បទវិភាគ
សង្គមជាតិ
តុលាការ​មហាជន​…
12, Mar 2018 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
«​កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប​» គឺជា​សុភាសិត​ដែល​ពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​អនុវត្ត​យ៉ាង​ផុលផុស​ស្ទើរ​រៀងរាល់ថ្ងៃ និង​កំពុងមាន​ប្រជាប្រិយភាព​ត្រង់​ថា ពលរដ្ឋ​មួយចំនួន​តូច​តែងតែ​ប្រើ​ហិង្សា​ទៅលើ​ជនសង្ស័យ​រហូតដល់​ជន​នោះ​សល់​តែ​ដង្ហើមចង្រិត ឬ​រហូតដល់​ស្លាប់បាត់​បង់ជីវិត​ក៏មាន​។​



​នៅ​កម្ពុជា​បច្ចុប្បន្ននេះ តាម​បណ្តាញ​សង្គម Facebook ដែលជា​ចៅក្រម​ល្បីល្បាញ​ជាងគេ យើង​សង្កេតឃើញ​មាន​សឹងតែ​រាល់ថ្ងៃ​នូវ​ចៅក្រម​តាម​ចិញ្ចើមផ្លូវ ឬ ហៅថា​តុលាការ​មហាជន​។ ពិតជា​អស្ចារ្យ​មែន មិនដែល​មាន​ទេ ដែល​ពលរដ្ឋ​ធម្មតា កម្មករសំណង់ អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី អាជីវករ​លក់ដូរ និង​ខ្លះ​មិន​ទាំង​ចេះអក្សរ​ផង បាន​បំពេញការងារ​ជា​ចៅក្រម ឬ​តុលាការ ដោយបាន​កាត់ទោស​ជន​សង្ស័យ​លឿន​រហ័ស​ដូច​ផ្លេកបន្ទោរ មើល​ធ្លុះ​អស់​ការពិត ច្បាស់លាស់ និង​មិនបាន​ឆ្លងកាត់​ការ​សួររក​ខុស​នឹងត្រូវ ព្រមទាំង​មិនបាន​ថ្លឹងថ្លែង​អ្វី​ទាល់តែសោះ ។​

​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​បាន​ស្គាល់​ការវិវត្ត​ចាប់តាំងពី​យុត្តិធម៌​តាមបែប​អ​បិ​យ​ជំនឿ​សម័យអង្គរ  បន្ទាប់មក​យុត្តិធម៌​តាមបែប​ពិចារណា​រកហេតុ​នឹង​ផល​តាមបែប​ខ្មែរ យុត្តិធម៌​ខ្មែរ​តាមច្បាប់​សម័យ​កណ្តាល  យុត្តិធម៌​សម័យ​ទំនើប​ចាប់ពី​អាណាព្យាបាល​បារាំង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ លើកលែងតែ​សម័យ​ខ្មែរក្រហម​ដែល​កាត់ទោស​ដោយ​គ្មាន​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​ត្រឹមត្រូវ ព្រមទាំង​បំពារបំពាន​សិទ្ធិមនុស្ស​ដល់​ឫសគល់​។

​ការកាត់ទោស​ដោយ​ប្រើ​ហិង្សា​សងសឹក​ដោយ​មហាជន គឺជា​គំរូ​យុត្តិធម៌​សម័យ​ជាង ៤០០០ ឆ្នាំមុន គ​.​ស ឬ សម័យ​ប្រើ​ច្បាប់ តា​ល្យុ​ង (Talion) ឬ​ជា​យុត្តិធម៌​ដែលមាន​អត្ថិភាព​នៅឡើយ​តាម​បណ្តា​ប្រទេស​មួយចំនួន ហើយ​កំពុង​ឆ្លុះបញ្ចាំង​អំពី​ការអនុវត្ត​ទស្សនៈ “​កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប ” ។ គ្រាន់តែ​កើតមក​មាន​រូបរាង​ជា​សត្វ​ពស់ ក៏​ត្រូវគេ​សម្លាប់ ដោយ​ចាត់ទុកថា​ជា​សត្វ​តិរច្ឆាន​ពី​កំណើត​បាត់ទៅហើយ ដោយ​មិន​ខ្វល់​ថា​ពស់​នោះ​មាន​ពិស ឬ​គ្មាន​ក៏ដោយ ឬ​ជាស​ត្វ​ផ្សេង​ប្រហាក់ប្រហែល​នឹង​សត្វ​ពស់​នោះទេ​។​

