ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
បើ​ធ្វើ​ឲ្យ​ជាតិ​បែកបាក់ អ្នក​នឹងរង​បាបកម្ម​ដ៏​ធ្ងន់ធ្ងរ ដោយ​គ្មាន​ថ្ងៃ​ងើប​ឡើយ
11, Jul 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖​បើ​អ្នក​បំបែកបំបាក់​ជាតិ បានន័យថា អ្នក​ក៏​កំពុង​បំបែកបំបាក់​មនុស្ស​ទូទាំង​ប្រទេស​។ ការបែកបាក់​នេះ ជាហេតុ​នាំ​ឲ្យ​មនុស្ស​ក្នុងសង្គម​រស់នៅ​ដោយ​ចងក្រង​គ្នា​ជា​ក្រុម និង​ជួយ​ជ្រោមជ្រែង​តែ​បក្សពួក​ខ្លួន ហើយ​បំភ្លេច​សុខទុក្ខ​ពលរដ្ឋ​ទូទៅ ព្រមទាំង​លែង​ខ្វល់​ពី​ប្រយោជន៍​ជាតិ​។ ការប្រកាន់​បក្សពួក​នេះ​ឯង ដែល​ធ្វើ​ឲ្យ​ជន​គ្រប់រូប​លែង​ទុកចិត្ត​គ្នា ស្អប់​គ្នា ឈ្លោះ​គ្នា ចងគំនុំ​គ្នា ព្យាបាទ​គ្នា ហើយ​ទីបំផុត​នាំ​ឲ្យ​សង្គម​កើត​ភាពវឹកវរ​ជា​រៀងរាល់ថ្ងៃ​។ ហេតុដូច្នេះ ការបំបែកបំបាក់​ជាតិ គឺជា​អំពើ​អកុសល​មួយ ដែលមាន​បាប​ជា​អនេក ដោយ​មិនអាច​គណនា បាន​សោះឡើយ​។​


 
​ពុទ្ធសាសនិក​ស្ទើរ​គ្រប់រូប តែង​ដឹង​ឮថា «​ទោស​អនន្តរិយកម្ម​» គឺជា​បាបកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ព្រះពុទ្ធសាសនា​។ ទោស​អនន្តរិយកម្ម កើតចេញពី​អំពើ​បាប​ទាំង​៥​ប្រការ គឺ ១.​សម្លាប់​ម្តាយ ២. សម្លាប់​ឪពុក ៣. សម្លាប់​ព្រះអរហន្ត ៤. ធ្វើ​ឲ្យ​ព្រះពុទ្ធ​ចេញ​លោហិត ៥. បំបែកបំបាក់​សង្ឃ​។ ឲ្យ​តែ​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ណាមួយ​ក្នុងចំណោម​ទង្វើ​ដ៏​សាហាវព្រៃផ្សៃ​ទាំង​៥​នេះ រូបគេ ប្រាកដជា​រងកម្ម​គ្មាន​ថ្ងៃ​ងើប​ឡើយ​។ 
 
​បើទោះបីជា​ការបំបែកបំបាក់​ជាតិ មិនត្រូវ​បាន​ចាត់​ចូលក្នុង​ទោស​អនន្តរិយកម្ម​ក៏ពិតមែន តែ​ទោស​នេះ ពិតជា​អំពើ​បាប​មួយ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ធម្មជាតិ​។ ជាតិ​បែកបាក់​គឺ​ដោយសារតែ​មនុស្ស​ក្នុងសង្គម មិន​សាមគ្គី​គ្នា ឈ្លោះទាស់ទែង​គ្នា គិតតែ​ដណ្តើម​ផលប្រយោជន៍ និង​ប្រកាន់​បក្សពួក​ដាច់អហង្កា​រ​។ ពេលនោះ ពួកគេ​ចាំតែ​ជាន់ពន្លិច​គ្នា​ទៅវិញទៅមក ពេល​នរណាម្នាក់​ថ្កុំថ្កើង ហើយនឹង​សើចចំអក​ដាក់គ្នា ពេល​ជន​នោះ​វិនាស​អន្តរាយ​។ ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន ករណី​ជាក់ស្តែង​បែបនេះ កំពុង​កើតឡើង​ពេញភ្នែក ឮ​ជាប់​នឹង​ត្រចៀក​។​
 
​ការបែកបាក់​ជាតិ​នេះ ជាទូទៅ​កើតចេញពី​សកម្មភាព និង​ការប្រើ​វោហា​សាស្ត្រ ដើម្បី​ឃោសនា​គំនិត​នយោបាយ ក្នុង​គោលបំណង​បំពេញ​មហិច្ឆតា​របស់ខ្លួន ឬ​បក្ស​ដែល​ខ្លួន​គាប់ចិត្ត ដិតអារម្មណ៍​។ ការផ្តល់​តម្លៃ​ខ្ពស់​ហួសហេតុ ដល់​មេដឹកនាំ​នយោបាយ​ឬ​បក្ស ដោយ​សុខចិត្ត​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្លួន​ស្អប់​គ្នា ដើម្បី​ដូរ​យក​ការគាំទ្រ​រៀងៗ​ខ្លួន​នេះ គឺជា​ដើមហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​ជាតិ​បែកបាក់ ដោយ​ចៀស​មិន​ផុត​។ ដូច្នេះ មិន​ថា​អ្នកជា​អ្នកនយោបាយ អ្នកវិភាគ​នយោបាយ សាស្ត្រាចារ្យ​នយោបាយ អ្នកគាំទ្រ​បក្សនយោបាយ អ្នកបម្រើ​នយោបាយ អ្នកដើរ​តាម​អ្នកនយោបាយ គួរតែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ «​ជាតិនិយម និង​ប្រជាជន​ជា​អាទិភាព​» ជាង​បក្ស​ឬ​បុគ្គល​ដែល​ខ្លួន​ពេញចិត្ត​។​
 
