ពីនេះ ពីនោះ
សង្រ្កាន្តឆ្នាំថ្មី
ល្បែង​លាក់ធ្យូង ជួយ​ឲ្យ​រវាស​ក្នុង​ការមើល​ទឹកមុខ​របស់​មនុស្ស​
16, Apr 2018 , 8:19 am        
រូបភាព
​ជា​ល្បែង​ម្យ៉ាង​ដែល​ស្ថិតនៅ​ក្នុងចំណោម​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន សម្រាប់​លេង​កម្សាន្ត​សប្បាយ​ផង និង​សម្រាប់​ហាត់​មើល​អាការ​ទឹកមុខ​របស់​មនុស្ស​ផង​។ ល្បែង​នេះ អាច​លេង​បាន​ចាប់ពី​មនុស្ស​យ៉ាង​៥​នាក់​ឡើងទៅ ដោយមាន​ក្មេង ប្រុស​-​ស្រី​ជំទង់ៗ តែមាន​ប្រុស គឺ​ប្រុស​សុទ្ធ និង​ស្រី គឺ​ស្រី​សុទ្ធ​។ គេ​លេងល្បែង​នេះ​នៅពេល​ទំនេរ គេ​លេង​នៅពេល​ថ្ងៃ​ក្រោម​ម្លប់ឈើ ឬ​ទីវាល​ពេល​មេឃ​ត្រជាក់​ក៏បាន​។​



​ដំបូង​គេ​ត្រូវ​ឲ្យ​មនុស្ស​២​នាក់ អង្គុយ​សណ្តូកជើង​ទាំងពីរ ជា​ជួរ​ទន្ទឹមគ្នា និង​ផ្កាប់​បាតដៃ ឬ  ក្តោប​ដៃ​ទាំងពីរ ដាក់​លើ​ក្បាលជង្គង់​។ អ្នក​ឯទៀត​ដែល​ចូលរួម​លេង គេ​ចាត់​ម្នាក់​ជា​អ្នក​ទាយ និង​ម្នាក់ទៀត​កាន់​ធ្យូង​រឹង ១​ដុំ​តូច​ល្មម ឬ​ដុំ​ក្រួស​ក៏បាន ដើរ​ចាប់​បើក​បាត់​ដៃ របស់​អ្នក​អង្គុយ​ក្តោប​ដៃ​លើ​ក្បាលជង្គង់​នោះ ផ្អឹបៗ លៗ ដូចជា​បម្រុង​នឹងដាក់​ធ្យូង​ទៅ​បាតដៃ​អ្នក​ទាំងនោះ  រួច​ដាក់​ធ្យូង​នោះ ទៅក្នុង​ដៃ​នរណាម្នាក់ ក្នុងចំណោម​ពីរ​នាក់​ហ្នឹង​យ៉ាង​រហ័ស បន្ទាប់មក​ឲ្យ​អ្នក​ទាយ ចាំ​ទាយ​។ 
 
​កាលណា​គេ​ដាក់​ធ្យ​ង​រួចហើយ អ្នក​ទាយ ក៏​ទាយ​ថា​«​ធ្យូង​នៅក្នុង​ដៃ​អ្នកនេះ​» ថា​ចំឈ្មោះ​អ្នក​អង្គុយ​មួយណា ដែល​ខ្លួន​យល់ថា​ធ្យូង​នៅក្នុង​ដៃ​របស់គេ​។ ហើយ​អ្នក​ទាយ​នោះ ទាយ​ត្រូវមាន​សិទ្ធិ​កាន់​ធ្យូង​លាក់​ម្តង ឯ​អ្នក​ដែល​ត្រូវគេ​លាក់ធ្យូង​ក្នុង​ដៃ​រួចហើយនោះ ក្រោកឈរ​ទៅ​ចាំ​ទាយ​ធ្យូង​វិញ និង​អ្នក​ដែល​កាន់​ធ្យូង​លាក់​គ្រា​មុន​នោះ មក​អង្គុយ​សណ្តូកជើង​ត្រង់​កន្លែង​ដែល​អ្នក​ក្រោក​នោះ​វិញ តែបើ​ទាយ​មិនត្រូវ​ទេ អ្នក​ដែល​លាក់ធ្យូង​នោះ ត្រូវ​កាន់​ធ្យូង​លាក់​តទៅទៀត​៕
 
​ដកស្រង់​ចេញពី​សៀវភៅ​៖ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​» ដែល​រៀបរៀង​ដោយ​៖ លោក ចាប ពិន អ្នកស្រី ពេ​ជ្យ សល់​, លោក លី ធា​ម​តេង និង ស្តើង ឆូ​រ នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​(​ឆ្នាំ​១៩៦៤)

Tag:
 ល្បែង​ប្រជាប្រិយ
© រក្សាសិទ្ធិដោយ thmeythmey.com