 ងាក​មក​មើល​ទិដ្ឋភាព​ជាក់ស្តែង​វិញ ជួន​ពេលខ្លះ​ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដូច​ការចោទប្រកាន់​មែន ជួន​ពេលខ្លះ​មិនបាន​ប្រព្រឹត្ត  ឬ​ពេលខ្លះ​អំពើ​ប្រព្រឹត្ត​បង្ក​ព្យសនកម្ម​តិចតួច​មិន​រហូតដល់​រងរបួស ឬ​ស្លាប់បាត់​បង់ជីវិត​នោះទេ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី តុលាការ​មហាជន តែងតែ​សម្រេចសេចក្តី​តាមបែប​ហិង្សា​លឿន​រហ័ស​ដោយ​ប្រើ​រន្ទះ​ជើង ជង្គង់ កណ្តាប់ដៃ កែងដៃ ដុំថ្ម ដំបង កៅអី ។​-​ល​-​។ ដោយ​មិន​សួររក​ការពិត​។ នៅក្នុង សវនាការ​នៃ​តុលាការ​មហាជន យើង​ឮ​តែ​សំឡេង​សម្រែក​ដូចជា “​ខ្ញុំ​ឈប់​ហើយ​ទុក​ជិវិត​ឲ្យ​ខ្ញុំ​ផង​” “​ដាក់​វា​ទៅ​ឲ្យ​សម​មុខ​វា​” “​អៃ​យ៉ូយៗ​ៗ​” “​ឈឺ​ណាស់​” “​ផូង​” “​ផាំង​” ជាដើម ជំនួស​ឲ្យ​ពាក្យ​សួររក​ដំណើរ​ដើមទង​នៃ​ហេតុការណ៍​ឲ្យ​បានច្បាស់លាស់ ដូចជា​ពាក្យ​ថា “​កើត​អ្វី​?” “​នៅពេលណា​?” “​នៅទីណា​?” “​កើតឡើង​ដូចម្តេច​?” “​ដោយ​អ្នកណា​ទៅលើ​អ្នកណា​?” “​មួយណា​?” “​ហេតុអ្វី​?” ជាមុនសិន​។ ទន្ទឹមនឹង​នេះដែរ តុលាការ​មហាជន ថែមទាំង​មានការ​ថត​ផូស (Post) ឬ​ផ្សាយ​ផ្ទាល់​ក្នុង​បណ្តាញ​សង្គម​ដូចជា Facebook ជាដើម និង​បានបង្ហាញ​នូវ​រូបភាព​រន្ធត់​ដែល​មិន​ជាទី​គយគន់ និង​ជាការ​រំលោភបំពាន​លើ​សិទ្ធិ​បុគ្គល ជនរងគ្រោះ ជនសង្ស័យ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ជាដើម​។​

​តុលាការ​មហាជន ដែល​កាត់សេចក្តី​ស្វែងរក​យុត្តិធម៌​ដ៏​សែន​លឿន​នេះ គឺ​ពេលខ្លះ​បណ្តាល​ឲ្យ​ជនសង្ស័យ​ទ្រ​ហ៊ោ​យំ រងរបួស ស្លាប់បាត់​បង់ជីវិត​ក៏មាន ជាជាង​ទុក​ឱកាស​ឲ្យ​គេ​កែខ្លួន  និង​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិរ​បស់ជនស​ង្ស័​យ​ផងដែរ​។ ទ្រព្យសម្បត្តិ​ជា​ម៉ូតូ ឬ រថយន្ត ជាដើម ដែលជា​មធ្យោបាយ​បម្រើ​ដល់​ការប្រព្រឹត្ត​បទល្មើស​របស់​ជនសង្ស័យ ឬ ជនល្មើស​មិនគួរណា​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​មហាជន​នោះទេ ពីព្រោះថា​ទ្រព្យសម្បត្តិ​ទាំងនោះ គឺជា​កម្មវត្ថុ​នៃ​ការយកទៅ​ទូទាត់​សង​សំណង​ដល់​ជនរងគ្រោះ និង​ជា​កម្មវត្ថុ​នៃ​ការ​រឹបអូស​ចូល​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ការពិន័យ​ជា​ប្រាក់​។ ការសម្លាប់​ជនសង្ស័យ​នឹង​នាំ​ឲ្យ​ជនសង្ស័យ​ដទៃទៀត​រួចខ្លួន ត្បិត​អី​ភស្តុតាង​ដ៏​សំខាន់​ដែលជា​មូលដ្ឋាន​ក្នុងការ​ស៊ើបអង្កេត​បន្ត​បាន​រលាយ​បាត់ទៅហើយ​។​

