ពីនេះ ពីនោះ
តើ​អ្នក​ស្គាល់​ត្រី​ជិត​ផុត​ពូជ​ក្នុង​ទន្លេមេគង្គ​ប៉ុន្មាន​ប្រភេទ​?
16, Apr 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ទឹងត្រែង​៖ ក្រុមការងារ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល រួម​ដំណើរ​ដោយ​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន និង​សហការី​នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) project បានធ្វើការ​សិក្សា​ស្ទង់​មតិ​មួយ ស្តីអំពី​ការយល់ដឹង​របស់​ប្រជា​នេសាទ ចំពោះ​បរិស្ថាន​អេកូឡូស៊ី​នៃ​ប្រភេទ​ត្រី​ធំៗ ដែលមាន​រស់នៅក្នុង​ទន្លេ​មគ​ង្គ និង​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ ដូចជា​៖ ត្រី​រាជ (Pangasianodon gigas); ត្រី​គល់រាំង (Catlocarpio siamensis); ត្រី​ពោ​ព្រុយ (Pangasius sanitwongsei); ត្រី​បង់​ឡាវ (Pangasius krempfi); ត្រី​ត្រសក់ (Probarbus jullieni); ត្រី​បបែល​យក្ស (Himantura polylepis); ត្រី​ស្ទក់ (Wallago lerii); ត្រី​ប៉ា​សា​ណាក (Aaptosyax grypus); ត្រី​ក្អែក (Labeo chrysophekadion); និង ត្រី​ស្រោមដាវ (Luciocyprinus striolatus) ។ ការសិក្សា​ស្ទង់​មតិ​នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅតាម​ដង​ទន្លេមេគង្គ និង​ដៃទន្លេ​ទាំងបី​របស់​វា មានដូចជា ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក​។​



​លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ប្រធាន​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការស្ទង់មតិ​នេះ គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​ជីវចម្រុះ​ដែល​កំពុង​រងគ្រោះ​នៃ​ទន្លេមេគង្គ ជាពិសេស ប្រភេទ​ត្រី​រងគ្រោះ​។ លោក​មានប្រសាសន៍ថា​៖«​ព័ត៌មាន​ដែល​យើង​ប្រមូលបាន អាច​ប្រើប្រាស់​ដើម្បី​កំណត់​អត្តសញ្ញាណ​សំខាន់ៗ​នៃ​ទីជម្រក​របស់​ពពួក​ត្រី​ទាំងនោះ បួ​ក​រួមទាំង​ទីកន្លែង​ពង​-​កូន និង​លាក់ខ្លួន​ក្នុង​រដូវប្រាំង​របស់​ពួកវា​ផងដែរ​។ ការការពារ​ពពួក​ត្រី​ងាយ​រងគ្រោះ​ទាំងនេះ វា​ក៏​អាចជួយ​ការពារ​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ដទៃទៀត និង​ប្រភេទ​ប្រភេទ​ត្រី​ដែលមាន​សារៈសំខាន់​ចំពោះ​ការនេសាទ​ផងដែរ​»​។ លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន បាន​បន្តទៀតថា​៖«​ក្នុងចំណោម​នោះ ក៏មាន​ប្រភេទ​ត្រី​កម្រ​ក្នុង​ពិភពលោក មានដូចជា ត្រី​ប៉ា​សា​ណាក (Aaptosyax grypus) និង ត្រី​ពោ​ព្រុយ (Pangasius sanitwongsei) ផងដែរ​។ អ្នកនេសាទ​ជំនាញ​នឹង​ជួយ​យើង​ដើម្បី​ប្រមូល​ព័ត៌មាន​ទាំងអស់នេះ​។ ពួកគេ​ដើរតួនាទី​ប្រៀបដូចជា​បណ្តាញ​អ្នកវិទ្យាសាស្ត្រ​ប្រជាពលរដ្ឋ ដើម្បី​ឃ្លាំមើល​សុខភាព​ទន្លេមេគង្គ​។​

​កញ្ញា តេ​រ៉េ​សា ខាំ​បែ​ល អ្នក​ជីវសាស្ត្រ​ត្រី មកពី​សាកលវិទ្យាល័យ ណេ​វ៉ា​ដា រ៉េ​ណូ សហរដ្ឋអាមេរិក ជាស​ហការី​ម្នាក់​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការស្ទង់មតិ​នេះ គឺ​ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​ត្រី​ធំៗ ដែល​រស់នៅក្នុង​ទន្លេមេគង្គ​។ កញ្ញា​មានប្រសាសន៍ថា​៖ «​ត្រី​ធំៗ​ទាំងនេះ វា​មា​សារៈសំខាន់​ចំពោះ​ប្រជាជន​កម្ពុជា សម្រាប់​ជា​អាហារ ជា​ប្រាក់ចំណូល និង​ជា​វប្បធម៌​ប្រពៃណី​ផងដែរ​។ យើង​ចង់ដឹង​ពី​កន្លែង​រស់នៅ និង​ការបន្ត​ពូជ​របស់​ពួកវា​ផងដែរ ដើម្បី​ឲ្យ​យើង​អាច​ថែរក្សា​ការពារ​វា​បានល្អ​»​។ កញ្ញា តេ​រ៉េ​សា បាន​បន្តទៀតថា​៖«​យើង​ក៏​ចង់ដឹង​ផងដែរ​ថា តើ​ពួកវា​នៅសល់​ប៉ុន្មាន ដូច្នេះ យើង​នឹង​អាច​ដឹង​ពី​សារៈសំខាន់​នៃ​លក្ខ​ខ័​ណ្ឌ​ជីវិត​របស់​ពួកវា និង​អាចជួយ​ការពារ​ពួកវា​បាន​។ យើង​សង្ឃឹមថា ថ្ងៃ​ណាមួយ ត្រី​ប្រភេទ​នេះ​នឹងមាន​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​»​។​

