ជាតិ
ឱកាស​ប្រកួតប្រជែង​ស្នាដៃ​សម្រាប់​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៩
21, Apr 2018 , 7:30 pm        
រូបភាព
​សមាគម​អ្នកនិពន្ធ​ខ្មែរ ប្រកាស​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី និង​កំណាព្យ ដើម្បី​ប្រកួតប្រជែង​យក​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៩ ឆ្នាំ​២០១៨ ដែល​នឹង​ប្រារព្ធ​នៅ​ប្រទេស​វៀតណាម​។ បេក្ខជន​អាច​ជ្រើសរើស​សរសេរ​រឿង​ខ្លី ឬ កំណាព្យ មួយណា​ក៏បាន​តាម​ជំនាញ​របស់ខ្លួន​។


​ក្នុង​គោលបំណង​ថែរក្សា និង​លើកស្ទួយ​តម្លៃ​អក្សរសិល្ប៍​ជាតិខ្មែរ និង​រឹតចំណង​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​(​ចិន ភូមា ថៃ ឡាវ កម្ពុជា និង វៀតណាម​) សមាគម​អ្នកនិពន្ធ​ខ្មែរ នឹង​រៀបចំ​ប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ស្នាដៃ រឿង​ខ្លី និង កំណាព្យ ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៩ ឆ្នាំ​២០១៨ ដែល​នឹង​ប្រារព្ធ​នៅ​ប្រទេស​វៀតណាម​។​
 
​បេក្ខជន​ត្រូវ​សរសេរ​ប្រធានបទ​«​ជីវិត និង​និរន្តរភាព​ទន្លេមេគង្គ​» សាច់រឿង​ប្រកបដោយ​ទស្សនវិជ្ជា​ជីវិត និង​សិល្ប៍​សោភ័ណ​។ អត្ថបទ​ស្នាដៃ ត្រូវ​វាយ​ដោយ​កុំព្យូទ័រ មិន​លើសពី​២០​ទំព័រ ក្រដាស A4 ប្រើ font Khmer OS Siemreap ទំហំ​11 pt​។ បេក្ខជន​ត្រូវ​ថតចម្លង​ស្នាដៃ​ដាក់​ប្រកួត​ចំនួន​៥​ច្បាប់ (​ដាក់​ក្នុង​ស្រោមសំបុត្រ ដោយមាន​គំរូ​ក្រប​ភ្ជាប់​ជាមួយ​លិខិត​)​។ 
 
​ស្នាដៃ​ដាក់​ចូលរួម​ប្រកួត ត្រូវតែ​ជា​ប្រភេទ​ស្នាដៃ​ថ្មី​មិនទាន់​បោះពុម្ពផ្សាយ ឬ​ទទួល​ជ័យលាភី​រង្វាន់​ផ្សេងៗ​។ ស្នាដៃ​ដែល​គោរព​តាម​លក្ខខណ្ឌ ទើប​ជ្រើសរើស​មក​វាយតម្លៃ​ដាក់ពិន្ទុ​។​
 
​អ្នកទទួលបាន​ជ័យលាភី​២​រូប (​ចំណាត់ថ្នាក់​លេខ​១ រឿង​ខ្លី និង​កំណាព្យ​) នឹងត្រូវ​ទៅ​ទទួល​ពានរង្វាន់​ក្នុង​មហោស្រព​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៩ នៅ​ប្រទេស​វៀតណាម​។ ការ​ស្នាក់នៅ ការហូបចុក ក្នុងពេល​ប្រារព្ធ​កម្មវិធី ជា​បន្ទុក​ភាគី​ម្ចាស់ផ្ទះ លើកលែង​សោហ៊ុយ​ធ្វើដំណើរ​អន្តរជាតិ ជា​បន្ទុក​របស់​ជ័យលាភី​។ ជ័យលាភី នឹង​ទទួលបាន ប្រកាសនីយបត្រ ពានរង្វាន់​អក្សរ​លិ​ល្ប៍​ទន្លេមេគង្គ និង​អមដោយ​ថវិកា​។​
​សាធារណជន​ដែលមាន​ចំណាប់អារម្មណ៍ ត្រូវបញ្ជូន​ស្នាដៃ​តែង​និពន្ធ​របស់ខ្លួន មកកាន់​ទី  ស្នាក់ការ​សមាគម​អ្នកនិពន្ធ​ខ្មែរ ក្នុង​បរិវេណ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ​ឱ្យបាន​មុខ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧:០០ ជា​កំណត់​។ 
 
​សូម​ទាក់ទង​តាមរយៈ​សារ​អេ​ឡេច​ត្រូ​និ​ច Email: [email protected] ទូរ​សព្ទ ០៩២ ៧៨ ៨៩ ៩០ / ០១២ ៧៩ ២៩ ៥៩ សម្រាប់​ព័ត៌មាន​បន្ថែម​៕
 
 

Tag:
 អក្សរសិល្ប៍​ខ្មែរ​
  តែង​និពន្ធ​
 
© រក្សាសិទ្ធិដោយ thmeythmey.com