បទវិភាគ
ជម្លោះ​របស់​អ្នកនយោបាយ បណ្តាល​ឲ្យ​ជាតិ​បែកបាក់​
25, Mar 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​ប្រទេសមួយ អ្នកនយោបាយ គឺជា​បុគ្គល ដែលមាន​ឥទ្ធិពល​ខ្លាំងណាស់ សម្រាប់​ប្រជាពលរដ្ឋ​។ ហេតុដូច្នេះ បើ​អ្នកនយោបាយ មិនត្រូវ​គ្នា ប្រជាពលរដ្ឋ ក៏​អាច​ញែក​ចេញពី​គ្នា​ដែរ ហើយ​ទីបំផុត នាំ​ឲ្យ​ជាតិ​ទាំងមូល បែកបាក់​។



​គេ​អាច​មើលឃើញ​ទិដ្ឋភាព​ប្រទេសជាតិ​មួយ​ទាំងមូល​ថា មាន​សាមគ្គីភាព ឬក៏​បែកបាក់ ដោយ​ការ​សម្លឹង​ទៅលើ​ទំនាក់ទំនង​រវាង​អ្នកនយោបាយ និង​អ្នកនយោបាយ​។ ប្រសិនបើ​អ្នកនយោបាយ ធ្វើ​នយោបាយ​ព្រោះតែ​គំនុំគុំកួន ហើយ​ប្រឹង​យកឈ្នះ​ចាញ់​ស្លាប់​រស់​ជាមួយគ្នា​នឹង​គ្នា គេ​ច្បាស់​ជា​អាច​សន្និដ្ឋានបាន​ភ្លាម​ថា ប្រជាពលរដ្ឋ​ក្នុងស្រុក​នោះ ក៏​មិន​ចុះសម្រុង​គ្នា​ដែរ ហើយ​អស្ថិរភាព​នយោបាយ ច្បាស់​ជា​កើតឡើង​ជាមិនខាន​។ 

​វា​ជា​រឿង​ពិបាក​បំផុត ដែល​គេ​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ មាន​សាមគ្គីភាព ខណៈ​អ្នកនយោបាយ​កំពុងតែ​បែកបាក់​គ្នា​។ ការបែកបាក់​រវាង​អ្នកនយោបាយ និង​អ្នកនយោបាយ គឺជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ បែកបាក់​ដែរ ហើយ​ចុងក្រោយ វា នឹង​នាំ​ឲ្យ​ជាតិ​ទាំងមូល​បែកបាក់​យ៉ាងពិត​ប្រាកដ​។

​ដោយ​ដើរ​តាម​គន្លង​អ្នកនយោបាយ​រៀងៗ​ខ្លួន ប្រជាពលរដ្ឋ បាន​បែងចែក​ពណ៌​សម្បុរ​នយោបាយ​រវាង​គ្នា​នឹង​គ្នា​។ អ្នកខ្លះ បានចាត់ទុក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ ប្រសិនបើ​ជន​ទាំងឡាយ​នោះ​ប្រឆាំងនឹង​គោលនយោបាយ មនោ​គម​វិទ្យា​នយោបាយ និង​មេដឹកនាំ​នយោបាយ​បក្ស​របស់ខ្លួន​។

​ប្រជាពលរដ្ឋ ដែលមាន​ជំនឿ​លើ​បក្ស​នីមួយៗ បាន​ប្រកាន់​យ៉ាង​មាំ​ថា គ្មាន​បក្ស​ណា​ល្អ​ជាង​បក្ស​ខ្លួន​ទេ​។ ពួកគេ តែង​វាយប្រហារ​គ្នា​ថា បក្ស​ដទៃ គឺជា​បក្ស​បោកប្រាស់ ពុករលួយ បក្សពួកនិយម គិត​ប្រយោជន៍​បុគ្គល ប្រយោជន៍​គ្រួសារ ប្រយោជន៍​បក្ស ជាង​ប្រយោជន៍​ជាតិ​។ បើ​ប្រជាពលរដ្ឋ​ក្នុង​បក្ស​នីមួយៗ គិត​ដូច្នេះ​រៀងៗ​ខ្លួន ប្រកាន់ខ្ជាប់​យ៉ាងនេះ​ដូចៗ​គ្នា រឿង​អ្វី​ថា ប្រទេស មិន​បែកបាក់ មិន​បែងចែក​បក្សពួក និង​មិន​ស្អប់​គ្នា​?

​ទីបំផុត លទ្ធផល គឺ​ជាតិ​បែកបាក់ ហើយ​ក្លាយជា​ប្រជាជាតិ ដែល​ប្រជាពលរដ្ឋ​លែង​ជឿទុកចិត្ត​គ្នា​។ ពេលនោះ ភាពកក់ក្តៅ ដែល​ប្រជាពលរដ្ឋ​នៃ​ក្រុម​នី​មូ​យៗ បានទទួល​ពី​គណបក្ស​ដែល​ពួកគេ​ស្រឡាញ់​នោះ នឹង​ក្លាយជា «​ភាពកក់ក្តៅ​ដូច​ការ​អាំង​ផេះ​» ប៉ុណ្ណោះ​។​

​វា ល្មម​ហើយ​សម្រាប់​អ្នកនយោបាយ ដែល​គួរតែ​យក​ផលវិបាក​នៃ​ការឈ្លោះគ្នា មក​ធ្វើជា​មេរៀន ដើម្បី​ប្រែក្លាយ​ប្រទេសជាតិ​ឲ្យ​មាន​សាម​គ្តី​ភាព​។ ហើយ វា​ក៏​លើសពី​ភាព​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ដែរ ដែល​គប្បី​យល់​ឲ្យ​ច្បាស់​ថា ការទទួល​ឥទ្ធិពល និង​ការដើរតាម​វិថី​អ្នកនយោបាយ​ស្លាប់រ​ស់រៀងៗ​ខ្លួន រហូតដល់​ស្អប់ខ្ពើម​ប្រជាពលរដ្ឋ​ជាតិ​សាសន៍​ខ្លួនឯង​បែបនេះ គឺជា​ដើមចម ដែល​បណ្តាល​ឲ្យ​ជាតិ​ទាំងមូល ជួប​ការបែកបាក់​យ៉ាងធ្ងន់ធ្ងរ​៕
អត្ថបទទាក់ទង




Tag:
 អ្នកនយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com