ពីនេះ ពីនោះ
សៀមរាប ត្រូវបាន​គេ​ហៅថា បុរី​(​ទីក្រុង​)​ប្រាសាទ រីឯ ភ្នំពេញ​=​បុរី​(​ទីក្រុង​)​ទន្លេ ឬ​រាជធានី​ចតុមុខ​
19, Apr 2018 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សំណេរ​ជា​ផ្លូវការ នៅពេលដែល​គេច​ង់​ហៅ​ភ្នំពេញ គេ​តែងតែ​សរសេរ ឬ​ហៅថា រាជធានី​ភ្នំពេញ​។ ប៉ុន្តែ នៅក្នុង​សំណេរ​ខ្លះទៀត អាច​ថា ផ្លូវការ​ក៏បាន ឬ​មិន​ផ្លូវការ​ក៏បាន គេ​ហៅ​ភ្នំពេញ​ថា រាជធានី​ចតុមុខ ឬ​ទីក្រុង ឬ​បុរី​ទន្លេ​។ រីឯ សៀមរាប ត្រូវបាន​គេ​ហៅថា បុរី ឬ​ទីក្រុង​ប្រាសាទ​។



​គេ​ហៅថា រាជធានី​ភ្នំពេញ ព្រោះ រាជធានី​មួយ​នេះ​, តាម​ប្រវត្តិ​ក្រុងភ្នំពេញ​, ត្រូវបាន​កសាង​ដោយ​លោកយាយ​ម្នាក់​ឈ្មោះ ពេញ​។

​គេ​ហៅថា រាជធានី​ចតុមុខ ព្រោះ រាជធានី​នេះ គឺជា​ចំណុចប្រសព្វ​នៃ​ទន្លេ​ចំនួន​៤​ដែល​ទន្លេ​ទាំង​បួន​នោះ​មាន​ឈ្មោះថា ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប​។ គេ​អាច​ហៅថា បុរី ឬ​ទីក្រុង​ទន្លេ ព្រោះ​រាជធានី​នេះ មាន​ទន្លេ​ដល់​ទៅ​៤​ប្រសព្វ​គ្នា​។ រាជធានី​ភ្នំពេញ គឺជា​រាជធានី​តែមួយគត់​នៅលើ​ពិ​ព​ភព​លោក​ដែលមាន​ទន្លេ​ចំនួន​៤​ប្រសព្វ​គ្នា ហើយ​ដែល​ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា ទន្លេ​៤​មុខ​។

​នៅក្នុង​ភាសា​បារាំង គេ​មិន​ហៅ​ទន្លេចតុមុខ​ទេ តែ​គេ​ហៅថា ទន្លេ​ដៃ​បួន (Le fleuve a quatre bras)​។ ជា​ភាសា​អង់គ្លេស គេ​ហៅថា រាជធានី​មុខ​៤ (Capital of four faces)​។ អ្នកខ្លះ​ថា ទន្លេ​មុខ​៤ គឺ​វា​មាន​ទំនាក់ទំនង​ទៅនឹង​ប្រវត្តិ​នៃ​ប្រាសាទបាយ័ន​មុខ​៤​ដែរ​។

​ចំពោះ​ខេត្តសៀមរាប​វិញ ជា​ផ្លូវការ គេ​ហៅថា ខេត្តសៀមរាប ឬ​ក្រុង​សៀមរាប​។ តែ​អ្នកខ្លះ ជាពិសេស នៅក្នុង​សំណេរ​របស់​ជនជាតិ​បរទេស គេ​ច្រើន​ហៅថា ទីក្រុង​ប្រាសាទ (Cité des temples) ជា​ភាសា​បារាំង និង​ជា​ភាសា​អង់គ្លេស City of temples​។ ដូច្នេះ សរុបសេចក្តី​មក គេ​អាច​ហៅ​ខេត្តសៀមរាប​ថា បុរី​(​ក្រុង​) ប្រាសាទ រីឯ ភ្នំពេញ ជា​បុរី​(​ក្រុង​) ទន្លេ ឬ​បុរី​(​ទីក្រុង​)
​គង្គា​៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com