ជាតិ
ឥណ្ឌា រៀបចំព្រឹត្តិការណ៍យោគៈ និងការសម្ដែងសិល្បៈនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព រូបភាពពីហ្វេសប៊ុក្រសួងទេសចរណ៍
× ឥណ្ឌា នឹងរៀបចំព្រឹត្តិការណ៍យោគៈ(Yoga Day) ក្នុងខែមិថុនា និងការសម្ដែងសិល្បៈវប្បធម៌ដ៏ធំ នៅទីក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែឧសភាខាងមុខ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងបំណងរឹតចំណងមិត្តភាពរវាងឥណ្ឌានិងកម្ពុជា។
អ្នកស្រី ម៉ានីកា ចេន ឯកអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងក្នុងជំនួបជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថាឥណ្ឌា នឹងរៀបចំព្រឹត្តិការណ៍យោគៈ(Yoga Day) និងការសម្ដែងសិល្បៈវប្បធម៌រួមគ្នាដ៏ធំនៅកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើវិស័យទេសចរណ៍។ អ្នកស្រី ម៉ានីកា ចេន ថ្លែងក្នុងជំនួបនោះទៀតថា ក្នុងព្រឹត្តិការណ៍នោះ ភាគីឥណ្ឌា នឹងរៀបចំសិក្ខាសាលាថ្មីមួយ ដែលប្រមូលផ្ដុំទៅដោយវិនិយោគិនឥណ្ឌា ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ល្បីៗរបស់ឥណ្ឌា ដើម្បីធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក សំដៅជំរុញកំណើនទេសចរណ៍ពីគ្នាទៅវិញទៅមក។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន គាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា របស់ឥណ្ឌា នៅកម្ពុជា។ សម្រាប់លោករដ្ឋមន្ត្រី ថា ទេសចរណ៍ឥណ្ឌា ជាទីផ្សារធំមួយសម្រាប់កម្ពុជា។ ទន្ទឹមនឹងនេះ លោក ថោង ខុន ក៏ស្វាគមន៍ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជាដែរ ដែលលោកសង្ឃឹមថា ការហោះហើរត្រង់នេះ នឹងដំណើរការក្នុងពេលឆាប់ៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com