​ប្រសិនបើ​យើង​ក្រឡេកមើល​តែមួយ​ភ្លែត ការ​កាត់សេចក្តី​ដោយ​ប្រើ​អំពើហិង្សា​នេះ​បាន​គោរព​បានល្អ​ប្រសើរ​ណាស់​នូវ​គោលការណ៍​មិន​រើស​អើ​សទាំង​ជាតិ​សាសន៍ ពណ៌​សំបុរ អាយុ ចាស់ ក្មេង ប្រុស​ស្រី ឋានៈ  វណ្ណៈ​សង្គម រហូតដល់​ជនសង្ស័យ​រងរបួស​ជា​ទម្ងន់ ឬ ស្លាប់​បង់​ក៏មាន ហើយ​ខូចខាត​សម្ភារៈ និង​សិទ្ធិ​ផ្សេងៗ ក៏ត្រូវ​បាន​បំពាន​បន្ថែមទៀត​។ ការកាត់ទោស​ដោយ​តុលាការ​មហាជន បែបនេះ មិន​ត្រឹមតែ​មិនបាន​ជួយ​ដល់​ជនរងគ្រោះ​ពិតប្រាកដ​នោះទេ តែ​ផ្ទុយទៅវិញ​បាន​បំផ្លាញ​ផលប្រយោជន៍​របស់​ជន​រងគ្រោះ ឬ​ដាក់បន្ទុក​ធ្ងន់​មួយ​បន្ថែមទៀត​ដល់​ជនរងគ្រោះ​។ នេះ​ឬ​ដែល​ហៅថា​យុត្តិធម៌​ដែល​សង្គម​កម្ពុជា​ចង់បាន​?

​ជា​សត្យានុម័ត ដំបៅ​ត្រូវការ​ព្យាបាល មិនមែន​ត្រូវយក​ឡា​ម​មក​កាត់​សាច់​ដំបៅ​ចោល​ទេ ពីព្រោះថា Émile Durkheim  ពោលថា បទល្មើស គឺជា​បាតុភូត​ធម្មតា​របស់​សង្គម ប្រៀប​ដូច​រាងកាយ​មនុ​ស្ស​ដែល​ជៀស​មិន​ផុតពី​ជម្ងឺ​ដូច្នេះ​ដែរ​។ អ្នក​ដែលមាន​ដំបៅ​លើ​រូប​រាយ​កាយ​ត្រូវការ​ការព្យាបាល​ដំបៅ​ដោយ​វិធីសាស្ត្រ​បែប​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ជាជាង​ការយក​ឡា​ម​មក​អារកាត់​ដុំ​សាច់​ដំបៅ​នោះ​ចោល ដោយ​ពុំបាន​ពិចារណា​រក​ឫសគល់​នៃ​ជម្ងឺ ឬ​ដំបៅ​នោះ​។

​នៅ​កម្ពុជា​សព្វថ្ងៃ ជីវិត​មនុស្ស​ពិតជា​ផុយស្រួយ​ណាស់ ព្រោះតែ​ស្ថិត​តែ​នៅលើ​បបូរមាត់​អ្នកដទៃ​ជា​ពលរដ្ឋ​សាមញ្ញ កម្មករ កសិករ អាជីវករ អ្នករត់​ម៉ូតូ ឬ​រ៉ឺម៉ក់ ខ្លះ​ចេះអក្សរ ខ្លះ​មិនចេះ​អក្សរ ដោយ​គ្រាន់តែ​ស្រែកថា ចោរៗ ជាដើម​។ តើ​ឯណា​ទៅ​ពាក្យ​ថា ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជា​ពូជ​ថ្លៃថ្នូរ ជា​អ្នកប្រតិបត្តិ​នូវ​ព្រះពុទ្ធសាសនា ជា​ពលរដ្ឋ​ល្អ និង​ជា​ប្រជាជាតិ​ដែលមាន​វប្បធម៌​ចំណាស់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។ អំពើ​កាត់ទោស​ក្រោមរូបភាព​ខាងលើ គឺជា​អំពើ​ដែល​មិន​ខុសពី​អំពើ​ក្នុងសម័យ​ខ្មែរក្រហម​នោះទេ ដែល​នាកាល​សម័យ​នោះ ជន​ដែល​គ្រាន់តែ​គេ​ចោទ ឬ​សង្ស័យ​តិចតួច ត្រូវបាន​គេ​នាំទៅ​កាត់សេចក្តី​គ្មាន​ផ្អែកលើ​ច្បាប់ គ្មាន​ឆ្លងកាត់​នីតិវិធី​ពិភាក្សា​ដេញដោល​សួររក​ខុសត្រូវ និង​ថ្លឹងថ្លែង​រវាង​អំពើ​ល្មើស​និង​ទណ្ឌកម្ម​នោះទេ​។​

