្រឹក្សា​សន្តិ​ជាតិ​កូរ៉េខាងត្បូង Chung Eui-yong ដែលជា​ប្រេសិត​ពិសេស​តំណាង​រដ្ឋាភិបាល​លោក មូ​ន ចេ​អ៊ី​ន ប្រកាសថា កូរ៉េខាងជើង​ចង់​ចរចា និង​បោះចោល​អាវុធ​នុយក្លេអ៊ែរ ដូ​ណា​ល់ ត្រាំ នៅ​វ៉ាស៊ីនតោន​មិនសូវ​ជា​ចាប់អារម្មណ៍ ហើយ​ត្រឹម​និយាយ​ស្វាគមន៍​ទាំង​សោះកក្រោះ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ការប្រកាស​របស់​ក្រុង​ព្យា​យ៉ាង​ចូល​ចរចា​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ អាចជា​ការពិត​ចេញពី​ចិត្ត​មេដឹកនាំ​កូរ៉េ​ខាង និង​មិនមែនជា​ល្បិច​បោកប្រាស​ដូច​មុន​ឡើយ​។ ប៉ុន្តែ​សំណួរ​មួយ​ផុស​ចេញមក​ថា ហេតុអ្វី​កូរ៉េខាងជើង​ទន់ភ្លន់​នៅពេលនេះ​ទៅវិញ​?

​ខ្ញុំ​សូម​លើកយក​ហេតុផល​មួយចំនួន​នៅ​ពីក្រោយ​ការប្រកាស​ចរចា​របស់ គីម ជុង​អ៊ុន​នេះ ហើយ​ហេតុផល​នេះ​ទំនង​អាច​ទាក់ចិត្ត​មិត្ត​អ្នកអាន​ខ្លះ​ឲ្យ​យល់ស្រប ហើយ​ខ្លះទៀត​ប្រហែលជា​មិន​ឯកភាព​ទេ​។ ប៉ុន្តែ​ហេតុផល​ទាំងអស់ មិន​ទាក់ទង ឬ​ជំពាក់ជំពិន​ទាល់តែសោះ​ជាមួយ​សម្តី​គ្រោតគ្រាត ក៏ដូចជា​គំរាម​ប្រើប្រាស់​កម្លាំងបាយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឡើយ​។​

​ហេតុផល​ទីមួយ គឺ របប​ដឹកនាំ​កូរ៉េខាងត្បូង​។​របប​ដឹកនាំ​នេះ​គឺ​សំដៅលើ​ការផ្លាស់ប្តូរ​ពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​អ្នកនយោបាយ​គណបក្ស​អភិរក្ស​លោកស្រី ប៉ាក ហ្គឺ​ហេ ដែលមាន​ជំហរ​មាំទាំ​ចំពោះ​កូរ៉េខាងជើង មក​រដ្ឋាភិបាល​លោក មូ​ន ចេ​អ៊ី​ន​ដែលមាន​សមានចិត្ត​ចំពោះ​កូរ៉េខាងជើង​។ លោក​ប្រកាស​តាំងពី​ពេល​ឈ្នះឆ្នោត​ឆ្នាំ ២០១៧​ថា លោក​ចង់ទៅ​កូរ៉េខាងជើង​ផ្ទាល់​ដើម្បី​ចរចា កែប្រែ​ទំនាក់ទំនង​ដ៏​អាក្រក់​នេះ​។ តិច​ឬ​ច្រើន​កូរ៉េខាងត្បូង​មាន​ចំណែក​សំខាន់​ក្នុងការ​ត្រួសត្រាយ​វែកផ្លូវ និង​ធ្វើ​ឲ្យ​របប​ដឹកនាំ គីម ជុង​អ៊ុន ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ដូចគ្នា​។​

​ហេតុផល​ទី​ពីរ​គឺពាក់ព័ន្ធ​របប​ដឹកនាំ​កូរ៉េខាងជើង​ខ្លួនឯង​។ ការសម្រេចចិត្ត​ប្រកាស​ចរចា និង​បង្ហាញ​ឆន្ទៈ​បោះបង់​អាវុធ​ចោល មិនមែនជា​រឿង​សាម​ញ្ញា​ទេ ប៉ុន្តែ​ជាការ​សម្រេចចិត្ត​យុទ្ធសាស្ត្រ​ដែល​ធានាបាន​ប្រយោជន៍​យូរអង្វែង​ចំពោះ​របប​ដឹកនាំ​បច្ចុប្បន្ន​។ គីម ជុង​អ៊ុន និង​មន្ត្រី​ជំនិត​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​ដឹង​ច្បាស់​ថា វា​ជា​ពេល​សមស្រប​មួយ​សម្រាប់​ការចរចា​រក​ដំណោះស្រាយ​ពេញលេញ និង​អចិន្ត្រៃយ៍​ផង​។ ហេតុអ្វី​បានជា​គេ​ហ៊ាន​ថា វា​ជា​ពេល​សមស្រប​?

