ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែងបោះអង្គញ់ ពេញនិយមយ៉ាងខ្លាំង ពេលចូលឆ្នាំថ្មី
× ល្បែងបោះអង្គញ់ ត្រូវបានដាក់ឈ្មោះតាមផ្លែអង្គញ់។ ល្បែងបោះអង្គញ់ អាចរាប់ចូលក្នុងប្រភេទកីឡា ដែលហាត់ដៃឲ្យត្រង់ ហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យនឹងន។ ដើមឡើយ ប្រជាពរដ្ឋកម្ពុជាគ្រប់វ័យ ចូលចិត្តលេងល្បែងបោះអង្គញ់យ៉ាងខ្លាំង ក្នុងរដូវ ចូលឆ្នាំខ្មែរ។ ប៉ុន្តែ គេសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវជន បែរជាព្រហើយកន្តើយ នឹងល្បែងនេះ ទៅវិញ។
ល្បែងអង្គញ់ គេលេងបានចាប់ពីគ្នា ២នាក់ឡើងទៅ រហូតដល់ ១០នាក់ ដោយចែកចេញ ជាពីក្រុមមានចំនួនស្មើ គ្នា ដែលមាននារីម្ខាង និងបុរសម្ខាង ឬក៏ចម្រុះគ្នាទាំងពីរភេទក៏បាន។ អង្គញ់ ដែលគេយកមកលេងនេះ ឲ្យ ឈ្មោះថា «កោយ» ចែកចេញជាពីរផ្នែក គឺ កោយដាំ មួយចំនួន និងកោយបោះមួយចំនួន។ កោយដាំ គឺគេយកផ្លែអង្គញ់ដាំភ្ជាប់ទៅនឹងដី។ រីឯកោយបោះ គឺផ្លែអង្គញ់ទាំងឡាយ ដែលគេកាន់យក ហើយបោះក្ដីឬធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់បោះរំលំកោយ ដាំទាំងប៉ុន្មាននោះដែលដាំនោះ។
លក្ខខណ្ឌនៃការបោះអង្គញ់ មានច្រើនរបៀប រួមាន ១. បោះ (កាន់បោះមកពីទី តម្រង់កោយដាំ), ២. ស៊ីគោល (បាញ់ដោយម្រាមដៃដាក់លើក្បាលជង្គង់), ៣. ស៊ីប៉ារ៉េត (បាញ់ដោយម្រាមដៃដាក់ផ្ទាល់នឹងដី), ៤. ត្រកង (ប្រមៀលអង្គញ់មកពីទី), ៥. ចាក់ខ្ទែក (ដាក់អង្គញ់លើខ្នងជើងដើរបីជំហាន), ៦. បោះជោះ (បោះសម្រេចជាចុងក្រោយបំផុត)។
របៀបលេងក្នុងសង្កាត់នីមួយៗមានដូចតទៅ៖
ថ្នាក់ទី១ បោះ ៖ ពួកអ្នក ដែលត្រូវឡើងទៅបោះ គឺត្រូវបោះតម្រង់ទៅកោយដែលដាំណាមួយ។ នៅពេលបោះទៅត្រូវ កោយដាំនោះហើយ កោយនោះក៏ដួលខ្ទាតចេញពីរន្ធទៅ កោយបោះក៏នៅក្នុងរន្ធកោយដាំ, ហើយអ្នកដាំទះកោយ បោះនោះបង្កប់ថែមទៀត យ៉ាងនេះគេហៅថា «ស្អុយ»។ បើបោះត្រូវកោយ ណាមួយហើយ បើបោះកោយមួយ ក្រោយទៅត្រូវកើយ ដដែលទៀតគេហៅថា «ម៉ាយ»។ បើអ្នកបោះប្រព្រឹត្តខុស វិន័យទាំង នេះហើយ ត្រូវអ្នកដាំទៅ បោះអ្នកបោះមកដាំវិញម្ដង។ កាលណាបោះទៅត្រូវកោយ ដែលដាំដួលទាំង អស់រួចហើយ អ្នកបោះត្រូវចាប់ បន្តធ្វើ ស៊ីគោលតទៅទៀត។
