ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ូ វីរៈ​៖ កម្ពុជា​ខិត​ទៅរក​ចិន ប៉ុន្តែ​មិន​ធ្វើជា​កូនអុក​ចិន​ឡើយ​
02, Apr 2018 , 10:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក អ៊ូ វីរៈ
រូបពីហ្វេសប៊ុកលោក អ៊ូ វីរៈ
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា កំពុង​បង្ហាញ​គោលជំហរ​នយោបាយ​ការបរទេស​ងាក​ទៅរក​ចិន​កាន់តែខ្លាំង មួយរយៈ​ពេល​ចុង​ក្រោយនេះ​។ មជ្ឈដ្ឋាន​ទូទៅ​កំពុង​ព្រួយបារម្ភ​ពី​គោលនយោបាយ​ការបរទេស​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​បង្កើន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន​។ លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ យល់ឃើញថា កម្ពុជា​ហាក់​បាត់បង់​គោលជំហរ​រប​ស់​ខ្លួន ក្នុងការ​ប្រកាន់យក​គោលនយោបាយ​អ​ព្យា​ក្រឹត្យ ក្រោយពី​មាន​សម្ពាធ​នយោបាយ​ពី​សហគម​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​។ សម្រាប់​លោក អ៊ូ វីរៈ ត្បិត​កម្ពុ​ជា​ខិត​ទៅរក​ចិន​កាន់តែខ្លាំង​មែន ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយជា​កូនអុក និង​រងគ្រោះ​ដោយសារ​ចិន​ឡើយ​។​



​ខាងក្រោម​នេះ​គឺជា​ការអត្ថាធិប្បាយ​រប​ស់លោក អ៊ូ វីរៈ ដែល​សាកសួរ​ដោយ​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និច្ច​ថ្មីៗ​៖

​លោក រំដួល ចិ​ត្រា​៖ មួយរយៈ​ចុងក្រោយ​នេះ កម្ពុជា​កំពុង​បានបង្ហាញ​រូបភាព​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​រដ្ឋាភិបាល​ចិន ក្រោយពី​មាន​សម្ពាធ​ពី​បរទេស ដូចជា​អាមេរិក​ជាដើម​។ ដូច្នេះ​បើ​សម្ពាធ​កាន់តែខ្លាំង​មកលើ​កម្ពុជា​នោះ កម្ពុជា​ក៏​កាន់តែ​ខិត​ទៅរក​ចិន​ជា​ខ្នងបង្អែក​កាន់តែខ្លាំង​ដែរ ។ តើ​វា​ជាការ​ពិតមែន​ទេ លោក អ៊ូ វីរៈ​?

​លោក អ៊ូ វីរៈ​៖ រឿងនេះ​ជាការ​ពិត​មួយ​! ប៉ុន្តែ​វា​មិនមែន​ទាំងស្រុង​ទេ ព្រោះ​បើ​កម្ពុជា​ងាក​ទៅរក​ចិន​ទាំងស្រុង កម្ពុជា​នឹង​ក្លាយជា​កូនអុក និង​ជា​ឧបករណ៍​របស់​ចិន នោះ​ប្រទេស​កម្ពុជា​ក៏​ជួបនឹង​គ្រោះថ្នាក់​ដែរ​។ ដូច្នេះហើយ​អ្នកកាន់អំណាច​របស់​យើង​សព្វថ្ងៃ​(​រដ្ឋាភិបាល​) ក៏​គាត់​មើលឃើញ​ដូច្នេះ​ដែរ ខ្ញុំ​មើលទៅ​គាត់​មើលឃើញ​ដូច​តែ​គ្នា​ទេ រឿង​គ្រោះថ្នាក់​នៃ​ការ​ក្លាយជា​កូនអុក​របស់​ប្រទេស​មហាអំណាច​មួយ​។ ដូច្នេះ​ខ្ញុំ​មើលទៅ​រដ្ឋាភិបាល ប្រាកដជា​មិន​ងាក​ទៅរក​ចិន​ទាំងស្រុង​នោះទេ​។ ហើយ​រឿង​ងាក​ទៅ​ចិន​ទាំងស្រុង​នេះ វា​មិនអាច​កើតឡើង ដោយសារ​វា​មកពី​កត្តា​ជាច្រើន​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​កត្តា​ពិភពលោក​នោះ ព្រោះ​ជប៉ុន​ជា​តួអង្គ​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា វៀតណាម​ក៏​ជា​តួអង្គ​សំខាន់​មួយ ឥណ្ឌា​នឹង​ក្លាយជា​ប្រទេសមួយ ដែលជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៣ ក្នុង​ពិភពលោក ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត ។ ទាំងនេះ​ជា​តួអង្គ​សំខាន់​នៅក្នុង​តំបន់​។ ដូច្នេះ​បើ​យើង​មើល​មែនទែន ទោះបី​មិនបាច់​និយាយ​ពី​អាមេរិក ក៏​នៅមាន​តួអង្គ​សំខាន់ៗ​ច្រើន​ទៀត ដែល​បង្ហាញថា កម្ពុជា​មិនចាំបាច់​ក្លាយជា​កូនអុក​របស់​ចិន​ទាំងស្រុង​ទេ​។​

