ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​៖ ៤៥​ប្រទេស​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ឲ្យ CNRP រស់​វិញ​

ជាតិ
ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​៖ ៤៥​ប្រទេស​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ឲ្យ CNRP រស់​វិញ​
22, Mar 2018 , 4:47 pm         47713
រូបភាព
រូបភាព៖ កិច្ចប្រជុំលើទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២0១៨
រូបភាព៖ កិច្ចប្រជុំលើទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២0១៨
​ភ្នំពេញ​៖ ប្រទេស​៤៥ បាន​យក​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ ដើម្បី​រៀបរាប់​ពី​វិបត្តិ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ នៅ​កម្ពុជា​។ ពួកគេ យល់ថា ដើម្បី​ដោះស្រាយ​វិបត្តិ​ធ្ងន់ធ្ងរ​នេះ លុះត្រា​តែដោះលែង​មេបក្ស​ប្រឆាំង និង​បើកផ្លូវ​ឲ្យ​បក្សប្រឆាំង ធ្វើ​សកម្ម​ឡើងវិញ មុន​ការបោះឆ្នោត មកដល់​។ តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ចាត់ទុក ការវាយប្រហារ​កម្ពុជា ក្នុង​កិច្ចប្រជុំ​នេះ ថា​ធ្វើ​ខុស​របៀបវារៈ ហើយ​បាន​ហៅ​ទង្វើ​របស់​ប្រទេស​ទាំង​៤៥ ថាជាការ​លូកដៃ​ចូល​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។



​ប្រទេស​៤៥ ដោយមាន ណូ​វែ​ល ហ្សេ​ឡង់​ដ៍ ជា​តំណាង បាន​ចងបាច់​គ្នា​ជា​ក្រុម ហើយ​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ស្តីពី​ស្ថានភាព​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ជូន​អង្គប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២0១៨​។ តាមរយៈ​សេចក្តីថ្លែងការណ៍ ប្រទេស​៤៥ បាន​ស្តីបន្ទោស​រដ្ឋាភិបាល​កម្ពុ​ជា​ថា ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្លាក់ចុះ​យ៉ាងគំហុក ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។

​អ្វីដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង​៤៥ រឹតតែ​ព្រួយបារម្ភ គឺ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ការដក​សិទ្ធិ​នយោបាយ​ពី​ថ្នាក់ដឹកនាំ​ទាំង​១១៨​រូប​នៃ​គណបក្ស​នេះ និង​ការបន្ត​ឃុំ​លោក កឹម សុខា ក្នុង​ពន្ធនាគារ ខណៈ​ការបោះឆ្នោត​ថ្នាក់ជាតិ ជិត​ឈាន​មកដល់​។ ប្រទេស​ទាំងនោះ យល់ថា ដើម្បី​ស្រោចស្រង់​ប្រជាធិបតេយ្យ ហើយ​ដើម្បី​ធានា​ការបោះឆ្នោត​នាពេល​ខាង ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ លុះត្រាតែ​ក្រុមប្រឆាំង ទទួលបាន​នីតិ​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា និង​ការ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​។

​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស (37th Session of the Human Rights Council) របស់​អង្គការ​សហ​ប្រជា​តិ ដែលមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​ជុំវិញ​ពិភពលោក តំណាង​នៃ​ប្រទេស​ ណូវែ​ល សេ​ឡង់ដ៍ បាន​ឡើង​អាន​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា​៖«​យើង សុំ​អំពាវនាវ ឲ្យ​ដោះលែង​អ្នកទោសនយោបាយ​នៅ​កម្ពុជា​ទាំងអស់​ជាបន្ទាន់ រួមទាំង​លោក កឹម សុខា និង​សុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ងើបឡើង​វិញ​។ សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឲ្យ​បាន​លឿន ជៀសវាង​យឺត​ពេល ដើម្បី​ធានាថា ការបោះឆ្នោត​ឆ្នាំ​២0១៨ អាច​ជឿ​ទុកចិត្តបាន​។ ដំណើរការ​បោះឆ្នោត ដែល​បក្សប្រឆាំង ត្រូវបាន​ដកចេញ​តាម​អំពើ​ចិត្ត ពុំ​អាច​ចាត់ទុកថា មាន​ភាពត្រឹមត្រូវ ឬ​ស្របច្បាប់​បានទេ​»​។