​នោះ​គឺថា កូរ៉េខាងជើង​បច្ចុប្បន្ន​មិន​ដូច​កូរ៉េខាងជើង​កាលពី​ជាង ១០​ឆ្នាំមុន​ឡើយ​។ កូរ៉េខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ​ពិតប្រាកដ ហើយ​ថែមទាំង​អាច​ហោះ​ឆ្លង​ទ្វីប​បាញ់​ដល់​គ្រប់​ទីកន្លែង​នៅ​សហរដ្ឋអាមេរិក​ទៀត​។ បើ​យក​នុយក្លេអ៊ែរ​ដាក់​លើ​តុ​ចរចា កូរ៉េខាងជើង​កាន់តែ​មាន​ទឹកមាត់ប្រៃ និង​អាចដាក់​សម្ពាធ​លើ​គូភាគី​ចរចា​បាន​ច្រើន​ដែរ​។

​ម្យ៉ាងទៀត សំណុំរឿង​អ៊ីរ៉ង់​ប្រហែលជា​មេរៀន​សំខាន់​មួយ​ដែរ​សម្រាប់​របប​ដឹកនាំ​ក្រុង​ព្យុង​។ អ៊ីរ៉ង់​មាន​ត្រឹម​កម្មវិធី​នុយក្លេអ៊ែរ តែ​អាច​បង្ខំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលយក​ខ្លួន និង​ដក​ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​ស្ទើរ​ទាំងស្រុង​ផង ចុះ​ទម្រាំ​ខ្លួន​មាន​ដល់​អាវុធ រឿង​អី​មិនអាច​ទាមទារ​បាន​ច្រើនជាង​អ៊ីរ៉ង់​។​

​ហេតុផល​ទី​បី គឺ កូរ៉េខាងជើង​ត្រូវការ​ផ្លូវ​ដើរ​ថ្មី ដែល​អាច​រក្សា​របប​ដឹកនាំ​ត្រកូល គីម និង​អាច​អភិវឌ្ឍ​ប្រទេស​បាន​។  អ្វី​មិនអាច​ប្រកែក​បាន​នោះ គឺ អាវុធ​នុយក្លេអ៊ែរ​មិនមែនជា​ជម្រើស​ល្អ​ផុត​លេខ​របស់​កូរ៉េខាងជើង​ឡើយ​។ រាប់​ទសវត្សរ៍​មក​នោះ អ្វីដែល​ក្រុង​ព្យុងយ៉ាង​បារម្ភ​ជាងគេ គឺ​អាយុជីវិត​នៃ​របប​ដឹកនាំ​ដែល​ស្ថិតក្រោម​ក្រុមគ្រួសារ​ត្រកូល​គីម​ប៉ុណ្ណោះ ខណៈដែល​សហគមន៍​អន្តរជាតិ​ជាពិសេស​អាមេរិក​ចង់ឃើញ​របប​នេះ​ដួលរលំ​។ ដូច្នេះហើយ​ចង់​មិន​ចង់ កូរ៉េខាងជើង​ប្រឹង​ពង្រឹង​អំណាច​យោធា និង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទុក​គ្រាន់​កំញើញ​ពិភពលោក​ផង​។​

​កាលណា​បើ​កូរ៉េខាងជើង​អាច​រក​ផ្លូវ​មួយ​ដែល​សមស្រប​អាច​ធានាបាន​ថា អាមេរិក​ឬ​មហាអំណាច​ដទៃ​លែង​ប៉ះពាល់​ឬ​គំរាមកំហែង​សន្តិសុខ​នៃ​របប​ដឹកនាំ​ខ្លួន និង​អធិបតេយ្យ​របស់ខ្លួន​ទៀតហើយ​នោះ  វា​គ្មាន​ហេតុផល​អ្វីដែល​ក្រុមគ្រួសារ​ត្រកូល គីម ត្រូវ​ឱប​អាវុធ​នុយក្លេអ៊ែរ  តែ​រស់នៅ​ក្រលំបាក​រហេមរហា​ម​ឡើយ​។ ក្នុងស្ថានភាព​នេះ គ្រាន់តែ​យូរ និង​ឆាប់​ប៉ុណ្ណោះ របប​ដឹកនាំ​នោះ​អាច​នឹង​ដួលរលំ​ដូចគ្នា បើ​គ្មាន​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ទេ​។

