សិល្បះ
សិល្បៈអន្តរជាតិ
អន្តរជាតិ
កំណើន​ទេសចរ​ថៃ​ទៅ​តំបន់​អាយុ​ធ្យា ក្រោយ​ការ​បញ្ចាំង​រឿង​ភាគ «​បុព្វេសន្និវាស​»
26, Mar 2018 , 12:21 pm        
រូបភាព
ដោយ: ធីតា
​រឿង​ភាគ​ថៃ «​បុព្វេសន្និវាស​» (Love Destiny) ដែល​បញ្ចាំង​នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ថៃ បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ផ្នែក​ទេសចរណ៍​ទៅកាន់​តំបន់​នៃ​សម័យកាល​អាយុ​ធ្យា (​ឆ្នាំ​១៣៥១ ដល់​ឆ្នាំ​១៧៦៧)​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត បាងកក ប៉ុស្តិ៍​។​



​ចាក់ផ្សាយ​ដំបូង​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ភាពយន្ត​ទូរទស្សន៍​រឿង «​បុព្វ​សន្និវាស​» (Love Destiny) ដែលជា​ស្នាដៃ​អ្នកនិពន្ធ​ឈ្មោះ Romphaeng រៀបរាប់​ពី​ដំណើរ​ផ្សងព្រេង​របស់​នារី​បុរាណ​វិទូ​ម្នាក់ ដែល​បាន​ជួប​គ្រោះថ្នាក់​រថយន្ត ហើយ​ព្រលឹង​របស់​នាង បាន​ចូលទៅក្នុង​ខ្លួន​នារី​ម្នាក់ទៀត ឈ្មោះ កា​រ៉ា​កេ​ត (Karakket) ក្នុង​សម័យកាល​អាយុ​ធ្យា ក្រោម​រាជ​ស្តេច Narai ពី​ឆ្នាំ​១៦៣២ ដល់​ឆ្នាំ​១៦៨៨ ។​

​ភាពយន្ត​ស្នេហា​នេះ បានបង្ហាញ​ទីតាំង​ប្រវត្តិសាស្ត្រ​ជាច្រើន​នៅ​តំបន់​ឧទ្យាន​អាយុ​ធ្យា ជាពិសេស​វត្ត Chaiwattanaram ដែលមាន​ការទាក់ទាញ​ជាងគេ​។ ឥទ្ធិពល​របស់​វា បាន​បង្កើត​ចំនួន​ទេសចរ​យ៉ាងច្រើន​កុះករ ដែល​កន្លងមក មិនសូវមាន​ឡើយ​។​

​បើតាម​កាសែត បាងកក ប៉ុស្តិ៍ អាជ្ញាធរ​តំបន់​បានសម្រេច​ពន្យា​ម៉ោង​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​នោះ ដែលជា​ទូទៅ​បើក​ពី​ម៉ោង​៨​កន្លះ​ព្រឹក ដល់​ម៉ោង​៧​កន្លះ​យប់ ប៉ុន្តែ​ក្រោយ​ការចាក់​បញ្ចាំង​រឿង «​បុព្វេសន្និវាស​» ទេសចរ​អាច​ទស្សនា​តំបន់​នោះ​រហូតដល់​ម៉ោង​៩​យប់​។​
​កំណើន​ភ្ញៀវទេសចរ បាន​ជួយ​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​រកបាន​ចំណូល​បន្ថែម​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​ជាមួយគ្នានេះ​ផងដែរ ចរាចរណ៍​មាន​កកស្ទះ​យ៉ាងខ្លាំង​។ លោក Ekkachai Saensradee នាយប៉ូលិស​ប្រចាំ​តំបន់ បាន​បញ្ជាក់ថា ប៉ូលិស​ត្រូវធ្វើ​ការបន្ថែម​ម៉ោង​ដើម្បី​សំរួល​ចរាចរណ៍ និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ណាមួយ​ដែល​អាច​កើតឡើង​ក្បែរ​តំបន់​នោះ​នាពេល​យប់​។​


«​បុព្វេសន្និវាស​» សំដែង​ដោយ​តារា​ស្រី​ថៃ​កាត់​អង់គ្លេស Ranee “Bella” Campen និង​តារា​ប្រុស Thanavat “Pope” Wattanaputti​។ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ក៏បាន​ស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ផងដែរ ឲ្យ​រក​មធ្យោបាយ​ឧបត្ថម្ភ​ការផលិត​រឿងនេះ ពីព្រោះ​វា​ផ្តល់​ផលចំណេញ​ច្រើន​ដល់​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ អ្នកទេសចរ​មួយចំនួនធំ បាននាំគ្នា​ស្លៀកពាក់​ដូចជា​តួអង្គ​នៅក្នុង​សាច់រឿង ហើយ​ពួកគេ​ទស្សនា​នៅ​តំបន់​អាយុ​ធ្យា ដោយ​មិនចាំបាច់​កាន់​សៀវភៅ «Guide Book» ទៀត​នោះឡើយ​។​

​មិន​ថា តែ​ពលរដ្ឋ​ថៃ​នោះឡើយ អ្នក​និយម​ទស្សនា​ភាពយន្ត​ថៃ នៅ​កម្ពុជា និង​ឡាវ ក៏ដូចជា​ប្រទេស​មួយចំនួនទៀត បាន​ដាច់បាយ​ដាច់ទឹក​ទស្សនា​ភាពយន្ត «​បុព្វេសន្និវាស​» នេះ​ផងដែរ ៕


Tag:
 ភាពយន្ត​
  អាយុ​ធ្យា
© រក្សាសិទ្ធិដោយ thmeythmey.com