ជាតិ
លោក អ៊ូ វណ្ណឌី យកបំណែកកាំភ្លើង និងគ្រឿងដែកផ្គុំជារូប«នង្គ័ល»
× ភ្នំពេញ៖ ដោយមើលឃើញថា កសិករខ្មែរភាគច្រើនប្រើប្រាស់ត្រាក់ទ័រ ឬគោយន្ត ជំនួសឲ្យនង្គ័ល សម្រាប់ភ្ជួរដីស្រែចម្ការរបស់ខ្លួន លោក អ៊ូ វណ្ណឌី ក៏មានគំនិតយកបំណែកកាំភ្លើងចាស់ៗ និងគ្រឿងដែក មកផ្គុំជារូប«នង្គ័ល» ដើម្បីអភិរក្សឧបករណ៍កសិកម្មខ្មែរមួយនេះ។ លោក វណ្ណឌី បានដាក់ឈ្មោះឧបករណ៍ដែលខ្លួនច្នៃនេះ ថា«បក្សីចម្លែក»។
«បក្សីចម្លែកនេះ មានក្បាលដូចជានាគ មានខ្លួនដូចនង្គ័ល មានជើងបី កន្ទុយ និងស្លាប។ និយាយជារួម រូបរាងទាំងស្រុងរបស់វា ដូចភាគច្រើនទៅនឹងនង្គ័ល»។ នេះជាការរៀបរាប់របស់ សិល្បករសហសម័យវ័យ៤០ឆ្នាំ លោក អ៊ូ វណ្ណឌី ដែលបានចំណាយពេលកន្លះខែ ក្នុងការផ្គុំ។ លោក អ៊ូ វណ្ណឌី ថាបើមានអ្នកចង់ទិញ «បក្សីចម្លែក» លោកនឹងលក់វា ក្នុងតម្លៃប្រមាណពីរពាន់ដុល្លារអាមេរិក។
មានស្រុកកំណើតនៅខេត្តកណ្តាល លោក អ៊ូ វណ្ណឌី ពន្យល់ថា លោក ច្នៃរូបបក្សីចម្លែកនេះ ស្រដៀងនឹងរូបនង្គ័លដូច្នេះ ព្រោះលោកចង់ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ នៅតែចងចាំនង្គ័លដែលជាឧបករណ៍ភ្ជួរស្រែចម្ការតាំងពីបរមបុរាណមក។ ម្យ៉ាង សិល្បកររូបនេះ ក៏ចង់អភិរក្ស «នង្គ័ល» ផងដែរ។ លោក អ៊ូ វណ្ណឌី បន្ថែមដូច្នេះ៖សម័យបច្ចុប្បន្ន ស្រុកយើងមានសន្តិភាពហើយ ដូច្នេះយើងមិនត្រូវការកាំភ្លើងទៀតទេ ទើបខ្ញុំយកវាមកធ្វើតែម្ដងទៅ»។
កន្លងមក លោក អ៊ូ វណ្ណឌី ក៏ធ្លាប់ច្នៃវត្ថុសិល្បៈបែបសហសម័យពីគ្រឿងដែក និងសម្ភារដែលគេបោះបង់ចោលដែរ ដូចជាច្នៃជារូបគោព្រៃ រូបរបាំត្រុដ និងរូបជាច្រើនទៀត។ វត្ថុសិល្បៈទាំងនោះ ក៏ត្រូវបានបង្ហាញខ្លួន នៅក្នុងការតាំងពិព័រណ៍ជាច្រើនកន្លែងផងដែរ ទាំងនៅក្នុង និងនៅក្រៅប្រទេស ហើយទទួលបានការគាំទ្រខ្លាំង ពីអ្នកចូលរួម៕
Tag:
អ៊ូ វណ្ណឌី
សិល្បៈ
នង្គ័ល
© រក្សាសិទ្ធិដោយ thmeythmey.com