ជាតិ
សេដ្ឋកិច្ច
លោកស្រីឯកអគ្គរដ្ឋទូតតួកគី សន្យាជំរុញឲ្យមានជើងហោះហើរត្រង់មកកម្ពុជា
× ភ្នំពេញ៖ ក្នុងជំនួបជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៩ ខែមេសា លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានប្ដេជ្ញាជំរុញឲ្យមានជើងហោះហើរត្រង់តួកគី-កម្ពុជា ក្នុងអណត្តិបេសកកម្មរបស់ខ្លួន។
លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតតួកគីប្រចាំប្រទេសកម្ពុជា ចង់ឲ្យកម្ពុជាក្លាយជាគោលដៅនៃជើងហើរហោះរបស់តួកគីនាពេលឆាប់ៗខាងមុខនេះ។ លោកស្រីបានលើកឡើងយ៉ាងដូច្នេះ នាជំនួបជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង។
នាជំនួបនោះ កម្ពុជា-តួកគី នឹងពន្លឿនឲ្យមានការចុះហត្ថលេខាលើអនុស្សរណៈ (MOU) នៃការយោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅខែតុលា ឆ្នាំ២០១៨ នេះ ហើយ MOU នេះ នឹងជុំរុញការវិនិយោគ ការបណ្តុះបណ្តាល និងការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុជា។
បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ជើងហោះហើរត្រង់ដែលប្រទេសតួកគីកំពុងហោះហើរបច្ចុប្បន្នមានចំនួន ១១៩ប្រទេស ដោយឆ្ពោះទៅកាន់ទីក្រុងប្រមាណ ២៥០ទីក្រុង ក្នុងនោះដែរនៅតំបន់អាស៊ានមាន ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕
Tag:
យន្តហោះ
ថោង ខុន
Ayda Ünlü
© រក្សាសិទ្ធិដោយ thmeythmey.com