ពីនេះ ពីនោះ
ថ្ងៃទី​២១ មេសា ជា​ថ្ងៃ​ដែល​ពិភពលោក​ប្រារព្ធ​ទិវា ពិភពលោក​នៃ​ការធ្វើ​បន្លាស់​ទី​របស់​មច្ឆជាតិ​
20, Apr 2018 , 7:19 pm        
រូបភាព
​រូប​ត្លុក​មច្ឆា​រីករាយ (Happy Fish) សម្រាប់​អបអរ​ទិវា​ពិភពលោក​នៃ​ការធ្វើ​បន្លាស់​ទី​របស់​មច្ឆជាតិ​។  គូរ​ដោយ លោក ឈុត ឈា​ណា អ្នកសម្របសម្រួល​ផ្នែក​ទំនាក់ទំនង គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ  Wonders of the Mekong
​រូប​ត្លុក​មច្ឆា​រីករាយ (Happy Fish) សម្រាប់​អបអរ​ទិវា​ពិភពលោក​នៃ​ការធ្វើ​បន្លាស់​ទី​របស់​មច្ឆជាតិ​។ គូរ​ដោយ លោក ឈុត ឈា​ណា អ្នកសម្របសម្រួល​ផ្នែក​ទំនាក់ទំនង គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ Wonders of the Mekong
ដោយ:
​ថ្ងៃទី​២១ ខែមេសា គឺជា​ថ្ងៃ​ដែល​ពិភពលោក ប្រារព្ធ​ទិវា​ពិភពលោក​នៃ​ការធ្វើ​ចរាចរ​ផ្លា​ល់​ទី​របស់​មច្ឆជាតិ (World Fish Migration Day)​។ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​ពួកយើង​ធ្វើការ​អបអរសាទរ ដល់​ប្រភេទ​ត្រី​ដែលមាន​លក្ខណៈពិសេសរ​បស់​ប្រទេស​កម្ពុជា​យើង ដូចជា​ត្រី​រាជ និង​ត្រី​គល់រាំង​ជាដើម ដែល​វា​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ចូលទៅក្នុង​ទន្លេមេគង្គ នៅក្នុង​ចុងរដូវ​ប្រាំង​។ ចូរ​យើង​នាំគ្នា​ការពារ​ត្រី​ដែលមាន​លក្ខណៈពិសេសរ​បស់​ប្រទេស​កម្ពុជា ព្រមទាំង​ទន្លេ​ដែលជា​ជម្រក​ចាំបាច់​របស់​ពពួក​ត្រី​ទាំងនេះ​ផងដែរ​!



​រូបភាព​ខាងក្រោម​នេះ គឺជា​គម្រូ​ដ៏​ល្អ​របស់​អ្នកនេសាទ ផាន់ សុភឿន ដែល​លោក​ធ្លាប់​ចាប់បាន​ត្រី​គល់រាំង​ចំនួន​ពីរ​ក្បាល ក្នុងពេល​ខុសគ្នា​នៅក្នុង​រដូវ​នេសាទ​ឆ្នាំ ២០១៧ កន្លងទៅនេះ​។


​សុភឿន បាន​បញ្ជាក់ថា ត្រី​គល់រាំង​ដែល​គាត់​ចាប់បាន ឈ្មោល​ទម្ងន់​១១០​គីឡូក្រាម មាន​ពណ៌​ទង់ដែង​ខ្ចី និង​ញី​ទម្ងន់​១៣០​គីឡូក្រាម មាន​ពណ៌​ក្រហម​ក្រ​ម៉ៅ​។ ដោយ​ធ្លាប់​ទទួលបាន​ការផ្សព្វផ្សាយ​ពី​ខាង​រដ្ឋបាល​ជលផល​ថា ត្រី​គល់រាំង ជា​ត្រី​កម្រ និង​ជិត​ផុត​ពូជ ហើយក៏​ជា​ត្រី​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ​កម្ពុជា​ផងដែរ​នោះ ក្រោយ​ចាប់បាន​ភ្លាម ផាន់ សុភឿន ក៏បាន​រាយការណ៍​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​ក្រគរ រួច​ក៏​ធ្វើ​ពិធី ដុត​ធូប បាញ់​ទឹកអប់ បន់ស្រន់​សុំ​សេចក្តីសុខ រួច​ព្រលែង​ចូលទៅក្នុង​ទន្លេ​វិញ​។

​លោក ផាន់ សុភឿន មានប្រសាសន៍ថា​៖ «​ត្រី​គល់រាំង គឺជា​ប្រភេទ​ត្រី​ដែល​ឈ្មួញ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​។ ក្នុង​ត្រី​មួយ​ក្បាល​ទម្ងន់​៥០​គីឡូ ឈ្មួញ​ហ៊ាន​ឲ្យ​តម្លៃ​ចាប់ពី ៥០-៧០​ដុល្លា​ទៅ ក្នុង​មួយ​គីឡូក្រាម​។ បើ​ទម្ងន់​ត្រី​មួយ​ក្បាល ១០០​គីឡូក្រាម​ឡើងទៅ ឈ្មួញ​ក៏​ហ៊ាន​ឲ្យ​តម្លៃ ថ្លៃ​ជាង​១០០ ទៅ ១៥០​ដុល្លា​ក្នុង​មួយ​គីឡូក្រាម​ដែរ​។ ករណី​ដូច​ខ្ញុំ​អ៊ីចឹង ដែល​បាប់​បាន​ត្រី​គល់រាំង​ពីរ​ក្បាល ទម្ងន់​សរុប ២៤០​គីឡូក្រាម បើ​ខ្ញុំ​លក់​ឲ្យ​ឈ្មួញ ខ្ញុំ​នឹង​ទទួលបាន​ប្រាក់​ជាង​ពីរម៉ឺន​ដុល្លា​»​។​

​លោក​មានប្រសាសន៍​បន្ត​ទៀតថា​៖ «​ខ្ញុំ​មិន​លក់ដូរ​ត្រី​ប្រភេទ​នេះ​ទេ ទោះបី​ឈ្មួញ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​យ៉ាងណា ក៏​ខ្ញុំ​មិន​លក់ដូរ​ដែរ បើ​ខ្ញុំ​លក់​វា ស្មើរ​នឹង​ខ្ញុំ​លក់​អត្តសញ្ញាណ​ជាតិ​កម្ពុជា​អ៊ីចឹង​ដែរ​»​។



​ទាំងនេះ ជា​រូបភាព​ដែល​បង្ហាញ​ពី​សកម្មភាព​របស់លោក ផាន់ សុភឿន លែង​ត្រី​គល់រាំង​ចូល​បឹង​ទន្លេសាប​វិញ​។  រូបភាព​ផ្តល់​ដោយ លោក ផាន់ សុភឿន​។


© រក្សាសិទ្ធិដោយ thmeythmey.com