​ចំពោះ​ផ្លូវ​ដើរ​ថ្មី កូរ៉េខាងជើង​រៀនសូត្រ​ច្រើន​ពី​ចិន និង​ជាប់ចិត្ត​ប្រតិព័ទ្ធ​របប​ដឹកនាំ​ដូច​ចិន​ដែរ​។ ភាពជោគជ័យ​របស់​ចិន​ក្នុងការ​បើកចំហ​សេដ្ឋកិច្ច និង​រក្សាទុក​របប​ដឹកនាំ​សង្គមនិយម​ដឹកនាំ​តាម​បក្ស​តែមួយ​ជា​ទឡ្ហីករណ៍​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​រសាយចិត្ត និង កាន់តែ​មាន​សុ​ទិ​ដ្ឋ​និយម​ចំពោះ​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ​ពេល​អស់​អាវុធ​នុយក្លេអ៊ែរ​។ កូរ៉េខាងជើង​អាច​ដកស្រង់​បទពិសោធន៍​ពី​ចិន​សម្រាប់​ខ្លួន​ផង​ទៅ​ថ្ងៃ​អនាគត​។ ដូច​ឃើញស្រាប់ ចិន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​ពិភពលោក ហើយ​បក្ស​កុម្មុយនីស្ត​ចិន​នោះបាន​ក្លាយជា​តួអង្គ​ស្នូល​នៃ​ការរីកចម្រើន​របស់​ម​ហា​អំណាច​មួយ​នេះដែរ​។ ចំណែក​លោក ស៊ី ជិន​ភីង ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​បក្ស ឯណោះ​វិញ ក៏​ត្រៀម​បន្ត​កាន់អំណាច​យូរ​បំផុត​តាម​ដែល​អាច​ធ្វើបាន​ដោយ​ការកែ​រដ្ឋធម្មនុញ្ញ​ដក​ការកំណត់​អាណត្តិ​ប្រធានាធិបតី​ផងដែរ​។​

​ហេតុផល​មួយ​ចុងក្រោយ គឺ កូរ៉េខាងជើង​មាន​ខ្នងបង្អែក​ផ្នែក​សន្តិសុខ​ថ្មី ហើយ​ខ្នងបង្អែក​ថ្មី​នោះ​អាចជា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។ មូលហេតុ​ដែល​ខ្ញុំ​អះអាង​បែបនេះ​គឺ​ដោយសារ​៖
​ជាច្រើន​ឆ្នាំ​មកហើយ រុស្ស៊ី​ធ្លាប់​ស្នើ​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ឆ្លងកាត់​តាម​ទឹកដី​កូរ៉េខាងជើង ដើម្បី​ផ្គត់ផ្គង់​ទៅ​ឲ្យ​កូរ៉េខាងត្បូង ហើយ​ភាគី​ទាំងពីរ​រុស្ស៊ី និង​កូរ៉េខាងត្បូង​បាន​ឯកភាព​គម្រោង​ជំហាន​ដំបូង​ក្នុងការ​ផ្គត់ផ្គង់​ឧស្ម័ន​នេះ​កាលពី​ឆ្នាំ ២០០៨​។  នៅ​ឆ្នាំ ២០១១ រុស្ស៊ី​ចាប់ផ្តើម​ចរចា​ជាមួយ​កូរ៉េខាងជើង​ពាក់ព័ន្ធ​ការសង​សង់​បំពង់​ឧស្ម័ន​នេះ​ផង ដោយ​បំពង់​ឧស្ម័ន​សរុប​មាន​រហូតដល់ ១១០០ គីឡូម៉ែត្រ ក្នុងនោះ​យ៉ាងហោចណាស់ ៧០០ គីឡូម៉ែត្រ​ត្រូវ​ឆ្លងកាត់​កូរ៉េខាងជើង​ផង​។