​លោក រំដួល ចិ​ត្រា​៖ ខ្ញុំ​ចាប់អារម្មណ៍​ពាក្យ​លោក​ថា បើ​កម្ពុជា​ក្លាយជា​កូនអុក​ចិន​នោះ កម្ពុជា​នឹងរង​គ្រោះថ្នាក់​។ តើ​គ្រោះថ្នាក់​អ្វីដែល​លោក​មើលឃើញ​នោះ​?

​លោក អ៊ូ វីរៈ​៖ ជាទូទៅ​បើ​យើង​ក្លាយជា​កូនអុក គឺ​វា​រងគ្រោះថ្នាក់​នោះ ទាល់តែអ្នក​លេងអុក​បាន​យល់​។ ព្រោះ​បើសិន​យើង​ក្លាយជា​កូនអុក​គេ​ដូចជា​កូន​ត្រី​អ៊ីចឹង គេ​នឹង​រុញ​កូន​ត្រី​ឲ្យ​ក្លាយជា​ចំណី​អ្នកដទៃ ដើម្បី​ជានុ​យ​ទុក​ផ្លូវ​ឲ្យ​គេ​វាយបក​ទៅ​គូរ​ប្រកួត​វិញ​។ នេះ​ជា​ឧទាហរណ៍ ។ ដូច​គេ​ធ្លាប់​រុញ​យើង​ដែរ យើង​មើល​នៅក្នុង​ជំនាន់​ទស្សវត្ស ៦០ និង​៧០ គឺឺមហាអំណាច​សូ​វៀត អាមេរិក និង​ចិន ក៏​រុញ​ប្រទេស​វៀតណាម និង​ប្រទេស​មួយចំនួន​ផ្សេងទៀត ក្លាយជា​កូនអុក ហើយ​ក្លាយជា​គ្រោះថ្នាក់​សម្រាប់​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា​។ ឥឡូវ​បើ​យើង​មើល​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ការពិតជា​កូនអុក​របស់​ប្រទេស​មហាអំណាច ដូច្នេះ​ប្រទេស​កូរ៉េ និង​ប្រជាជន​កូរ៉េ បែកបាក់​គ្នា និង​ប្រឈម​គ្រោះថ្នាក់​ជាងគេ​។ ហើយ​បើ​មើល​លទ្ធផល​កូនអុក​នាពេល​បច្ចុប្បន្ន​នេះ យើង​មើល​លើ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង យើង​ឃើញ​លទ្ធផល​ហើយ​។​

​លោក រំដួល ចិ​ត្រា​៖ បើ​និយាយ​ពី​រឿង​កូនអុក​នេះ ខ្ញុំ​យល់​ខ្លះ​ដែរ​ថា រាល់​អុក​កូន​ត្រី ភាគច្រើន​គេ​ប្រើ​ដើម្បី​ប្ដូរ​ជាមួយ​នុយ​ធំ ដើម្បី​វាយបក​យក​ជម្នះ សម្រាប់​ប្រយោជន៍​គេ​។ ដូច្នេះ​ក្នុងន័យ​លោក​ឡើង​នេះ មានន័យ​ថាបើ​កម្ពុជា​ក្លាយជា​កូនអុក​ចិន​មែន នោះ​កម្ពុជា​នឹង​គ្មាន​ផលចំណេញ​ទេ​?