ថ្នាក់ទី២ ស៊ីគោល៖ នៅពេលបើបោះត្រូវអស់ហើយ គេយកកោយរបស់គេ ដែលសំដៅទៅ «ទី» ហើយអង្គុយច្រហោង រុញក្បាលជង្គង់ ម្ខាងទៅមុខបន្តិចយកកោយដាក់លើក្បាលជង្គង់នោះ ទាត់កោយដោយមេដៃ ឬ ចង្អុលដៃ តម្រង់ទៅកើយដាំណាមួយ។ បើកោយធ្លាក់ ទៅនោះធ្លាក់ជិតកោយដាំពេកប្រហែលជាមួយចំអាម ឬ កន្លះចំអាម នោះ, អ្នកស៊ីគោលគេសួរអ្នកដាំថា «វ័ធ ឬ ណាប់?» បើអ្នកដាំឆ្លើយថា «វ័ធ» អ្នកស៊ីគោល ត្រូវវាស់ជាចំអាម ដោយ យកមេដៃដាក់លើកើយរបស់ខ្លួនចង្អុលដៃវ័ធកោយដាំឲ្យដួលតែម្ដង។ បើអ្នកដាំឆ្លើយថា «ណាប់» អ្នកស៊ីគោលគេ លើកកោយរបស់គេគប់ទៅកោយដាំនោះឲ្យដួលតែម្ដង។ ដូចនេះកោយ ដែលស៊ីគោលធ្លាក់ជិតពេកនោះ គេឲ្យ ឈ្មោះថា «វ័ធ-ណាប់»។ បើកោយដែលស៊ីគោល ទៅហើយធ្លាក់ឆ្ងាយពីកោយ ដាំជាងមួយចំអាមនោះអ្នកស៊ីគោល ត្រូវលុតជង្គង់ ហើយយកកើយនោះ មកដាក់លើក្បាលជង្គង់ផ្ទាត់តម្រង់ទៅកោយដាំបន្តទៅម្ដងទៀត ទាល់តែអស់ កើយរបស់ខ្លួន។ បើកោយស៊ីគោល នោះរត់ទៅប៉ះ ដូចជាកើយ ស៊ីគោលទៅមុនធ្លាក់ ត្រង់កន្លែងណាមួយ ហើយ កើយទៅក្រោយរត់ទៅប៉ះ កោយមុននោះដល់ពេលអ្នកបាញ់ ទៅបាញ់ម្ដងទៀតនោះ អ្នកដាំគេត្រូវពិន័យ ដូច្នេះ គឺ កោយមុនគេឲ្យផ្ទាត់ ដោយស្រលៀងភ្នែកម្ខាង គឺឲ្យធ្មេចភ្នែកម្ខាងឯកោយ ក្រោយគេឲ្យផ្ទាត់ដោយខ្វាក់ភ្នែក គឺឲ្យ ធ្មេច ភ្នែកទាំងសងខាង។ ដូច្នេះទើបគេឲ្យឈ្មោះ កើត ២ នេះថា កោយខ្វាក់ និងស្រលៀងតាមទណ្ឌកម្ម ដែលគេ ពិន័យស៊ីគោលដូចបានរៀបរាប់ មកនេះ ត្រូវកោយដាំដួលអស់ហើយគេត្រូវធ្វើស៊ីប៉ារ៉េតតទៅទៀត។