​បើ​គំនិត​និង​បំណង​របស់​អ្នក ពិតជា​ចង់​ជួយ​ជាតិ ជ្រោមជ្រែង​សាសនា និង​ស្រោចស្រង់​ប្រជាពលរដ្ឋ​មែន នោះ​អ្នកនឹង​ទទួលផល​ល្អ​។ តែបើ​គ្រាន់​បញ្ចេញ​ទ្រឹស្តី សម្ញែង​ឫក​ជា​អ្នកស្នេហាជាតិ ហើយ​ប្រកាន់​មាំ​ថា មានតែ​គោលនយោបាយ​បក្ស​ខ្លួន​ដែល​ល្អឥតខ្ចោះ មានតែ​មេដឹកនាំ​ខ្លួន​ដែល​បរិសុទ្ធ​ផូរផង់ មានតែ​ជំហរ​ក្រុម​ខ្លួន​ដែរ​រឹង​ពឹង​ឥត​ងាករេ ដោយ​មិន​ខ្វល់​ពី​ការ​បែកខ្ញែក​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ នោះ​បាបកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ ប្រាកដជា​ធ្លាក់​មកលើ​រូបអ្នក មិនខានឡើយ​។ 
 
​ជា​ឧទាហរណ៍ ក្រុម​មួយ​តែង​សប្បាយចិត្ត​ក្រៃពេក ពេល​ឃើញ​ក្រុម​ដទៃ​ដែល​ខ្លួន​មិន​គាំទ្រ បាន​ចូល​គុក ជាប់ច្រវាក់ ឬ​រងគ្រោះ​រហូត​បាត់បង់​ជីវិត ខណៈដែល​គ្រួសារ​របស់គេ​កំពុងតែ​គក់ទ្រូង ស្រែក​ទ្រហោយំ​។ ពួកគេ​ឃ្លាំ​មើលគ្នា ដោយ​មិន​ធ្មេចភ្នែក ឥត​បិទ​ត្រចៀក​ឡើយ ហើយ​ឲ្យ​តែ​បុគ្គល​ដែល​ខ្លួន​ស្អប់​រង​ទុក្ខ​វេន​ទា គេ​មុខតែ​នឹង​ស្រែក​បន្ទរ ទះដៃ​អបអរ ជាក់​ជាមិនខាន​។​
​កម្ពុជា​ធ្លាប់​ធ្លាក់​ក្នុង​អន្លង់​នៃ​វិនាសកម្ម​ជាច្រើន​សម័យកាល​មកហើយ ដោយសារតែ​ការបែកបាក់​ជាតិ ហើយ​ការបែកបាក់​នេះ​ទៀតសោត សុទ្ធតែ​ឧប្បត្តិក​ឡើង​ពី​មហិច្ឆតា​នយោបាយ តួយ៉ាង​ដូចជា របប​សាធារណរដ្ឋ​ខ្មែរ និង​របប​ខ្មែរក្រហម ជាដើម​។ មូលហេតុ​មួយ នៃ​ការកកើត​របប​ទាំងពីរ​នេះ គឺ​ដោយសារតែ​ស្រឡាញ់​ស្លាប់​រស់​ចំពោះ​អ្នកនយោបាយ និង​ចំពោះ​បក្ស​ដែល​ខ្លួន​គាំទ្រ ហួស​ពី​គ្រួសារ លើសពី​សាច់ញាតិ​បងប្អូន​។​
 
​ការសម្លាប់​ម្តាយ​ឪពុក​, ការបំបែកបំបាក់​សង្គម​សង្ឃ​, ការបំបែកបំបាក់​សង្គម​នុស្ស​, ការបំផ្លាញ​ជាតិ គឺ​សុទ្ធតែជា​អំពើ​បាប ដែល​ផ្តល់​ផលកម្ម​យ៉ាង​ធំធេង ដោយ​មិនអាច​យក​អ្វី​មក​ប្រៀបផ្ទឹម​នោះទេ​។ គ្មាន​អំពើ​បាប​ណា មាន​ទំហំ​ស្មើនឹង​អំពើ​បាប​ទាំង​នេះឡើយ​។ ហេតុដូច្នេះ អ្នក មិនត្រូវ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​តែ​ចង់បាន​អំណាច ដោយ​មិន​ខ្វល់​ពី​ការបែកបាក់​ជាតិ​នោះទេ​៕ 

Tag:
 ចូលឆ្នាំ​
  ធម៌​
  ទស្សនៈ​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com