អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅស្រះទាំង២ (ខាងជើង ខាងត្បូង) នៅប្រាសាទអង្គរវត្ត នៅថ្ងៃចន្ទ ទី២៣ ខែមេសានេះ។ គម្រោងកំណាយស្រាវជ្រាវស្រះទឹកអង្គរវត្ត គ្រោងធ្វើចំណាយពេល ពី១ខែកន្លះ ទៅ២ខែ។
តាមអាជ្ញាធរជាតិអប្សរា ការធ្វើកំណាយនេះ គឺដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងទ្រង់ទ្រាយរបស់ស្រះ មុននឹងអ្នកជំនាញ ជួសជុលកែលំអច្រាំងរបស់ស្រះទឹក ឱ្យស្របតាមលំនាំចាស់ ចៀសវាងមានផលប៉ះពាល់ណាមួយ។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា កំណាយនេះ ធ្វើឡើងតាមយោបល់អ្នកជំនាញការអាដហុក របស់គណៈកម្មការអាយស៊ីស៊ី-អង្គរ។ បើតាម លោក លី វណ្ណា គម្រោងជួសជុលស្រះទឹកអង្គរវត្តនេះ គឺដើម្បីស្ដារ និងដាក់ទឹកឱ្យបានច្រើន និងយូរ សម្រាប់លើកសោភ័ណភាពនៅទីនោះ៕
អាជ្ញាធរជាតិអប្សរា គ្រោងធ្វើកំណាយស្រាវជ្រាវនៅស្រះទាំង២អង្គរវត្ត ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរួច។ នេះជាគម្រោងសិក្សាស្រាវជ្រាវ រកពីរចនាសម្ព័ន្ធរបស់ស្រះ ដើម្បីលទ្ធភាពជួសជុលនាពេលខាងមុខ។
យោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា កំណាយនៅផ្នែកខ្លះនៃស្រះខាងជើង និងខាងត្បូងប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមធ្វើនៅក្រោយបុណ្យចូលឆ្នាំខ្មែរ។ កំណាយនេះ ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងទ្រងទ្រាយរបស់ស្រះ មុនអ្នកជំនាញធ្វើការជួសជុលឱ្យស្របតាមលំនាំចាស់ និងជៀងវាងផលប៉ះពាល់ណាមួយ។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានថ្លែងឱ្យដឹងថា កំណាយស្រាវជ្រាវបុរាណវិទ្យានេះធ្វើឡើងតាមយោបល់អ្នកជំនាញការអាដហុក របស់គណៈកម្មការ អាយស៉ីស៉ី-អង្គរ ដែលសុំឱ្យអ្នកជំនាញធ្វើកំណាយ មុននឹងជួសជុល និងកែលំអស្រះទាំងពីរ។
កន្លងមក ភ្ញៀវទេសចរជាច្រើនបានជាប់ចិត្តនឹងសម្រស់ស្រះខាងជើង និងត្បូង ដោយសារវាឆ្លុះកំពូលនៃប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជិតឆ្ងាយ តែងផ្ដិតរូបភាពពួកគេជាមួយទិដ្ឋភាពស្រះទឹក ដែលឆ្លុះចាំងកំពូលប្រាសាទដ៏ស្រស់ស្អាត ពិេសសពេលមានទឹកច្រើនក្នុងរដូវវស្សា។ លោក លី វណ្ណា ថ្លែងថា គម្រោងនេះក៏ដើម្បីស្ដារ និងដាក់ទឹកឱ្យបានច្រើន និងយូរ សម្រាប់លើកសោភ័ណ្ឌភាពនៅទីនោះផងដែរ។
គម្រោងកំណាយស្រាវជ្រាវនៅស្រះអង្គរ គ្រោងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងប្រើពេលចន្លោះពី១ខែកន្លះ ទៅ២ខែ។ អាជ្ញាធរជាតិអប្សរា ស្នើឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងសាធារណជនទាំងអស់ យោគយល់ និងជ្រាបពីព័ត៌មាននេះ៕