ថ្នាក់ទី៣ ស៊ីប៉ារ៉េត៖ គឺពួកអ្នកស៊ីគោលនោះកាលបានធ្វើស៊ីគោលរួចហើយគេនាំ គ្នាយកកោយទៅដាក់ផ្ទាល់នឹងដី ហើយបាញ់ដោយម្រាម ដាំមួយម្ដងៗ តម្រង់ទៅរកកោយដាំ រហូតដល់អស់ កើយការពិន័យមាន វ័ធ, ណាប់, ស្រ លៀង, ខ្វាក់ របៀបដូចស៊ីគោល ដែរខុសគ្នាត្រង់ស៊ីគោល គេធ្វើលើ ក្បាលជង្គង់, ចំណែកស៊ីប៉ារ៉េតដាក់កោយផ្ទាល់ នឹងដីតែប៉ុណ្ណោះ។ លុះធ្វើស៊ីប៉ារ៉េតរួចហើយ គេធ្វើត្រកងត ទៅទៀត។
ថ្នាក់ទី៤ ត្រកង ឬ ត្រឡងកង៖ គឺក្រោយដែលធ្វើស៊ីប៉ារ៉េតត្រូវអស់ហើយ គេចាប់ធ្វើបន្តទៅទៀត ដោយត្រកង។ ត្រកងនេះ គឺគេប្រមៀលកោយ (គ្រាប់អង្គញ់) ឲ្យរមៀលដូចបរកង់ ហេតុនេះបានជា គេហៅថា «ត្រកង ឬ ត្រឡង កង»។ត្រកងមានពីរ បែប,គេយកបែបណា មួយមកលេង ក៏បាន តាមតែគេ ណាត់គ្នាហៅថា ត្រកងទប់ និង ត្រកង ធា។ ត្រកងទប់គឺគេប្រមៀលកោយ ទៅហើយត្រូវរត់តាមទៅយកដៃខ្ទប់ ឲ្យទាន់មុន កោយ នោះដួល ហើយមិនឲ្យ ហួសមេក្លោងផង តែបើទប់មិនទាន់បណ្ដោយ ឲ្យកោយដួលស្លៀមខ្លួនវា ឬទប់ដែរតែមិនបាន យកដៃខ្ទប់ឲ្យជិតល្អ លើកោយ នោះទេ នោះគេទុកជាស្អុយមិនបានការ, ពួកម្ខាងទៀតត្រូវឡើងធ្វើម្ដង។ បើកើយនោះ រត់លឿនពេកទៅ ហួសមេក្លោងឬមួយក៏ ទង្គិច ដួល កោយ ដាំណាមួយក៏ទុកជាស្អុយត្រូវគេ «ឡើង»ដែរ។ ឯត្រកងធាវិញពុំពិបាករត់ តាមខ្ទប់ទេ តែត្រូវមានវិន័យមិនឲ្យ ហួសមេក្លោងនិង ទង្គិចកោយ ដាំ ឡើយ។ របៀបត្រកង ក៏ដូចជា ស៊ីគោល ឬ ស៊ី ប៉ារ៉េតដែរ គឺធ្វើបានពីដំណាក់ គឺត្រកងពីទីទៅដល់ត្រង់ណា ហើយអាចតាម ទៅ បាញ់ ដល់ម្រាម ដៃផ្ទាល់នឹងដី តម្រង់ទៅកោយដាំម្ដងទៀត ប្រសិនជាមានរះដួល កោយដាំម្ដងពីរឬ បី, ម៉ាយ,ងីងើមិនដួលកោយដាំនោះ គ្រាន់តែរង្គើ ក៏ត្រូវទទួល បទពិន័យ ដូចមុនៗដែរ។
ថ្នាក់ទី ៥ ចាក់ខ្ចែក ៖ គឺ ចាក់ខ្ចែកមានរបៀបប្លែកពីមុនៗ គឺគេឈានមួយជំហានពីទី រួចយកអង្គញ់ ដាក់លើខ្នងជើង ហើយឈានពីរជំហាន ទៅមុខ ទៀត ទើបរលាស់ ចុងជើង គ្រវាត់គ្រាប់អង្គញ់ ទៅឲ្យត្រូវកោយដាំ។ កាលណាមិនត្រូវ ក៏ស្អុយកោយបោះនោះ ចោលទៅកាលណាត្រូវ អាចយក កោយ ដដែលនោះ មកធ្វើសារជាថ្មីបានម្ដងទៀត។ ប្រសិន ជាដាក់កោយខ្នងជើង