​បទល្មើស​ប្រឆាំងនឹង​ទ្រព្យសម្បត្តិ ដូចជា​លួច ឆក់ ជាដើម​នៅ​តូចតាច​ណាស់ បើ​ធៀប​នឹង​បទល្មើស​ប្រឆាំងនឹង​មនុស្ស​ដូចជា ហិង្សា​ដោយ​ចេតនា ការធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដោយ​ចេតនា ឬ​អ​ចេតនា ផ្ទុយទៅវិញ​អំពើ​ដ៏​គ្រោះថ្នាក់​ធំ​នោះ គឺ​ហិង្សា​ប្រព្រឹត្ត​ដោយ​មនុស្ស​ជា​សមូហភាព​ដោយ​ប្រើ​រន្ទះ​ជើង ជង្គង់ កណ្តាប់ដៃ កែងដៃ ដុំថ្ម ដំបង ដោយ​គ្មាន​សួររក​ខុស ឬ​ត្រូវ​ជាមុន​ទាល់តែសោះ​។ ខុសពី​សត្វ​កណ្តុរ​ដែល​ត្រូវ​មនុស្ស​ប្រហារជីវិត​បង់​ដោយសារ​បាន​លួច​ចំណី​បន្តិចបន្តួច មនុស្ស​មិនគួរ​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម ឬ​វាយ​ឲ្យ​រង​បួស ឬ​ស្លាប់​ដោយសារ​គ្រាន់តែ​បាន​ប្រព្រឹត្ត​អំពើ​តូចតាច​ដូចជា​លួច ឬ​ឆក់ នោះទេ​។ ម្យ៉ាងទៀត ជា​ស្វ័យប្រវត្តិ ក្នុងពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាអាទិ៍ ជនសង្ស័យ​ដែល​បង្ក​គ្រោះថ្នាក់​តែងតែ​រត់គេចខ្លួន​ពី​តុលាការ​មហាជន ក្នុង​គោលបំណង​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយ​ដែល​មានន័យ​ស្មើនឹង​ការរត់​គេចខ្លួន​ពី​ការទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ឬ​រដ្ឋប្បវេណី​ផងដែរ​។ មិន​ត្រឹមតែ​បទល្មើស​តូចតាច​ទេ សូម្បីតែ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ដ៏​សែន​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​ខ្មែរក្រហម​រួមមាន ខៀវ សំផន​, នួន ជា និង​ឌុ​ច ក៏​ទាមទារ​ឲ្យ​មាន​តុលាការ​ជំនាញ​មួយ​ច្បាស់លាស់​សួរដេញដោល​រក​ការពិត​ផងដែរ​។​

​តាមពិតទៅ តុលាការ​មហាជន គឺជា​ទម្រង់​នៃ​ការសង​សឹក​ជា​សមូហភាព​ទៅលើ​ជន​មួយក្រុម​ដែល​តូច​ជាង​ខ្លួន ដោយ​ការប្រើ​កំហឹង ជាជាង​ស្វែងរក​ការពិត​នៃ​ហេតុការណ៍​។ ពិតណាស់ថា ការការពារ​សន្តិសុខ   សណ្តាប់ធ្នាប់​សាធារណៈ​មិនអាច​ល្អឥតខ្ចោះ​នោះទេ ពីព្រោះថា បទល្មើស គឺជា​បាតុភូត​ធម្មតា​របស់​សង្គម ដូច​បាន​រៀបរាប់​ខាងលើ​។