​លោក អ៊ូ វីរៈ​៖ ឲ្យ​តែ​ក្លាយជា​កូនអុក​គេ​ហើយ គេ​ចង់​ប្រើ គេ​ចង់​រុញ​ទៅណា​ក៍​បានដែរ​។ ហើយ​កូន​ត្រី​អុក គេ​ចង់​រុញ​ឲ្យ​ក្លាយជា​ចំណី​ក៏បាន ក្លាយជា​ឧបករណ៍​ព័ទ្ធ​ហ៊ុម​ក្រុម​ផ្សេងទៀត​ក៏បាន​។ ដូច្នេះ​យើង​នឹង​គ្មាន​ជម្រើស​ខ្លួន​យើង​ហើយ​។ ហើយ​បើ​យើង​មើល​ពី​អតីតកាល​របស់​យើង មានបទពិសោធន៍​ខ្លួនឯង​ច្បាស់​ហើយ កាលពី​ជំនាន់​ទស្សវត្ស​៧០ និង​៨០ ភាគី​កម្ពុជា​ឈ្លោះ​គ្នា រវាង​ខ្មែរ​និង​ខ្មែរ ដោយសារ​មួយក្រុម​ក្លាយជា​ឧបករណ៍​របស់​ក្រុម​ម្ខាងៗ​ទៀត​។ យើង​បែក​ទៅជា​បួន​ក្រុម​ធំៗ ទើប​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ ព្រោះតែ​កម្ពុជា​បែងចែក​ក្រុម​បួន ដោយមាន​ក្រុម​ចាប់យក​ចិន ក្រុម​ចាប់យក​វៀតណាម មាន​អ្នក​ចាប់យក​សូ​វៀត អ្នក​ចាប់យក​អាមេរិក និង​លោកខាងលិច ។ វា​ជា​រឿង​ជូ​ចត់​កន្លងមក​មកហើយ ដែល​យើង​ត្រូវ​រៀនសូត្រ​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​យើង​ចៀសវាង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូ​ចត់​របស់​យើង​។​

​លោក រំដួល ចិ​ត្រា​៖ ងាក​មក​គោលនយោបាយ​កម្ពុជា ជាមួយ​អាមេរិក​វិញ ត្រូវបាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លើកឡើង​កន្លងមក​ថា អាមេរិក​តែងតែ​លូកដៃ​ចូល​រឿង​នយោបាយ​កម្ពុជា និង​ដាក់​សម្ពាធ​លើ​កម្ពុជា ក្នុង​គោលបំណង​បំពេញ​ម​ហិ​ច្ច​តា​ខ្លួន និង​ដើម្បី​ប្រកួតប្រជែង​អំណាច​ជាមួយ​ចិន​ប៉ុណ្ណោះ ពោលគឺ​គ្មាន​បំណង​ពិត​ក្នុង​ការជួយជ្រោមជ្រែង​ក​ម្ពុ​ជា​ទេ​។ តើ​លោក អ៊ូ វីរៈ យល់ឃើញ​យ៉ាងដូចម្ដេច​វិញ​?

​លោក អ៊ូ វីរៈ​៖ តាំងពី​សង្គ្រាមលោកលើកទី​២​មក អាមេរិក​ក្លាយជា​ប្រទេស​មហាអំណាច​ផ្ដាច់មុខ​។ ដោយសារ​ចំណុច​នេះហើយ ទើប​អាមេរិក​មានអំណាច​ខ្លាំង និង​ចាប់ផ្ដើម​លូកដៃ​ចូល​នយោបាយ​គ្រប់​កិច្ចការ​តំបន់ គ្រប់​ភូមិភាគ​ទាំងអស់​នៅក្នុង​ពិភពលោក​។ ហើយ​ក្នុងការ​លូកដៃ​នេះ អាមេរិក​បាន​ជួយ​ប្រទេស​ច្រើន ប៉ុន្តែ​ទន្ទឹមគ្នានេះ អាមេរិក​ក៏បាន​បំផ្លាញ​ប្រទេស​ជាច្រើន​ផងដែរ ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ក្នុងនោះ​រួមមាន​ទាំង​ការបំផ្លាញ និង​សម្លាប់​មនុស្ស​ជាច្រើន​ម៉ឹឺន ច្រើន​លាន​នាក់​ផងដែរ​។ ដូច្នេះ​បើ​យើង​សិក្សា​ពី​អាមេរិក និង​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​មួយ ទើប​កម្ពុជា​យើង​អាច​យល់​។ ហើយ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​អ្នក​ស្អប់ និង​អ្នក​ស្រលាញ់​អាមេរិក​។ ខ្ញុំ​មិន​ស្រលាញ់ និង​មិន​ស្អប់​អាមេរិក​ទេ ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​ប្រទេស​កម្ពុជា​។

