បទវិភាគ
សង្គមជាតិ
ស្ថាប័ន​ឈឺក្បាល​នឹង​មន្ត្រី​-​បុគ្គលិក​-​កម្មករ​លេង​ហ្វេ​ស​ប៊ុ​ក​អត់​ធ្វើការ​…!
30, Sep 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់ បាន និង​កំពុង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​។ ការប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​អាចមាន​ប្រយោជន៍​ច្រើន ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​គុណវិបត្តិ​ច្រើន​ដល់​អ្នកប្រើប្រាស់​ប្រើ​មិន​ចំ​ទិសដៅ​ដែរ​។ បុគ្គលិក​ក្រុមហ៊ុន អង្គការ និង​រដ្ឋ​មួយចំនួន​គិតតែ​ពី​លេង​ហ្វេ​ស​ប៊ុ​ក​ក្នុង​ម៉ោង​ធ្វើការ​។ តើ​ទង្វើ​នេះ​ជាការ​បាត់បង់​ផលិតភាព និង​ប្រសិទ្ធិភាព​ការងារ​មែន​ឬទេ​?



​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​គេ​បង្កើតឡើង​នៅ​ឆ្នាំ​២០០៤​នៅ​សហរដ្ឋអាមេរិក​ដោយ​ជនជាតិ​អាមេរិកកាំង​។ បន្ទាប់មក​បណ្តាញ​សង្គម​មួយ​នេះ​ចេះតែ​រីកសាយ​ភាយ​និង​មាន​ប្រជាប្រិយភាព​បន្តិច​ម្តងៗ​នៅលើ​ពិភពលោក ជាពិសេស នៅក្នុង​ប្រទេស​ជឿនលឿន​។

​ចំពោះ​ប្រទេស​កម្ពុជា​វិញ ហ្វេ​ស​ប៊ុ​កបាន​ចូលមក​កាលពី​ឆ្នាំ​២០០៦ ប៉ុន្តែ​វា​មាន​ភាពល្បីល្បាញ​និង​ទាក់ទាញ​យុវជន​ខ្មែរ​ខ្លាំង​នៅ​ដើមឆ្នាំ​២០១០ និង​រឹតតែ​ល្បីល្បាញ​នៅក្នុង​អំឡុង​ការបោះឆ្នោត​ឆ្នាំ​២០១៣​នាពេល​កន្លងមក​។ រហូតមកដល់​សព្វថ្ងៃ​នេះ គេ​មិនទាន់មាន​តួលេខ​បញ្ជាក់​ច្បាស់លាស់​ពី​ចំនួន​ប្រជាជន​ខ្មែរ​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​យោងតាម​ការប៉ាន់ស្មាន​មួយចំនួន ប្រជាជន​ខ្មែរ​នៅក្នុង និង​ក្រៅប្រទេស ជាពិសេស យុវជន​យុវនារី​ច្រើន​លាន​នាក់​បាននិងកំពុង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​។

 តើ​ការប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ផ្តល់​គុណសម្បត្តិ និង​គុណវិបត្តិ​យ៉ាងណាខ្លះ​ដល់​សង្គម​?

​ប្រសិនបើ​គេ​គិតពី​គំនិត​ដើម​របស់​អ្នកបង្កើត​ហ្វេ​ស​ប៊ុ​ក ហ្វេ​ស​ប៊ុ​កមាន​ប្រយោជន៍​ច្រើន​រាប់មិនអស់​។ ហ្វេ​ស​ប៊ុ​ក​គឺជា​បណ្តាញ​សង្គម​ដ៏​មាន​ប្រសិទ្ធិភាព​ដែល​អនុញ្ញាតអោយ​មនុស្ស​ទាំងអស់​នៅក្នុង​ពិភពលោក​អាច​ទំនាក់ទំនង​គ្នា​បាន​។ អ្វីដែល​ហ្វេ​ស​ប៊ុ​កមាន​លក្ខណៈពិសេស​លើសពី​អ៊ីមែល​គឺ​នៅត្រង់ថា ហ្វេ​ស​ប៊ុ​ក​អនុញ្ញាតអោយ​មនុស្ស​ច្រើន​ពាន់ ម៉ឺន​នាក់​អាច​ចែករំលែក​ព័ត៌មាន​គ្នា​បាន​ក្នុងពេល​ដ៏​ខ្លី​បំផុត​។ ហ្វេ​ស​ប៊ុ​ក ពេលខ្លះ​ត្រូវបាន​គេ​ឲ្យ​និយមន័យ​ថា ជាទី​លាន​បញ្ចេញមតិ​នៅលើ​«​លំហ​អាកាស​»​។  ម្យ៉ាងវិញទៀត អ្នកលេង​ហ្វេ​ស​ប៊ុ​ក​អាច​ជជែក​គ្នា​បាន​ភ្លាមៗ​ជាមួយ​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​ក្នុងពេល​តែមួយ​។ អ្នកខ្លះ Chat ជាមួយ​មិត្តភក្តិ​២ ៣ ៤ ឬ​៥​នាក់​ព្រម​ពេល​ជាមួយគ្នា​។ អ្នកខ្លះ​អត់បាយ​អត់​ទឹក​ដោយសារតែ​ការ​Chat ជាមួយគ្នា​ទៅវិញទៅមក​។​

