លោក ម៉ាត់ ច្នៃ​គ្រឿងយន្ត​បាច​ជី និង​បាញ់ថ្នាំ​ស្រូវ សន្សំ​ប្រាក់​បាន​ជាង​១៦​លាន​រៀល​ក្នុង​មួយរដូវ​
ជាតិ
រថយន្ត
សេដ្ឋកិច្ច
លោក ម៉ាត់ ច្នៃ​គ្រឿងយន្ត​បាច​ជី និង​បាញ់ថ្នាំ​ស្រូវ សន្សំ​ប្រាក់​បាន​ជាង​១៦​លាន​រៀល​ក្នុង​មួយរដូវ​
23, Apr 2018 , 8:59 pm        
រូបភាព
​កណ្តាល​៖ យ៉ាងហោចណាស់ លោក បាង ម៉ាត់ អាច​កាត់​ចំណាយបាន​ជាង ១៦​លាន​រៀល ឬ​ជាង​៤​ពាន់​ដុល្លារ ក្នុង​មួយ​រដូវ​ធ្វើស្រែ ដោយ​គ្រាន់តែ​ច្នៃ​គ្រឿងយន្ត​បាច់​ជី និង​បាញ់ថ្នាំ​ស្រូវ ជំនួស​ការប្រើ​កម្លាំង​មនុស្ស​។ ក្រៅពី​បាន​ជួយ​កាត់បន្ថយ​បាន​យ៉ាងច្រើន គ្រឿងចក្រ​កែច្នៃ​មួយ​នេះ ក៏​ជួយ​ឲ្យ​លោក ម៉ាត់ បាន​ចំណេញ​ពេលវេលា​ច្រើន​ផងដែរ​។​



​លោក បាង ម៉ាត់ ជា​កសិករ​ម្នាក់ នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្ដាល ដែលមាន​ដីស្រែ​ចំនួន​៤៦​ហិកតា​។ ជាទូទៅ ក្នុង​មួយ​រដូវ​ធ្វើស្រែ លោក ម៉ាត់ ត្រូវ​ចំណាយ​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​លើ​កម្លាំង​ពលកម្ម ការថែទាំ និង​ប្រឈម​នឹង​ផលប៉ះពាល់​សុខភាព​ច្រើន ទម្រាំ​ស្រូវ​បាន​ផល​។ ព្រោះតែ​ចង់​កាត់បន្ថយ​ការចំណាយ​ទើប លោក បាង ម៉ាត់ បាន ដំឡើង​គ្រឿងយន្ត​មួយគ្រឿង​ដោយ​ខ្លួនឯង ទុក​ប្រើប្រាស់​សម្រាប់​បាញ់ថ្នាំ  និង​បាច​ជី​ស្រូវ ជំនួស​ឲ្យ​ការប្រើ​កម្លាំង​មនុស្ស​។ លោក ម៉ាត់ បញ្ជាក់​៖ «​ខ្ញុំ​មើល​គំរូ​គ្រឿងចក្រ​នេះ ពី​ប្រទេស​វៀតណាម នៅពេលដែល​ខ្ញុំ​ទៅ​ទិញ​គ្រឿង​ដែក​នៅ​ប្រទេស​នោះ​។ លោក​ចំណាយពេល​រក​វត្ថុធាតុដើម ដែក និង​ការដំឡើង ប្រមាណ​២៥​ថ្ងៃ ហើយ​ចំណាយ​ទុន​អស់​ប្រមាណ​៦៣០០​ដុល្លារ​»​។​



​ការប្រើប្រាស់​គ្រឿងយន្ត​នេះ បាន​ជួយ​កាត់បន្ថយ​ការចំណាយ​របស់លោក ម៉ាត់ យ៉ាងច្រើន ថែមទាំង​មិនសូវមាន​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស ដែល​ត្រូវ​បាញ់ថ្នាំ បាច​ជី​ស្រូវ​ច្រើន​ដូច​ពីមុន​នោះ​។ លោក បាង ម៉ាត់ បញ្ជាក់​៖« គ្រឿងយន្ត​មួយ​នេះ​ជួយ​បាន​ច្រើន​មែនទែន កាត់បន្ថយ​ការចំណាយ​កម្លាំង​មនុស្ស និង​ប្រាក់ ជួយ​ដល់​សុខភាព និង​ពេលវេលា​។ ឥឡូវ​យើង​ពិបាក​រក​កម្លាំង​មនុ​ស្សមក​ធ្វើ​ការងារ​ស្រែចម្ការ​ខ្លាំងណាស់ ព្រោះ​គេ​ចំណាកស្រុក និង​ធ្វើការ​រោងចក្រ​អស់ហើយ​»​។​