ហើយឈានពុំទាន់ដល់ កោយដាំស្រាប់តែជ្រុះកោយ ទៅ នោះគេ ទុកជាបាក់កលៀនអណ្ដាត គឺគេឲ្យយកទៅ ធ្វើម្ដងទៀតតែឲ្យអ្នកនោះ ងើយកឡើងលើលៀនអណ្ដាត មិនឲ្យមើលទៅកោយដាំទេ គឺថា ធ្វើ ប្រថុយៗ តាមស្មាន។ ចាក់ខ្ចែកឥតធ្វើពីដំណាក់ឈើតាម ទៅផ្ទាត់បាននៅជិតកោយ ដាំដូចត្រកង ស៊ីគោល-ស៊ីប៉ារ៉េត ទេ គេធ្វើយក ត្រូវ ពីទី តែម្ដង។ កាលបើ មានរះ ,មាយ,កប់ គេពិន័យដូចធ្វើអ្វីៗពីមុនមកដែរ។
ថ្នាក់ទី ៦ បោះជោះ ៖ គឺ បោះជោះក៏ដូចជាបោះពីដំបូងដែរ វិន័យគ្រប់បែបគ្រប់យ៉ាង ដូចគ្នាទាំងអស់ សុទ្ធសាធ។ គិតទៅបោះជួសនេះ ហាក់ ដូចជា គ្រាន់តែជាវិញ្ញាសារមួយ សម្រាប់រង់ចាំពួកខាងយឺតជាងឲ្យបានឱកាសដេញតាម តែប៉ុណ្ណោះ។ បានជាហៅថាបោះ ជោះព្រោះបន្ទាប់តែ ពីបោះនេះ ទៅត្រូវបានជោះហើយ (គ្រាន់តែរង់ចាំឲ្យគេតាម ប៉ុន្មានក្តារ ដែលបានសន្មត់តែប៉ុណ្ណោះ)។
របៀបជោះ គឺគេយកអង្គញ់មួយផ្ទាប់ទៅដល់ក្បាលជង្គង់ហើយយកអង្គញ់មួយទៀតវាយជួយពីលើ រាប់ចំនួនតាម ដែលគេត្រូវជួស។ ធ្វើបែបនេះហៅថា «ជោះបាយត្រជាក់»។ មួយបែបទៀតហៅថា «ជោះបាយក្ដៅ» របៀបនេះ គេផ្គុំអង្គញ់ពីរតម្រួតគ្នា គឺមួយផ្តេកដាក់ពីក្រោម មួយបញ្ឈរដាក់ពីលើកាន់ ក្នុងប្រអប់ដៃមួយ ហើយជោះខ្លាំងៗ ទៅ លើក្បាលជង្គង់អ្នកចាញ់ មួយៗឡើងក្រហម សាច់ទំរាំតែអស់ចំនួន ៣០-៤០ សឹងតែ ហើមក្បាល ជង្គង់តែម្ដងជួន កាលគេយកបំពង់ឫស្សី មកខោកក្បាលជង្គង់ធ្វើជា ជោះជំនួសគ្រាប់អង្គញ់ក៏មាន។
ឯឈ្មោះពិន័យ ដែលប្រើក្នុងល្បែងអង្គញ់នេះមាន ៩ បែបដូចខាងក្រោម៖
១- ស្អុយ (គឺធ្វើខុសទុកកោយនេះ ជាអាសារបង់)
២- មាយ (ត្រូវម្ដងហើយ ត្រូវដដែលម្ដងទៀត)
៣- រះ (កោយបោះមួយ ត្រូវកោយដាំម្ដងពីរ)
៤- ងីងើ (កោយបោះរត់ប៉ះកោយដាំឲ្យរង្គើមិនដួល)
៥- ស្រលៀង-ខ្វាក់ (ព្រោះកើយបោះទង្គិចគ្នា)
៦- វ័ធ-ណាត់ (កោយបោះជិតកោយដាំពេក)
៧- បាក់កលៀនអណ្ដាត (ចាក់ខ្ទាតធ្លាក់កើយកណ្ដាលទី)
៨- កប់ទះ (កោយដាំខ្ទាតចេញ កោយបោះនៅក្នុងរន្ធដាំ)
