ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ថានី ខាធើរីន បើកអាជីវកម្មច្នៃសូត្រខ្មែរធ្វើគ្រឿងបរិក្ខារ ដើម្បីបង្កើតជំនាញថ្មី និងកាត់បន្ថយចំណាកស្រុក
× សៀមរាប៖ ក្រោយបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម និងមានបទពិសោធន៍បម្រើការងារផ្នែកលក់លក្ខណៈអន្តរជាតិនៅក្រៅប្រទេស បានជំរុញចិត្តអ្នកនាង ថានី ខាធើរីន ឲ្យបើកអាជីកម្មច្នៃម៉ូតគ្រឿងបរិក្ខារពីប្រភេទសរសៃសូត្រខ្មែរ ដើម្បីបង្កើតជំនាញថ្មីដល់ពលរដ្ឋខ្មែរ ក្នុងគោលបំណងកាត់បន្ថយការចំណាកស្រុក។
អ្នកនាង ថានី ខាធើរីន ជាប្រធានគ្រប់គ្រងទូទៅនៅសិប្បកម្មនរាអង្គរ នាខេត្តសៀមរាប។ ដោយមើលឃើញពីការចំណាកស្រុករបស់ពលរដ្ឋខ្មែរទៅក្រៅប្រទេសច្រើន គួបផ្សំនឹងឱកាសមកដល់នោះ អ្នកនាង ខាធើរីន ក៏មានគំនិតបើកអាជីវកម្មច្នៃម៉ូតសម្ភារបរិក្ខារ ដែលរចនាម៉ូតពីសរសៃសូត្រខ្មែរនេះ សម្រាប់ផ្ដល់ការងារ និងជំនាញថ្មីមួយ ដល់ពលរដ្ឋខ្មែរ ។ សិប្បកម្មនេះ គឺការច្នៃម៉ូតចង្កៀងអំពូល ខ្នើយ វាំងនន គ្រឿងសាឡុង និងគ្រឿងបរិក្ខារមួយចំនួនទៀត ដែលផលិតដោយដៃ សម្រាប់តុបតែងផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន និងបន្ទប់គ្រប់ប្រភេទ ទាំងបែបបុរាណ និងសម័យ។
អ្នកនាង ខាធើរីន បញ្ជាក់៖«កាលខ្ញុំជិះយន្តហោះម្ដងនោះ ខ្ញុំឃើញខ្មែរយើងដែលទៅធ្វើការតាមផ្ទះនៅស្រុកគេក្នុងមួយយន្តហោះរហូតទៅដល់៦០នាក់ ខ្ញុំយល់ថាការទៅធ្វើការបែបនេះមិនមានជំនាញអ្វីជាប់ខ្លួនឡើយ។ ដូច្នេះខ្ញុំគួរតែបង្កើតការងារណាមួយ ដើម្បីអាចជួយឱ្យពួកគាត់មានការងារក្នុងស្រុកហើយ មានជំនាញជាប់ខ្លួនទៀត ខ្ញុំក៏បង្កើតសិប្បកម្មនេះឡើង។ ការទៅធ្វើការស្រុកគេប្រាក់បានច្រើន ចំណាយក៏ច្រើន តែបើធ្វើក្នុងស្រុកជិតផ្ទះ ប្រាក់បានតិចតែមានជំនាញទៅថ្ងៃមុខ»។
កូនអ្នកភ្នំពេញរូបនេះបន្ថែមថា ដើមហេតុដែលនាំឱ្យនាងបង្កើតសិប្បកម្មនេះ គឺក្រោយពីនាងបានសង្កេតឃើញពីភាពជឿនលឿននិងទាន់សម័យនៃការច្នៃម៉ូដចង្កៀងអំពូល នៅប្រទេសបារាំងនិងប្រទេសមួយចំនួនទៀតដែលនាងបានទៅដល់។ ដោយមានក្ដីសង្ឃឹមថា កម្ពុជានឹងអាចឈានទៅដល់ចំណុចនោះដែរ ខាធើរីន ព្យាយាមសិក្សាពីការច្នៃម៉ូដចង្កៀង និងបរិក្ខារលម្អក្នុងបន្ទប់ តាមចំណូលចិត្តភ្ញៀវ និងតាមសម័យកាល។ ខាធើរីន បញ្ជាក់៖« នៅស្រុកគេដូចជានៅបារាំង និងអ៊ីតាលី ការរចនាម៉ូដចង្កៀងអំពូល គេមានលក្ខណៈជឿនលឿននិងទាន់សម័យ ហើយបើគេច្នៃបែបបុរាណវិញ ហាក់ដូចជាយើងកំពុងតែនៅក្នុងសម័យនោះអីចឹង។ ខ្ញុំគិតថានៅកម្ពុជាទៅថ្ងៃមុខនឹងដើរដល់នោះ»។
សិប្បកម្មច្នៃម៉ូតបរិក្ខារនេះ បានបើកដំណើរការក្នុងឆ្នាំ២០១១ ដែលមានសមាជិកតែ២នាក់ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នសិប្បកម្មនរាអង្គរនេះ មានបុគ្គលិក៣០នាក់ ដែលភាគច្រើនបំផុតជាយុវជន ហើយផ្គត់ផ្គង់ផលិតផលរបស់ខ្លួន មិនត្រឹមតែនៅក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងផ្គត់ផ្គង់ទៅក្រៅប្រទេសផងដែរ រួមមាន បារាំង អូស្ត្រាលី អាមេរិក អង់គ្លេស ប៊ែលស៊ិក ជាដើម។ ម្ចាស់សិប្បកម្មវ័យ ២៩ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះថា៖« ការផ្គត់ផ្គង់ក្នុងស្រុកភាគច្រើន ក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ និងប្រណិតៗជាច្រើនទៀត តាមផ្ទះធម្មតាក៏មាន ហើយទៅក្រៅប្រទេសមួយចំនួន។ បុគ្គលិករបស់យើងពួកគាត់សុទ្ធតែមានគំនិតច្នៃប្រឌិតខ្ពស់ ដែលធ្វើឱ្យអតិថិជនទទួលស្គាល់ពីគុណភាព»។
អ្នកនាង ខាធើរីន ឱ្យដឹងទៀតថាចង្កៀងដែលសិប្បកម្មរបស់អ្នកនាងធ្វើ មានគោលដៅសំខាន់បំផុតគឺផ្ដោតទៅលើសុខភាពភ្នែក និងការថែទាំភ្នែកជាចម្បង។ «យើងធ្វើចង្កៀងផ្ដោតសំខាន់ទៅលើសុខភាពភ្នែករបស់គាត់ គឺមិនឱ្យភ្នែករបស់គាត់ប៉ះនឹងពន្លឺអំពូលដោយផ្ទាល់ឡើយ។ សិប្បកម្មរបស់ខ្ញុំភាគច្រើនបញ្ជាទិញជាគម្រោង ហើយយើងក៏ផ្តល់ជាប្រឹក្សាជូនគាត់ដែរក្នុងការច្នៃម៉ូដ ប្រសិនបើគាត់ត្រូវការ»។ នេះជាការបញ្ជាក់របស់អ្នកនាង ខាធើរីន ដែលបានបន្ថែមថា សិប្បកម្មរបស់នាង តែងតែទទួលបានការរៀបចំតុបតែងជាលក្ខណៈគម្រោងពីភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការលម្អសណ្ឋាគារ និងភោជនីយដ្ឋានជាដើម៕
Tag:
ថានី ខាធើរីន
សិប្បកម្ម
គំនិតច្នៃប្រឌិត
© រក្សាសិទ្ធិដោយ thmeythmey.com