​ការណ៍​នេះ​អាចជា​ហេតុ​នាំ​ឲ្យ​មហាជន​គិតថា អាជ្ញាធរ​សាធារណៈ ឬ​តុលាការ​របស់​រដ្ឋ មិនបាន​បំពេញការងា​របស់ខ្លួន​ឲ្យ​បាន​ពេញលេញ និង​ត្រឹមត្រូវ​។ ការសម្រួល​ឲ្យ​មានការ​សងសឹក​ជា​សមូហភាព​នេះ​កើតឡើង ដោយ​មិនមាន​ការទប់ស្កាត់ មានន័យ​ស្មើនឹង​ការលើកទឹកចិត្ត​នូវ​ការស្វែងរក​យុត្តិធម៌​ដោយ​ខ្លួនឯង​និង​មាន​វិ​សមាមាត្រ​រវាង​អំពើ​ល្មើស​និង​ទណ្ឌកម្ម ដែលជា​ហេតុ​បង្ក​ឲ្យ​សង្គម​ចលាចល ហើយ​ច្បាប់ទម្លាប់​គ្រប់គ្រង​ត្រូវបាន​គេ​បំភ្លេចចោល ឬ​ស្មើនឹង​ការយក​សាំង​ទៅ​ចាក់​ពន្លត់ភ្លើង​ដូច្នេះ​ដែរ​។ ហេតុនេះហើយ​បានជា គេ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​តុលាការ​របស់​រដ្ឋ ដើម្បី​ជៀសវាង​ការស្វែងរក​យុត្តិធម៌​ដោយ​ខ្លួនឯង​។​

​អំណឹះតទៅ ការបន្ត​ជំរុញ​ការកសាង​ទំនុកចិត្ត​របស់​មហាជន​មកលើ​ប្រព័ន្ធយុត្តិធម៌​ដែលមាន​ស្ថាប័ន​នគរបាល​យុត្តិធម៌ និង​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ស្នូល គឺជា​រឿង​ចាំបាច់ និង​បន្ទាន់​។ ចាំបាច់ និង​បន្ទាន់ គឺ​ដើម្បី​ធានា​ការពារ​អាយុជីវិត បូរណភាព​រូបរាងកាយ សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ កិត្តិយស ទ្រព្យសម្បត្តិ​របស់​ពល​រដ្ឋ​គ្រប់រូប​ក្នុង​ភាព​ស្នើ​គ្នា​ចំពោះមុខ​ច្បាប់ និង​ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ដោយ​អនុលោម​តាម​បទដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​។ អន្តរាគមន៍​របស់រ​ដ្ឋ​បែបនេះ គឺធ្វើឡើង​ដើម្បី​សម្រាប់​ជាការ​អប់រំ​ដល់​ពលរដ្ឋ និង​ជាការ​បង្ហាញ​អំពី​ការមិន​លើកទឹកចិត្ត​ដល់​តុលាការ​មហាជន តាមរយៈ​ការចាប់​សមាជិក​តុលាការ​មហាជន និង​ជនល្មើស​លួច ឆក់ ប្លន់ ជាដើម មក​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ ការស្វែងរក​ការពិត និង​ការដាក់ទណ្ឌកម្ម​ឲ្យ​សមស្រប គឺជា​បេសកកម្ម​ដ៏​លំបាក​មួយ និង​ទាមទារ​ជំនាញ​បច្ចេកទេស​ពី​​ស្ថាប័ន​ជំនាញ​ដែលមាន​តុលាការ​ជា​ស្ថាប័ន​ស្នូល​។ ម្យ៉ាងទៀត អន្តរាគមន៍​របស់​ស្ថាប័ន​នគរបាល​យុត្តិធម៌ គឺ​គួរ​ធ្វើ​ឲ្យ​បាន​ភ្លាមៗ តាម​ដែល​អាចធ្វើ​ទៅបាន នៅតាម​ទីតាំង​កើតហេតុ​នានា​។ ស្រប​ជាមួយគ្នានេះដែរ ការកម្រិត​នៅលើ​សេរីភាព​សារព័ត៌មាន​ដែល​ផ្សាយ​អំពី​សវនាការ​នៃ​តុលាការ​មហាជន គឺជា​រឿង​ចាំបាច់ និង​បន្ទាន់​ផងដែរ​។

​បើ​ពុំ​ដូច្នេះ​ទេ អត្ថិភាព​នៃ​តុលាការ​មហាជន គឺ​ស្នើ​នឹង​គ្មាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ហើយ​អំពើ​អយុត្តិធម៌​កាន់តែ​មាន​ច្រើន និង​កាន់តែ​រីក​ធំ​។ ដូចគ្នា​ដែរ មិនមាន​ឡើយ​យុត្តិធម៌ ដរាបណា​ការជំនុំជម្រះ​ក្តី​ក្នុង​គ្រប់​ទម្រង់​ដូចជា តុលាការ​មហាជន ជាអាទិ៍ ពុំបាន​ស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត និង​ទណ្ឌកម្ម​មួយ​សមស្រប​៕

(​នេះ គឺជា​អត្ថបទ​ស្សនៈ​របស់លោក ចក សម្បត្តិ នៃ​សមាគម​សាលា​ត្រាជូ​)


Tag:
 តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com