​តាម​លោក ម៉ាត់ ក្នុង​មួយ​រដូវ​ស្រូវ​ដែលមាន​អាយុ​៣​ខែ ត្រូវ​បាញ់ថ្នាំ និង​បាច​ជី ពី​៥​ទៅ​៦​ដង ហើយ​ការបាញ់​ថ្នាំ និង​បាច​ជី​ម្តងៗ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៣.៤​លាន​រៀល ឬ​ស្មើនឹង​ជាង​៨៥០​ដុល្លារ លើ​កម្លាំង​ពលកម្ម​។ ប៉ុន្តែ​បើ​ប្រើ​គ្រឿងចក្រ​វិញ លោក ម៉ាត់​ថា ចំណាយពេល​តិច ហើយ​ត្រូវការ​មនុស្ស​តែ​២​នាក់​ប៉ុណ្ណោះ​។ ចំណែក​ការចំណាយ​វិញ គឺ​អស់​តែ​ថ្លៃ​ប្រេង​ជាង ៨​ម៉ឺន​រៀល​ប៉ុណ្ណោះ លើ​ការបាញ់​ថ្នាំ និង​បាច​ជី ម្តងៗ​។ លោក បាង ម៉ាត់ បញ្ជាក់​៖«​បើ​ប្រើ​កម្លាំង​មនុស្ស​បាញ់ថ្នាំ គេ​ស៊ី​មួយ​ធុង​ស្ពាយ​ក្រោយ​ហ្នឹង​៤​ពាន់​រៀល​។ មួយថ្ងៃ​គេ​អាច​បាញ់​បាន​ចន្លោះ​ពី​១០​ធុង ទៅ​២០​ធុង ទៅតាម​កម្លាំង​របស់គេ ហើយ​បាញ់​មួយអាទិត្យ​ទើប​ហើយ​។ បើ​បាច​ជី​វិញ ក្នុង​មួយថ្ងៃ​ខ្ញុំ​ឲ្យ​គេ ៥​ម៉ឺន​រៀល​។ នេះ​សម្រាប់​អ្នក​ខំធ្វើការ ហើយ​មួយថ្ងៃ ត្រូវការ​មនុស្ស​ពី​១០ ទៅ​១២​នាក់​។ បាច​៣​ថ្ងៃ​ហើយ​។ ដូច្នេះ​បើ​គិត​ក្នុង​មួយ​រដូវ ដី​៤៦​ហិច​តា​នេះ អស់​ច្រើន​»​។



​ក្រៅពី​ប្រើ​សម្រាប់​បាញ់ថ្នាំ និង​បាច​ជី​ស្រូវ លោក ម៉ាត់​ថា គ្រឿងយន្ត​នេះ ក៏​អាច​ព្រោះស្រូវ និង​បាញ់ថ្នាំ​លើ​ដំណាំ​ផ្សេងទៀត​ដែរ ដូចជា ពោត និង​ស្វាយ​ជាដើម​។



​កសិករ​រូបនេះ​បញ្ជាក់ថា ប្រសិនបើ​មាន​កសិករ​ខ្មែរ​ណា ចង់​ឲ្យ​លោក​ដំឡើង​គ្រឿងចក្រ​នេះ សម្រាប់​ការងារ​កសិកម្ម លោក​អាច​ដំឡើង​ឲ្យ​បាន ដោយ​យក​សោហ៊ុយ​ថ្លៃ​កម្លាំង​ប្រមាណ ៤ ទៅ ៥០០​ដុល្លារ​អាមេរិក អាស្រ័យ​លើ​ពេលវេលា​៕







Tag:
 គ្រឿងយន្ត​
 ​កសិកម្ម​
 ​កសិករ​
 ​កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 64022 [1] => 9,75,11 [2] => លោក ម៉ាត់ ច្នៃ​គ្រឿងយន្ត​បាច​ជី និង​បាញ់ថ្នាំ​ស្រូវ សន្សំ​ប្រាក់​បាន​ជាង​១៦​លាន​រៀល​ក្នុង​មួយរដូវ​ [3] => content [4] => [5] => គ្រឿងយន្ត​,​កសិកម្ម​,​កសិករ​,​កណ្តាល​ [6] => 124 [7] => 0 [8] => )