​តាមរយៈ​សេ​ក្តី​ថ្លែងការណ៍ ប្រទេស​ខាងលើ ក៏​ទាមទារ​ឲ្យ​បើកផ្លូវ​ដល់​ថ្នាក់ដឹកនាំ​១១៨​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​នយោបាយ​ដូច​មុន ហើយ​ផ្តល់​អាសនៈ​ដល់​សមាជិក​ទាំងអស់​នៃ​គណបក្ស​នេះ​ឡើងវិញ​។ លើសពីនេះ ប្រទេស​ទាំងនោះ ក៏​ឆ្លៀត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ដល់​ក្រុម​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ ក្នុងការ​បំពេញការងា​រ​របស់​ពួកគេ​។ ប្រទេស​ទាំងនោះ សង្កត់ធ្ងន់​បែបនេះ​ថា​៖«​យើង នឹង​ពិចារណា​បន្ថែមទៀត ប្រសិនបើ​ស្ថានការណ៍​សិ​ទិ្ធ​មនុស្ស មិនមាន​ភាពប្រសើរឡើង នៅមុន​ការបោះឆ្នោត​»​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ដោយមាន​លោក ណី សំអុល ជា​ឯកអគ្គរាជទូត និង​ជា​តំណាង បានចេញ​សេចក្តីថ្លែងការណ៍ ដើម្បី​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​របស់​ប្រទេស​ទាំង​៤៥​នោះ​។ តំណាង​កម្ពុជា បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ​ថា​៖«​កម្ពុជា ច្រានចោល​ទាំងស្រុង​នូវ​សេចក្តីថ្លែងការណ៍ ដែលមាន​ចរិត​នយោបាយ និង​បង្កប់​ទៅដោយ​បំណង​អាក្រក់ ដើម្បី​រារាំង​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ការពារ​ច្បាប់ និង​ការថែរក្សា​សណ្តាប់ធ្នាប់ រួមទាំង​ការលើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ សម្រាប់​ប្រជាជន​របស់ខ្លួន​»​។

​តាមរយៈ​សេចក្តីថ្លែងការណ៍ តំណាង​កម្ពុជា បានចាត់ទុក​ទង្វើ​រប​ស់​ប្រទេស​ទាំង​៤៥​ថា មិនមាន​ភាពស្មោះត្រង់ និង​បំពាន​បទដ្ឋាន​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។ តំណាង​កម្ពុជា លើក​ហេតុផល​ថា របៀបវារៈ​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា នឹងត្រូវ​លើក​មក​ពិភាក្សា នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២0១៨ ប៉ុន្តែ​បែរជា​ប្រទេស​ទាំងនោះ លើក​មក​ពិភាក្សា​មុន​ទៅវិញ​។ 

​តំណាង​កម្ពុជា បាន​ប្រើពាក្យ​ធ្ងន់ៗ ដើម្បី​វាយបក​នឹង​ប្រទេស​ទាំង​៤៥ បែបនេះ​ថា​៖«​អ្វីដែល​ពុំ​ធ្លាប់​កើតមាន​ពីមុនមក​ទាល់​សោះ ថ្ងៃនេះ វា បាន​កើតមានឡើង​ហើយ ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កំពុង​ត្រូវបាន​គេ ប្រើ​ជា​រូបភាព​នយោបាយ​យ៉ាងធ្ងន់ធ្ងរ​។ រដ្ឋាភិបាល​មួយចំនួន ប្រើប្រាស់​ក្រុមប្រឹក្សា​នេះ ជា​ឧបករណ៍​នយោបាយ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​នានា រួមបញ្ចូល​ទាំង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ផងដែរ​។ បណ្តា​ប្រទេស​ទាំងនោះ បាន​រំលោភបំពាន​ដោយ​គ្មាន​ស្ទាក់ស្ទើរ​សោះឡើយ​ចំពោះ​បទដ្ឋាន ការអនុវត្ត និង​គោលការណ៍​នៃ​ក្រុមប្រឹក្សា​នេះ​»​។ 

​សហគមន៍​អន្តរជាតិ​ភាគច្រើន ហាក់​មាន​សមាន​ចិត្តជា​មួយ​បក្សប្រឆាំង ជាជាង​បក្ស​កាន់អំណាច​និង​រដ្ឋាភិបាល​កម្ពុជា​។ ក្រោយពី​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន ហើយ​បក្សប្រឆាំង​ត្រូវបាន​រំលាយចោល សហគមន៍​អន្តរជាតិ មាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាដើម បានដាក់​សម្ភា​ធ​និង​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់មក​លើ​រដ្ឋាភិបាល​កម្ពុជា​។

​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋាភិបាល​កម្ពុជា នៅតែ​ចាត់ទុក​ចំណាត់ការ​លើ​ក្រុមប្រឆាំង​ថា ស្របទៅតាម​ច្បាប់​។ រដ្ឋាភិបាល​កម្ពុជា ព្យាយាម​បង្ហាញ​ពី​ភាពរឹងមាំ​របស់ខ្លួន  ដោយ​អះអាងថា មិន​ភ័យខ្លាច​នឹង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ឡើយ​៕


Tag:
 កម្ពុជា​
  UN
  សិទ្ធិមនុស្ស​
  ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next