សេដ្ឋកិច្ច
វិស័យកសិកម្មនៅកម្ពុជានឹងឆ្ពោះទៅរកការធ្វើទំនើបកម្មនៅឆ្នាំ២០៣០
× ភ្នំពេញ៖ វិស័យកសិកម្មនៅកម្ពុជា នឹងឈានទៅរកការធ្វើទំនើបកម្ម ដែលមានលក្ខណៈប្រកួតប្រជែងទីផ្សារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ នៅឆ្នាំ២០៣០ខាងមុខ ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បាននិយាយថា បច្ចុប្បន្នវិស័យកសិកម្ម កំពុងប្រឈមបញ្ហាមួយចំនួន ដូចជាការធ្លាក់ចុះកំលាំងពលកម្ម ការប្រែប្រួលអាកាសធាតុ និងឱនភាពដីជាដើម។ ដោយសារបញ្ហាទាំងនេះ ទើបធ្វើឲ្យវិស័យកសិកម្ម មិនអាចឈានទៅបំពេញ ឬសម្រេចបាននូវសក្តានុពលរបស់ខ្លួន ឲ្យអស់ពីលទ្ធភាព។
ថ្លែងនៅក្នុងពិធីសិក្ខាសាលាថ្នាក់តំបន់ស្តីពី «គ្រឿងយន្តកសិកម្មក្នុងការពង្រឹងភាពបន្សាំរបស់កសិករខ្នាតតូច ដោយប្រើប្រាស់បច្ចេកទេស ដើម្បីអភិរក្សកសិកម្ម ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» លោក វេង សាខុន បានបញ្ជាក់ដូច្នេះថា៖«ការអភិវឌ្ឍគ្រឿងយន្តកសិកម្ម ការធ្វើទំនើបកម្មសិកម្ម គឺជាដំណោះស្រាយមួយដ៏សមស្របក្នុងការបង្កើនសមត្ថភាពដល់មនុស្ស ដែលនាំទៅរកការពង្រឹងនិងបង្កើនផលិតភាពកសិកម្ម កាត់បន្ថយកំលាំងមនុស្ស ប្រើប្រាស់ដីឲ្យអស់លទ្ធភាពនិងទទួលបានប្រសិទ្ធភាព សំដៅធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ»។
វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើបែបទំនើបកម្ម ដែលមានលក្ខណៈប្រកួតប្រជែងទីផ្សារ និងមាននិរន្តរភាព ដើម្បីទ្រទ្រង់សុខុមាលភាពនៃប្រជាជនកម្ពុជា ស្របតាមចក្ខុវិស័យរដ្ឋាភិបាល នៅឆ្នាំ២០៣០ខាងមុខ។ បើតាមហ្វេសប៊ុកលោក វេង សាខុន ។
បន្ថែមពីនេះក្រសួងកសិកម្ម បានកំណត់ទិសដៅពីរសំខាន់ៗគឺទី១ លើកកម្ពស់កំណើនកសិកម្ម ដែលមានលក្ខណៈបង្កើនផលិតភាព ការធ្វើពិពិធកម្ម ការធ្វើការប្រកួតប្រជែង និងការធ្វើជំនួញកសិកម្ម និងទី២ ការលើកកម្ពស់ការប្រើប្រាស់ដីកសិកម្ម ,ការអភិវឌ្ឍនិងគ្រប់គ្រងធនធានព្រៃឈើ និងជលផល ឲ្យមាននិរន្តរភាព។
នាយកមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មសមស្របរបស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ(UN-ESCAP) លោកស្រី Li Yutong បាននិយាយថា ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយ នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលកំពុងជួបប្រទះ។
«ការប្រែប្រួលអាកាសធាតុ និងឱនភាពដីក៏ជាបញ្ហាសំខាន់ដែលបាននិងកំពុងជះឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងលើវិស័យកសិកម្មទាំងមូលទាំងក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់តំបន់»។ នេះបើតាមលោកស្រី Li Yutong ដែលបានបន្ថែមថា ក្នុងចំណោមមនុស្ស១ពាន់លាននាក់ មានមនុស្ស២/៣ កំពុងតែជួបប្រទះបញ្ហាសន្តិសុខស្បៀងក្នុងតំបន់យើងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com