​ក្រៅពី​ការចែករំលែក​ព័ត៌មាន​ធម្មតា​អោយ​គ្នា​ទៅវិញទៅមក ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​សកម្មជន​នយោបាយ​មួយចំនួនធំ​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ ឬ​វាយប្រហារ​ដៃគូរ​នយោបាយ​របស់ខ្លួន​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ដែល​ខ្លួន​មាន​។ ជា​រៀងរាល់ថ្ងៃ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន តែងតែ​ឆ្លៀត​យក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ហាញ​ផលិតផល​នេះ​ឬ​ផលិតផល​នោះ​ទៅកាន់​មិត្តភក្តិ​របស់គេ​។ ផលប្រយោជន៍​ខ្លាំង​របស់​ហ្វេ​ស​ប៊ុ​ក​ក្នុងការ​ផ្សាយពាណិជ្ជកម្ម​គឺជា​ការផ្សព្វផ្សាយ​ដោយ​មិន​បង់​ប្រាក់កាស​ច្រើន​ដូច​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅតាម​ទូរទស្សន៍ ឬ​វិទ្យុ​។ មនុស្ស​ម្នាក់ៗ​អាច​ផ្សព្វផ្សាយ​នូវ​ផលិតផល​អ្វីដែល​លោកអ្នក​មាន​។ តែ​ទោះជា​យ៉ាងណា ការផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ទទួលបាន​ផល​តិចជាង​ការផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន​អាជីព​ដែរ​។

​ដោយ​មិន​និយាយ​ពី​គោលដៅ​ពាណិជ្ជកម្ម អ្នកខ្លះ​ចាត់ទុក​ហ្វេ​ស​ប៊ុ​កថា ជា​មិត្តភក្តិ​ដ៏​ល្អ​ដែល​មិនអាច​អត់​បានឡើយ​។ ពួកគេ​ចាត់ទុក​ហ្វេ​ស​ប៊ុ​ក​ជា​មិត្តភក្តិ​ពីព្រោះ​ហ្វេ​ស​ប៊ុ​ក​អាចជួយ​កែ​អផ្សុក​គេ​បាន​។ អ្នក​ខ្លះទៀត​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ភ្ជាប់​ស្នេហ៍ ឬ​ផ្តាច់​ស្នេហ៍​ទៅវិញ​។ យុវវ័យ​មួយចំនួន​បាន​ភ្ជាប់​ស្នេហ៍ ហើយ​នៅ​ទីបំផុត អាច​ឈានទៅ​ក្រេប​ទឹកឃ្មុំ​ជាមួយគ្នា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ហ្វេ​ស​ប៊ុ​កបាន​ក្លាយទៅជា​ទីកន្លែង​សម្រាប់​បញ្ចេញ​អារម្មណ៍ ខឹង សប្បាយ ច្រណែន កើតទុក្ខ​។​ល​។

​អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​តាមដាន​ស្ថានការណ៍​កម្ពុជា​តាំងពី​ដើមឆ្នាំ​៩០​មក បាន​អត្ថាធិប្បាយ​ថា ហ្វេ​ស​ប៊ុ​កមាន​គុណសម្បត្តិ​ច្រើន​មែន ប៉ុន្តែ​ហ្វេ​ស​ប៊ុ​ក​ក៏មាន​គុណវិបត្តិ​ច្រើន​ដែរ ប្រសិនបើ​អ្នកប្រើប្រាស់ ប្រើ​ខុស​គោលដៅ​របស់​វា​នោះ​។

