ជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​ដកហូត​កោះ​៣០ ពី​ក្រុមហ៊ុន​ឯកជន​វិញ​
23, Apr 2018 , 10:07 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល ព្រមាន​ដកហូត​កោះ​ចំនួន​៣០ ពី​ក្រុមហ៊ុន​ឯកជន ត្រឡប់មក​គ្រប់គ្រង​វិញ ។ ការព្រមាន​របស់​រដ្ឋា​ភិ​បាល​នេះ​ធ្វើឡើង បន្ទាប់ពី​ពិនិត្យឃើញថា ផែនការ​អភិវឌ្ឍ​កោះ​របស់​ក្រុមហ៊ុន​ទាំងនោះ នៅជាប់​គាំង​។​



​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្គាប់​ឲ្យ​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ត្រួតពិនិត្យ​ឡើងវិញ លើ​ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល សម្រាប់​គម្រោង​អភិវឌ្ឍ​ន៍​កោះ​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​»​ជា​ផ្លូវការ នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៣ មេសា សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គួរតែ​និយាយថា បណ្ដា​កោះ​នៅតាម​សមុទ្រ​របស់​យើង ប្រហែលជា​ដំរី​ផើម​ទាំងអស់ បើ​គិត​ទៅតាម​រយៈពេល​នៃ​យើង​ចាប់ផ្ដើម​ធ្វើការ​ផ្ដល់ឱកាស​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​នានា​។ គឺ​ក្រុមហ៊ុន​នានា​ឥឡូវនេះ មាន​ប្រហែល​៣០​កោះ ដែល​យើង​ត្រូវ​ដកហូត​ត្រឡប់​វិញ ដោយសារតែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ទាំងអស់​។​ដូច្នេះ​ខ្ញុំ​បានផ្ដល់​ឲ្យ​ឯកឧត្តម​សុខ​ចិន្តា សោភា ធ្វើការ​ពិនិត្យ ដើម្បី​ដកហូត​កោះ​ទាំងនោះ​ត្រឡប់មកវិញ ហើយ​រៀបចំ​ការវិនិយោគ​សារជាថ្មី មិនអាច​ទុក​ឲ្យ​កោះ​របស់​យើង នៅ​ដោយ​គ្មាន​ការគ្រប់គ្រង ហើយ​ទុក​ឲ្យ​អ្នកទទួល​សិទ្ធិ​វិនិយោគ​ចេះតែ​ដើរ​លក់​បន្ត​ឡើយ​»​។​

​បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​ឲ្យ​ដកហូត​កោះទន្សាយ ពី​ក្រុមហ៊ុន​ឯកជន​ផងដែរ ដោយសារតែ​មិនមាន​ការអភិវឌ្ឍ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​។​

​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន កោះ​ទាំងអស់​ដែល​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​ន៍​នោះ គឺ​សុទ្ធតែជា​របស់​រដ្ឋ មិនមែនជា​របស់​ឯក​ជន​ឡើយ ពោលគឺ​រដ្ឋាភិបាល​មាន​សិទ្ធិ​ដកហូតយក​មកវិញ​គ្រប់ពេលវេលា​៕


Tag:
 ហ៊ុន សែន​
 ​កោះ
© រក្សាសិទ្ធិដោយ thmeythmey.com