​លោក មុត លី​ត អាយុ ៥៧​ឆ្នាំ ជា​ប្រធានភូមិ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ដែលជា​ទូទៅ អ្នកភូមិ​និយាយ​ភាសា​ឡាវ ដើម្បី​ទំនាក់ទំនង​ក្នុង​ជីវិត​រស់​ប្រចាំ​ថ្ងៃនេះ បាន​បញ្ចេញ​អារម្មណ៍​រីករាយ​ស្វាគមន៍ និង​ព្រម​ចូលរួម​ជា​បណ្តាញ​អ្នកវិទ្យាសាស្ត្រ​ប្រជាពលរដ្ឋ ដើម្បី​ឃ្លាំមើល​សុខភាព​ទន្លេមេគង្គ​។ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទន្លេមេគង្គ​មានការ​ផ្លាស់ប្តូរ​ច្រើន ត្រី​មួយចំនួនធំ ពុំមាន​វត្តមាន​ដូចដែល​អ្នកស្រុក​ធ្លាប់​ចាប់បាន​ដូច​មុន​ទៀត​ទេ ឧទាហរណ៍​ត្រី​ក្អែក (Labeo chrysophekadion); ជាដើម​។​» លោក មុត លី​ត បាន​បន្តទៀតថា​៖ «​កាលដើមឡើយ បើ​មាន​ភ្ញៀវ​មកលេង​ផ្ទះ អ្នកស្រុក​គ្រាន់តែ​កាន់​មង កាន់​សំណាញ់​ចុះទៅ​ទន្លេ​មួយ​ភ្លែត នោះ​នឹង​ចាប់​ត្រី​បាន​ហូប​មិន​អស់​។ ប៉ុន្តែ បច្ចុប្បន្ននេះ មិនអាច​ទេ​។ ដូច្នេះ ខ្ញុំ​រីករាយ​ចូលរួម​ជា​បណ្តាញ​អ្នក​ឃ្លា​មើល​សុខភាព​ទន្លេមេគង្គ​»​។

​មិន​ខុសពី​លោក​មេភូមិ​ឡើយ លោក ខាំ ឃឿ​ង អាយុ ៣៧​ឆ្នាំ ជា​បុរស​ដែល​សកម្ម​ក្នុង​ការងារ​អភិរក្ស ដោយ​លោក​ធ្លាប់បាន​ចូលរួម​ជាមួយ​អង្គការ​ផ្សេងៗ ដែល​ចុះ​ទៅធ្វើ​ការងារ​អភិរក្ស​សត្វ​ស្លាប និង​សត្វចតុប្បាទ​ផ្សេងៗ​ក្នុង​តំបន់​នោះ បាន​បញ្ចេញ​អារម្មណ៍​រីករាយ​ស្វាគមន៍ និង​ព្រម​ចូលរួម​ជា​បណ្តាញ​អ្នកវិទ្យាសាស្ត្រ​ប្រជាពលរដ្ឋ ដើម្បី​ឃ្លាំមើល​សុខភាព​ទន្លេមេគង្គ ដូចដែល​លោក​ធ្លាប់​បានធ្វើ​កន្លងមក​ដែរ​។ «​ខ្ញុំ​រីករាយ​នឹងចូលរួម​ជា​បណ្តាញ​ដើម្បី​ផ្តល់ព័ត៌មាន ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ត្រី​សម្បូរ​ដូច​កាលពីមុន​វិញ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ការងារ​ស្ទង់​មតិ​របស់​ប្រជា​នេសាទ​នៅតាម​ដង​ទន្លេមេគង្គ និង​ដៃទន្លេ​ទាំងបី​របស់​វា មានដូចជា ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ ខែ​មិនា និង​រហូតដល់​ថ្ងៃ​ទៅ ៤​ខែមេសា​។​
 


​ត្រី​រាជ (Pangasianodon gigas)



​ត្រី​គល់រាំង (Catlocarpio siamensis)


​ត្រី​ពោ​ព្រុយ (Pangasius sanitwongsei)

 


​ត្រី​បង់​ឡាវ (Pangasius krempfi)


 


​ត្រី​ត្រសក់ (Probarbus jullieni)

 


​ត្រី​បបែល​យក្ស (Himantura polylepis)

 


​ត្រី​ស្ទក់ (Wallago lerii)

 


​ត្រី​ប៉ា​សា​ណាក (Aaptosyax grypus)

 


​ត្រី​ក្អែក (Labeo chrysophekadion)

 


​ត្រី​ស្រោមដាវ (Luciocyprinus striolatus)

(​ដោយៈ Chhut Chheana / USAID Wonders of the Mekong)


© រក្សាសិទ្ធិដោយ thmeythmey.com