ពីនេះ ពីនោះ
ឡាន​ចាប់​ហ្វ្រាំង​, ម៉ូតូ បុក គូទ​ឡាន​ពីក្រោយ តើ​មួយណា​ខុស​? មួយណា​ត្រូវ​?
18, Apr 2018 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​រៀងរាល់ថ្ងៃ​។ ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ម្តងៗ ភាគី​នីមួយៗ​តែងតែ​ជជែក​គ្នា​យក​ត្រូវ​រៀងខ្លួន​។ ប្រសិនបើ ម៉ូតូ បុក គូទ​ឡាន​ពីក្រោយ តើ​មួយណា​ខុស​? មួយណា​ត្រូវ​?



​ករណីនេះ ធ្លាប់​កើតឡើង ហើយ​វា​នៅតែ​បន្ត​កើតឡើង​ជារឿយៗ​។ ជាក់ស្តែង កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៨ ម្សិលមិញ ម៉ូតូ​មួយគ្រឿង​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​បុក គូទ​រថយន្ត​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាងក្រោយ​ខ្ទេច​អស់ នៅលើ​ផ្លូវ ២៧១ រាជធានី​ភ្នំពេញ​។

​ម្ចាស់​រថយន្ត ចុះ​ពី​រថយន្ត​របស់ខ្លួន ហើយ​ដើរ​តម្រង់​មក​ម្ចាស់​ម៉ូតូ រួច​ទារ​ឲ្យ​ម្ចាស់​ម៉ូតូ​សង​ប្រាក់​២០០​ដុល្លារ​ដោយ​សំអាងថា អ្នកបើកបរ​ម៉ូតូ បើ​បុក​គូទ​ឡាន​ពីក្រោយ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខ្ទេច និង​ម្យ៉ាងទៀត ម្ចាស់​ឡាន​ចោទ​ម្ចាស់​ម៉ូតូ​ថា បើកបរ​ដោយ​ស្រវឹងស្រា​។ ជាក់ស្តែង អ្នកបើកបរ​ម៉ូតូ​ស្ថិតក្នុង​ភាពស្រវឹង​មែន​។

​តែ​អ្វីដែល​លំបាក​ដោះស្រាយ​នោះ គឺ​នៅត្រង់ថា ម្ចាស់​ម៉ូតូ​ចោទ​ម្ចាស់​ឡាន​វិញ​ថា កំពុងតែ​បើកឡាន​ទៅមុខ​ធម្មតា ស្រាប់តែ​ចាប់​ហ្វ្រាំង​ឈប់​តែម្តង​។ បើតាម​សាក្សី​ម្នាក់ ម្ចាស់​ឡាន ដូចជា​ចាប់​ហ្វ្រាំង​បង្អង់​ល្បឿន​មែន​។

​ក្នុងករណីនេះ តើ​ភាគី​ណា​ជា​អ្នក​ខុស​? ហើយ​ភាគី​ណា​ជា​អ្នក​ត្រូវ​?

​ដោយ​មិន​និយាយ​ដល់​រឿង​ផឹក​គ្រឿង​ស្រវឹង​ផង​នោះ​, នគរបាល​ចរាចរណ៍​ផ្លូវគោក​ម្នាក់​បាន​ពន្យល់ថា អ្នក​បុក​គេ​ពីក្រោយ គឺជា​អ្នក​ខុស ព្រោះ អ្នកជិះ​ពីក្រោយ​ត្រូវ​រក្សា​ចម្ងាយ​សុវត្ថិភាព​សមរម្យ​ពី​អ្នកជិះ​ខាងមុខ​៕


© រក្សាសិទ្ធិដោយ thmeythmey.com