ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក រហូតដល់​ដំណាច់ឆ្នាំ​២០២០
23, Apr 2018 , 5:53 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការអនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដែល​ផុត​សុពលភាព​ត្រឹម​ឆ្នាំ​២០១៧ កន្លងទៅ បាន​បន្ត​អាយុកាល​ឡើងវិញ​រហូតដល់​ដំណាច់ឆ្នាំ​២០២០ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២០​ខែមេសា​។​



​ការបន្ត​សុពលភាព​នៃ​ការអនុគ្រោះ​ពន្ធ GSP នេះ កើតឡើង​បន្ទាប់ពី​លោក​ប្រ​ធានា​ធីប​តី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​។ ការបន្ត​ឡើងវិញ​នៃ GSP នេះ ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៨ រហូត​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០ ។

​ប៉ុន្តែ​ការបន្ត​ឡើងវិញ​នៃ​ប្រព័ន្ធ GSP នេះ គឺ​ភ្ជាប់​ជាមួយនឹង​ការធ្វើ​ប្រតិសកម្ម ចាប់ពី​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៨ ។ បានសេចក្ដីថា​សុពលភាព​របស់ GSP នេះ ចាប់​គិតពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០ ។

​សេចក្ដីជូនដំណឹង​ខាងលើ​បញ្ជាក់ថា អ្នក​នាំ​ចូលទៅ​សហរដ្ឋអាមេរិក ចាប់ពី​ខែមករា ក្រោម​របប​អនុគ្រោះ GSP  នេះ អាច​ស្នើសុំ​ដក​ប្រាក់​ពន្ធ​ដែល​បាន​បង់​រួចមក​វិញ​បាន​។​

​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​អនុគ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ GSP នេះ​លើ​ផលិតផល​ធ្វើដំណើរ (Travel Goods) ជាពិសេស​ផលិតផល​កាបូប ចាប់ពី​ចុងឆ្នាំ​២០១៦ ។ ចំពោះ​ទឹកប្រាក់​នាំចេញ​ទំនិញ​ប្រភេទ​នេះ​ទៅ​អាមេរិក ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧ កន្លងទៅ មាន​ទំហំ ២០០​លាន​ដុល្លារ ដោយ​រួច​ប្រាក​ពន្ធ​ដែល​ត្រូវ​បង់​សរុប ១០​លាន​ដុល្លារ​។ ការអនុគ្រោះ​ពន្ធ​នេះ បាន​បង្កើន​សន្ទុះ​វិនិយោគ​លើ​វិស័យនេះ​នៅ​កម្ពុជា​ពី​សំណាក់​វិនិយោគ​បរទេស ដោយ​ការនាំចេញ​កាលពី​ឆ្នាំ​២០១៥ មាន​ទំហំ​តែ ៤៨​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ព្រោះថា ការអនុគ្រោះ​នេះ បាន​ផ្ដល់ឱកាស​ប្រកួតប្រជែង​កាន់តែច្រើន​ដល់​វិនិយោគិន​ទាំងនោះ​។​

​ការអនុគ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ GSP នេះ សហរដ្ឋអាមេរិក​ផ្ដល់​ឲ្យ​ដល់​ប្រទេស អភិវឌ្ឍន៍​តិចតួច​មួយចំនួន​លើ​សកលលោក​។ បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ពា​ណិ​ជ្ចក​ម្ម​របស់​កម្ពុជា ដែល​បាន​ថ្លែងប្រាប់​អ្នកកាសែត កាលពីពេល​កន្លងមក សហរដ្ឋអាមេរិក​ជាធម្មតា​តែងតែ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​នេះ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ម្ដង​៕



Tag:
 GSP
© រក្សាសិទ្ធិដោយ thmeythmey.com