៩- ហួសមេដំបូល (សម្រាប់ត្រកងកុំឲ្យហួសមេក្លោង)
- បទពិន័យលើកំហុសទាំងអស់ខាងលើនេះ មិនជាការធ្ងន់ធ្ងរពិបាក ប៉ុន្មានឡើយមាន កំហុសខ្លះ គេគ្រាន់តែ«ឡើង» គឺគេទុកក្ដារនេះជាអាសាបង់ ត្រូវផ្ទេរ ឲ្យពួក ម្ខាងទៀតឡើង ទៅធ្វើម្ដងដូចយ៉ាង ម៉ាយ រះ កប់ទះជាដើម ប៉ុន្តែទោះជា ត្រូវ «ឡើង»ក្ដីក៏លើកក្រោយ គេអនុញ្ញាតឲ្យពួកនេះ ទុក ជា ធ្វើត្រូវ ទាំងអស់នេះដែរ។ ចំណែកបទពិន័យ ផ្សេងទៀត ក៏គ្រាន់តែដាក់ទណ្ឌកម្ម ឲ្យលំបាកក្នុងការធ្វើតែប៉ុណ្ណោះ ពុំទាន់ចាត់ទុកឲ្យកោយ នោះ ស្អុយ ភ្លាមៗទេ។ ដូច្នេះបទពិ ន័យគ្រាន់តែឲ្យបានសប្បាយ បានយូរបន្តិច ប៉ុណ្ណោះឯង។
ល្បែងលេងគ្រាប់អង្គញ់ដូចគ្នានេះដែរ គេអាចយកទៅលេងជាល្បែងមួយទៀតហៅថា «លេងកេល»។ គឺថា គេ យកកោយដាំប្រាំដែរ ដាំដង្ហែ ជាមួយជួរហើយមានគូសទីមួយ ជាកន្លែងសន្មត ដាក់កោយបោះ ៥ ដែរតែដាក់ផ្ទាល់ និង ដី គេយកជើងកៀស គឺជើងឆ្វេងឈរ ស្ងៀមលូក ទៅមុខ, ជើងស្ដាំថយមកក្រោយ ចុចកែងឲ្យជាប់ទៅនឹងដី ហើយចុងម្រាមឆ្កើសយ៉ាងខ្លាំង ឲ្យកោយរត់ទៅត្រូវកោយ ដាំម្ដងមួយៗទាល់តែអស់ បើកោយណា មិនបានត្រូវ កោយដាំទេ គេទុកជាស្អុយតែបើបានត្រូវគេ ឲ្យត្រឡប់យកមកកេស (ឆ្កើសចុងម្រាមជើង) បានម្ដងទៀត។ ពួកខាង ណាធ្វើត្រូវ អស់មុន ឈ្មោះថា ឈ្នះ អាចជួសអ្នកចាញ់បាន។
របៀបលេងគ្រាប់អង្គញ់មួយយ៉ាងទៀតគេហៅថា «បាញ់រង»គឺមានអ្នកលេងពីរក្រុម។ ក្រុមម្ខាងៗមានកោយ ១០ រៀងខ្លួនគឺសម្រាប់ដាំ ៥បាញ់ ៥។ គេដាំជួរតម្រៀបគ្នាម្ខាងម្នាក់ ហើយយកកោយបាញ់ ដោយបាញ់ទៅខាងម្ខាង ម្ដងម្នាក់ខាងណាបាញ់ រំលំរបស់ពួកម្ខាង ទៀតអស់មុន គឺខាងនោះ ឈ្នះ និងបានជោះគេឯបាញ់នោះ គឺឈរបត់ ក្បាលជង្គង់ម្ខាងដាក់ ចោលលើក្បាល ជង្គង់បាញ់នឹងម្រាមដៃ តម្រង់ទៅកោយដាំតែម្ដង៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
ចូលឆ្នាំ
ល្បែងប្រជាប្រិយ
បោះអង្គញ់
© រក្សាសិទ្ធិដោយ thmeythmey.com