អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Booking.com នាំ​ថ្នាក់ដឹកនាំ​តាម​សណ្ឋាគារ​ជាង ២០០​នាក់​ទៅ​ដាំ​កូនឈើ​នៅ​បឹង​ពារាំង​
25, Mar 2018 , 1:39 pm        
រូបភាព
ដោយ:
​សៀមរាប​៖ ក្រុមហ៊ុន​ទេសចរណ៍​លំដាប់​ពិភពលោក Booking.com បានរៀបចំ​ដំណើរ​កម្សាន្ត​មួយ​នៅ​តំបន់​បឹង​ធម្មជាតិ​ពារាំង​។ នៅ​ទីនោះ ថ្នាក់​គ្រប់គ្រង​នៅតាម​បណ្តា​សណ្ឋាគារ និង​ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ​២០០​នាក់ ដែលជា​ដៃគូ​សហប្រតិបត្តិការ​រ​បស់​ក្រុមហ៊ុន Booking.com ក្នុង​ខេត្តសៀមរាប បាន​ដាំ​កូនឈើ​ជា​និមិត្តរូប បំណង​ដើម្បី​ថែរក្សា​បរិស្ថាន និង​លើ​កម្ពស់​វិស័យ​ទេសចរណ៍​សហគមន៍​។

​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន Booking.com បានរៀបចំ​ពិធី​ជួបជុំ​មួយ ដើម្បី​ថ្លែងអំណរគុណ​ដល់​ម្ចាស់​សណ្ឋាគារ​នានា​ដែលជា​ដៃគូ​រកស៊ី​របស់ខ្លួន​។ សម្រាប់​ឆ្នាំនេះ ពិធី​ដូចគ្នានេះ​បាន​ផ្លាស់ប្តូរ ដោយ​បង្វែរ​ពី​ការ​ជុំគ្នា​នៅក្នុង​សណ្ឋាគារ​នាពេល​រាត្រី មក​ធ្វើជា​លក្ខណៈ​ដំណើរ​កម្សាន្ត​បែប​ជនបទ មក​តំបន់​បឹង​ពារាំង​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ាត់ បូរី ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Booking.com​។​



​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ មីនា អ្នកគ្រប់គ្រង​នៅ​សណ្ឋាគារ និង​ក្រុមហ៊ុន​ទេសចរណ៍ បានធ្វើ​ដំណើរ​ទៅកាន់​បឹង​ពារាំង​ដោយ​ល្បឿន​យឺតៗ​តាមរយៈ​ក្បួន​គោយន្ត​។ តាមផ្លូវ ពួកគេ​មាន​ភាពសប្បាយ​រីករាយ និង​បាន​គយគន់​ទេសភាព​ដ៏​ត្រកាល ចេញពី​វាល​ដំណាំ និង​វាលស្រែ​របស់​អ្នកភូមិ​។




​លោក ប៉ាត់ បូរី ប្រធាន​តំបន់​ក្រុមហ៊ុន Booking.com ប្រចាំ​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា បានឱ្យដឹងថា កម្មវិធី​ជួបជុំ​នៅ​ឆ្នាំនេះ គឺមាន​ភាព​អស្ចារ្យ និង​ប្លែក​។ លោក​បន្ថែមថា ឆ្នាំនេះ​ដៃគូ​សហប្រតិបត្តិការ​រ​បស់​ក្រុមហ៊ុន Booking.com មានការ​ប្លែក​អារម្មណ៍ ព្រោះ​បានឃើញ​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នៅ​បឹង​ពារាំង និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ និង​បាន​ដាំ​កូនឈើ​ជា​និមិត្តរូប​។ លោក​ពន្យល់ថា មូល​ហេតុដែល​ក្រុមហ៊ុន​លោក ជ្រើសរើស​ដំណើរ​កម្សាន្ត​មក​បឹង​ពារាំង គឺ​ដើម្បី​ជួយ​សហគមន៍ ក៏ដូចជា​ផ្សព្វផ្សាយ​ពីស​ក្កា​នុព​ល​ទេសចរណ៍​ទីនេះ ដល់​ភ្ញៀវទេសចរ​បាន​ស្គាល់​ផងដែរ​។​

​ប្រធាន​សហគមន៍​បឹង​ធម្មជាតិ​ពារាំង លោក គង់ មង្គល បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Booking.com មក​រៀបចំ​ពិធី​ដាំ​កូនឈើ​នៅ​តំបន់​របស់លោក​។ លោក​ពន្យល់ថា សកម្មភាព​នេះ​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​របស់​វិស័យ​នានា ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​បឹង​ពារាំង​។ លោក មង្គល រំពឹងថា តទៅ​មុខ នឹងមាន​សកម្មភាព​បែ​ប​នេះ​ក្នុង​សហគមន៍​របស់លោក ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឱ្យមាន​ការអភិវឌ្ឍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​កាន់តែច្រើន ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​សហគមន៍​ជ្រាវ​។​



​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Booking.com សព្វថ្ងៃ​មាន​អាយុ​២១​ឆ្នាំ ក្រោយ​បង្កើត​នៅ​ឆ្នាំ​១៩៩៦ ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ប្រទេស ហូ​ឡង់​។ ក្រុមហ៊ុន​នេះ​មាន​ការិយាល័យ ១៩០​ប្រទេស មាន​បុគ្គលិក​សរុប ១៥,០០០​នាក់ ដែល​នៅ​កម្ពុ​ជាមាន ១១​នាក់  និង​មាន​ស្នាក់ការ​កណ្តាល​នៅ​ខេត្ត សៀមរាប​៕













(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com