​យ៉ាងណាមិញ គម្រោង​របស់​ក្រុមហ៊ុន Gazprom នេះ​ហាក់ដូចជា​មិន​ដំណើរការ​ទៅមុខ​សោះ ដោយសារ​កូរ៉េខាងជើង​រង​ទណ្ឌកម្ម​ច្រើនសន្ធឹក​ពី​សហគមន៍​អន្តរជាតិ ហើយ​អាមេរិក​ក៏​ជំទាស់​គម្រោង​នេះ​ខ្លាំង​ផង​។​

​ក្នុងករណីនេះ បើសិន​ជាមាន​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែល​នាំ​ឲ្យ​មាន​ការលើក​ទណ្ឌកម្ម​មែ​ន គម្រោង​នេះ​នឹង​ចាប់ផ្តើម​ឡើងវិញ​បានជា​ធម្មតា ហើយ​កូរ៉េខាងជើង​ក្លាយជា​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយោជន៍​សេដ្ឋកិច្ច​រុស្ស៊ី​។ ចាប់ពីពេលនោះ រាល់​ការគំរាមកំហែង​ទាំង​អម្បាលម៉ាន​លើ​កូរ៉េខាងជើង​មិនអាច​សង្ឃឹមថា នឹង​អាច​កើតមានឡើង​ឡើយ​ព្រោះ​រុស្ស៊ី​ក្លាយជា​ខ្នងបង្អែក​សន្តិសុខ​ថ្មី​សម្រាប់​របប​ដឹកនាំ​កូរ៉េខាងជើង​នេះ​។

​យ៉ាងណា​ក៏ដោយចុះ នេះ​គ្រាន់តែ​ជាហេតុ​ផល​ខ្លះ​ដែល​គាំទ្រ​អំណះអំណាង​ថា កូរ៉េខាងជើង​ចង់​ចរចា​មែន និង​មិនមែនជា​ល្បិច​ឡើយ​។ ប៉ុន្តែ​ផ្លែផ្កា​នៃ​ការចរចា​គ្នា​មាន​កម្រិតណា​នោះ វា​អាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ប៉ុណ្ណោះ​។

​មកដល់​ត្រឹមនេះ គេ​ច្បាស់​ជា​មើលឃើញថា ភាគី​ដែល​ស្ទាក់ស្ទើរ​ជាងគេ និង​មិនសូវ​ចង់​ឲ្យ​ការប្រឈមមុខគ្នា​នៅ​ឧបទ្វីប​កូរ៉េ​ដល់ទី​បញ្ចប់​នោះ គឺ​សហរដ្ឋអាមេរិក​។ នេះ​ក៏​ព្រោះថា កាលណា​បើ​កូរ៉េ​ទាំងពីរ​ត្រូវរ៉ូវ​គ្នា ទោះជា​មិន​ដល់​ករណី​បង្រួបបង្រួម​គ្នា​ក៏ដោយ ក៏​អាមេរិក​អស់​លេស​រក្សា​កងទ័ព​ជាង ពីរម៉ឺន​នាក់​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​ដែលជា​យុទ្ធសាស្ត្រ​ពង្រឹង​សាច់ដុំ​យោធា​របស់ខ្លួន​នៅ​អាស៊ី​បូព៌ា​ដែរ​។​

 ដោយឡែក កាលណា​បើ​អស់​វត្តមាន​យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង​មែន អ្នក​ដែល​សប្បាយចិត្ត​ជាងគេ គឺ​ចិន និង​រុស្ស៊ី ដែលជា​មិត្ត​ជិតខាង​កូរ៉េ​ទាំងពីរ​ឯណោះ​។ គ្រាន់តែ​លឺថា គីម ជុង​អ៊ុន ត្រៀម​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង និង​ចង់​ចរចា​លើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ក្រុង​ប៉េកាំង​ចេញមុខ​មុនគេ​ដើម្បី​សាទរ និង​ទទូច​ឲ្យ​កូរ៉េខាងជើង និង​ខាងត្បូង​ឆក់​ឱកាស​នេះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពេញលេញ​មួយ​ផង​៕ 



ចង់បញ្ចេញគំនិតលោកអ្នកលើបញ្ហាអន្តរជាតិមែនទេ? អាចផ្ញើអត្ថបទរបស់លោកអ្នកមកសារព័ត៌មានថ្មីៗបាន



© រក្សាសិទ្ធិដោយ thmeythmey.com