កីឡាជាតិ
បឹងកេត​តទល់​ជាមួយ​ទ័ព ក្រោយ​សូល​ទី​ឡូ​អង្គរ​ជួប​ប៉ូលិស និង​វេ​ស្ទើ​ន​ប៉ះ​វិសាខា​
21, Apr 2018 , 11:39 am        
រូបភាព
ដោយ:
​ក្រោយ​សម្រាក​មួយ​សប្តាហ៍​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​បាន​វិលត្រឡប់​មកវិញហើយ ដោយនៅ​ថ្ងៃ​សៅរ៍​ទី​២១ មេសា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​បឹងកេត ប្រជែង​តទល់​ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​)​នា​ម៉ោង​៦:៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ រីឯ​វេ​ស្ទើ​ន​ភ្នំពេញ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ភ្ញៀវ​វិសាខា នា​ម៉ោង​៣​រសៀល មុន​សូល​ទី​ឡូ​អង្គរ ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​តតាំង​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។

 
​ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​បឹងកេត ជាមួយ​ក្រសួងការពារជាតិ នា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​នេះ​។ ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​តានតឹង និង​ជក់ចិត្ត​បំផុត​សម្រាប់​ទស្សនិកជន ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​ប្រជែង​ឈរ​កំពូល​តារាង​។​
 
​បច្ចុប្បន្ន​បឹងកេត​ឈរ​លេខ​រៀង​ទី​២​ដោយមាន​១០​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល ខណៈ​ក្រសួង​ការ​ជាតិ​ឈរ​លេខ​រៀង​ទី​៣​មាន​៩​ពិន្ទុ​។ នា​ការប្រកួត​សប្តាហ៍​មុន​ក្រសួងការពារជាតិ​បាន​លត់​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៨-០ ខណៈ​បឹងកេត​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ នៅលើ​ទឹកដី​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។  
 
​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​នេះដែរ ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ​ដែល​យក​ស្មើ ១-១ ជាមួយ​បឹងកេត​កាលពី​សប្តាហ៍​មុន ត្រូវ​តទល់​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​យកឈ្នះ​អគ្គិសនី​កម្ពុជា ៤-១​។ ប​ច្ច​ប្បន្ន​ប៉ូលិស​កំពុង​ឈរ​លេខ​រៀង​ទី​៤​មាន​៧​ពិន្ទុ ខណៈ​សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​រៀង​ទី​៩​ដោយមាន​៤​ពិន្ទុ​។ 
 
​ជាមួយគ្នានេះ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ក្រោយ​បរាជ័យ​៤​ប្រកួត​ជាប់​គ្នា ត្រូវ​បើកទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​វិសាខា នា​ម៉ោង​៣​រសៀល​។ នា​ការប្រកួត​សប្តាហ៍​មុន​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​បាន​រង​ភាពអាម៉ាស់​យ៉ាង​ជូរចត់ ដោយ​ចាញ់​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ៨-០ ខណៈ​វិសាខា​បរាជ័យ​ក្រោម​ថ្វី​ជើង​អាស៊ី​អឺរ៉ុប ២-០​។ បច្ចុប្បន្ន​វិសាខា​ឈរ​លេខ​រៀង​ទី​៥​ដោយមាន​៧​ពិន្ទុ រីឯ​វេ​ស្ទើ​ន​ភ្នំពេញ​ឈរ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​៕  
 
 

Tag:
 ​បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com