​ត្រង់ចំណុច​នេះហើយ​យើង​ត្រូវ​សិក្សា​ពី​អាមេរិក ក្នុងន័យ​ជាក់លាក់​ថា​តើ អាមេរិក​ពិតជា​យ៉ាងម៉េច ទាំង​ក្នុងន័យ​ភ្លឺ ទាំង​ក្នុងន័យ​ងងឹត ថា​តើ​អាមេរិក​ល្អ​កន្លែង​ណា ហើយ​ខុស​កន្លែង​ណា និង​កន្លែង​ណា​គ្រោះថ្នាក់​សម្រាប់​កម្ពុជា និង​កន្លែង​ណា​ដែល​អាមេរិក​អាចជួយ​កម្ពុជា​។

​តាម​ពិ​ចិន​ក៏​ដូចគ្នា​ដែរ ចិន​បាន​លូកដៃ​ជាមួយ​ខ្មែរក្រហម​។ ប៉ុន្តែ​ចិន​ជា​មហាអំណាច ដែលមាន​វប្បធម៌​ល្អ ក្នុង​មាន​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា និង​ទស្សន ខុង ជឺ ធ្វើ​ឲ្យ​វប្បធម៌​នយោបាយ​ចិន មានគំនិត​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ខ្លួន និង​បញ្ហា​ពិភពលោក​ដែរ​។ ដូច្នេះ​ទស្សនវិជ្ជា និង​ទស្សនវិស័យ​របស់​ចិន​នេះហើយ ទើប​អាចជា​កត្តា​មួយ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា បើទោះជា​មាន​បញ្ហា​មួយចំនួន​ដែល​ត្រូវ​សិក្សា ប៉ុន្តែ​ក៏មាន​បញ្ហា​មួយចំនួន​ដែល​អាចជួយ​កម្ពុជា​បាន​ច្រើន​។ ខ្ញុំ​មើលទៅ​មាន​បក្សប្រឆាំង និង​សង្គម​ស៊ីវិល ដែល​រិះគន់​ចិន​នោះ ខ្ញុំ​មើលទៅ​មាន​កន្លែង​ខ្លះ ចិន​មាន​ខុស​ច្រើន​ដែរ ប៉ុន្តែ​ចិន​ក៏មាន​ចំណុច​ល្អ​មក​កម្ពុជា​ដែរ​។ ដូច្នេះ​វា​គ្មាន​ជម្រើស​ទេ ក្រៅពី​សិក្សា​ស្វែងយល់ ហើយ​កុំ​គិតតែ​ពី​រឿង​ស្អប់​ងប់ និង​ស្រលាញ់​ងប់​។ ហើយ​ព្យាយាម​ងាក​មក​ស្វែងយល់​និង​ស្រលាញ់​កម្ពុជា​ឲ្យ​កាន់តែច្រើន​។ ហើយ​វា​ជា​គន្លឹះ​មួយ​ល្អ​សម្រាប់​កម្ពុជា បើសិនជា​កម្ពុជា​រៀបចំ​គោលនយោបាយ និង​មាន​ឯករាជ្យ​ជាតិ​ខ្លួន​។ ប៉ុន្តែ​បើ​គ្មាន​គោលនយោបាយ​ច្បាស់លាស់​ទេ យើង​នឹង​ក្លាយជា​ប្រទេស​រងគ្រោះ​ដោយសារ​ប្រទេស​មហាអំណាច ដូច្នេះ​វា​មិនមែនជា​កំហុស​គេ​ទេ តែ​វា​ជា​កំហុស​យើង​៕



Tag:
 អ៊ូ វីរៈ​
  ចិន​
  កម្ពុជា​
  នយោបាយ​ការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com