កីឡាជាតិ
ស្វាយរៀង​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​, ណាហ្គា​វើ​ល​ប៉ះ​អាស៊ី​អឺរ៉ុប​, អង្គ​រថា​យ​ហ្គឺ​រ​ជួប​អគ្គិសនី​កម្ពុជា​
22, Apr 2018 , 12:21 pm        
រូបភាព
គ្រូបង្វឹកស្វាយរៀង លោក Conor Nestor
គ្រូបង្វឹកស្វាយរៀង លោក Conor Nestor
ដោយ:
ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន សម្រាប់​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុ​ជានា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២២ មេសា ឆ្នាំ​២០១៨​នេះ​។ ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រុម​ណាហ្គា​វើ​ល​ជាមួយ​អាស៊ី​អឺរ៉ុប នៅ​ម៉ោង​៦:៣០​នាទី ក្រោយ​អង្គ​រថា​យ​ហ្គឺ​រត​ទល់​ជាមួយ​អគ្គិសនី​កម្ពុជា នា​ម៉ោង​៣:៣០​នាទី​។

 
 
​ក្រោយ​ទទួលលទ្ធផល​មិនសូវ​ល្អ​សម្រាប់​ជំនួប​៤​ប្រកួត​កន្លងមក ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង ទទួល​ស្វាគមន៍​ជើង​ខ្លាំង​ភ្នំពេញ​ក្រោ​ន សម្រាប់​ជំនួប​សប្តាហ៍​ទី​៥​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុ​ជានា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨​នេះ​។ នា​ការប្រកួត​សប្តាហ៍​មុន​ក្រុម​ទាំងពីរ​សុទ្ធតែ​រង​ការខកចិត្ត​ដូចគ្នា ក្នុងនោះ​ស្វាយរៀង​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ៣-១ នៅលើ​ទឹកដី​របស់ខ្លួន ខណៈ​ភ្នំពេញ​ក្រោ​ន​ចាញ់​ណាហ្គា​វើ​ល ១-០ នៅលើ​ទឹកដី​ខ្លួនឯង​ផងដែរ​។ 
 
​សម្រាប់​ប្រកួត​កន្លងមក​ស្វាយរៀង​ធ្លាប់​ស្គាល់​ជ័យជម្នះ​១​លើក ស្មើ​២ និង​ចាញ់​១​លើក ខណៈ​ភ្នំពេញ​ក្រោ​ន​ស្គាល់​ជ័យជម្នះ​២​លើក​ស្មើ​១ និង​ចាញ់​១​។ បច្ចុប្បន្ន​ស្វាយរៀង​កំពុង​ឈរ​លេខ​រៀង​ទី​៨​ដោយមាន​៥​ពិន្ទុ រីឯ​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​រៀង​ទី​៦​ដោយមាន​៧​ពិន្ទុ​។ 
 
​នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រុម​ណាហ្គា​វើក​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​។ ណាហ្គា​វើ​ល​ត្រូវការ​ឈ្នះ​អាស៊ី​អឺរ៉ុប​នៅ​ល្ងាច​នេះ ដើម្បី​ប្រជែង​ដណ្តើម​ឈរ​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​៥​។ ប៉ុន្តែ​វា​មិន​ងាយស្រួល​នោះទេ​សម្រាប់​ណាហ្គា​វើ​ល ព្រោះ​អាស៊ី​អឺរ៉ុប​ជា​ក្រុម​កំពុង​ឡើង​ជើង​នៅក្នុង​រដូវ​កាល​ឆ្នាំ​២០១៨​នេះ​។ បើ​មើ​លពី​ការប្រកួត​កន្លងមក​ក្នុងចំណោម​៤​ប្រកួត​អាស៊ី​អឺរ៉ុប​ឈ្នះ​២ និង​ចាញ់​២ តែ​ការ​ចាញ់​របស់គេ គឺ​របូត​គ្រាប់​បាល់​តិចតួច​បំផុត​។    
 
​សម្រាប់​ជំនួប​កាលពី​សប្តាហ៍​មុន​អាស៊ី​អឺរ៉ុប​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ទស្សនិកជន តាមរយៈ​ការយក​ឈ្នះ​ក្រុម​ចំណូល​ថ្មី​វិសាខា​ដែលមាន​កីឡាករ​បរទេស​ខ្លាំងៗ​ក្នុង​លទ្ធផល ២-០​។ រីឯ​ណាហ្គា​វើ​ល យកឈ្នះ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​យ៉ាង​តានតឹង​ក្នុង​លទ្ធផល ១-០​។ ប៉ុន្តែ​៤​ប្រកួត​កន្លងមក​ណាហ្គា​វើ​ល​មិនដែល​ស្គាល់​បរាជ័យ​នោះទេ គឺ​ឈ្នះ​៣ និង​ស្មើ​១​។ 
 
​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ដែល​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣-១ កាលពី​សប្តាហ៍​មុន ត្រូវ​តទល់​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា ដែល​បរាជ័យ ៤-១ ក្រោម​ថ្វី​ជើង​អគ្គស្នងការ​នគរបាល​ជាតិ​។ 
 
​សម្រាប់​ជំនួប​កាលពី​ថ្ងៃ​សៅរ៍ ទី​២១ មេសា ឆ្នាំ​២០១៨ ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៥​ដោយមាន​១៣​ពិន្ទុ​។ រីឯ​អគ្គស្នងការ​នគរបាល​ជាតិ យកឈ្នះ​ក្រុម​ចំណូល​ថ្មី សូល​ទី​ឡូ​អង្គរ ក្នុង​លទ្ធផល ២-១​។ 
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ក្នុង​លទ្ធផល ៣-០ ដើម្បី​ឲ្យ​ក្រុម​នេះ​ស្គាល់​បរាជ័យ​ជា​លើក​ទី​៥​។ បច្ចុប្បន្ន​វិសាខា​កំពុង​ឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន ដោយមាន​១០​ពិន្ទុ ខណៈ​វេ​ស្ទើ​ន​ឈរ​បាត​តារាង​ដោយមាន​សូន្យ​ពិន្ទុ​៕  

Tag:
 ​បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com