​បើ​និយាយ​អោយ​ជាក់ស្តែង​តែម្តងទៅ ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​មិនមាន​គុណវិបត្តិ​អ្វី​ទេ​។ គុណវិបត្តិ​ទាំង​អម្បាលម៉ាន​ដែល​បាន​រៀបរាប់​ខាងលើ​គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ទាំងអស់​។
​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ញៀន​នឹង​ហ្វេ​ស​ប៊ុ​ក​នោះបាន​ចំណាយពេល​យ៉ាងច្រើន​ជាមួយ​បណ្តាញ​សង្គម​មួយ​នេះ​។ អ្នកខ្លះ​ញៀន​លេង​រហូតដល់​ទៅ​ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​រៀន​ភ្លេច​សូត្រ​ឬ​ភ្លេច​ការងារ​ក៏មានដែរ​។ យុវជន​ខ្លះ​អង្គុយ​នៅមុខ​កុំព្យូទ័រ​ទំនង​ដូចជា​ធ្វើ​កិច្ចការ​គ្រូ​ដាក់​ឲ្យ ឬ​ទំនងជា​ធ្វើ​កិច្ចការ​របស់​ស្ថាប័ន​អ៊ីចឹង​។ តាមពិត ពួកគេ​លេង​ហ្វេ​ស​ប៊ុ​ក​ច្រើនជាង​ធ្វើ​កិច្ចការ​ដែលមាន​ប្រយោជន៍​។​

​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​បានបង្ហាញ​អោយឃើញថា មិនមែន​តែ​យុវជន​ទេ​ដែល​ប្រើប្រាស់​ខុស​ទិសដៅ​នោះ​។ តាមពិត មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន និង​បុគ្គលិក​អង្គការ​មួយចំនួន​បាននិងកំពុង​វក់វី​នឹង​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ខុស​ទិសដៅ​។ បុគ្គលិក​រដ្ឋ ក្រុមហ៊ុន​និង​អង្គការ​ខ្លះ​ធ្វើការ​ផង​លេង​ហ្វេ​ស​ប៊ុ​ក​ព្រម​ពេល​ជាមួយគ្នា​។ បុគ្គលិក​ខ្លះទៀត លេង​ហ្វេ​ស​ប៊ុ​ក​ច្រើនជាង​ធ្វើការ មានន័យថា ពួកគេ​អង្គុយ​នៅមុខ​កំ​ព្យូ​ទ័​រ​មែន​ប៉ុន្តែ​ពួកគេ​គិតតែ​ពី​ជជែក​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​។

​ពេលខ្លះ ក្រៅពី​ជជែក​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ពួកគេ​មួយចំនួន​គិតតែ​ពី​ឆែក​មើល​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​ស្ទើរ​រាល់​ម៉ោង​។ លើសពីនេះទៅទៀត គេ​សង្កេតឃើញ​អ្នកខ្លះ យក​វេទិកា​ហ្វេ​ស​ប៊ុ​ក​ជេរប្រមាថ​គ្នា​ដោយ​គ្មាន​សីលធម៌ និង​បង្កើត​ឲ្យ​មានគំនិត​ហិង្សា​ក្នុង​ទម្រង់​ផ្សេងៗ​។  និន្នាការ​អាក្រក់​នេះ​បាននិងកំពុង​កើតមាន​កាន់តែ​ច្រើនឡើងៗ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​នៅក្នុង​សង្គម​ខ្មែរ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ យុវជន និង​យុវនារី​ខ្លះ​ឆ្លៀត​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ដើម្បី​«​លក់ខ្លួន​» ឬ​ផ្ទុយទៅវិញ អ្នកប្រើប្រាស់​ខ្លះ ប្រើប្រាស់​បណ្តាញ​សង្គម​ខុស​គោលដៅ នាំគ្នា​លួច​មើល​តែ​រឿង​«​អាសអាភាស​»​នៅតាម​បណ្តាញ​អន​ឡាញ​។ និយាយ​សរុប​ឲ្យ​ខ្លី គឺថា ហ្វេ​ស​ប៊ុ​ក បាននិងកំពុង​ឆក់យក​ពេលវេលា​ដ៏​មានតម្លៃ​របស់​បុគ្គលិក កម្មករ និង​មន្ត្រីរាជការ និង​ពេលខ្លះ ហ្វេ​ស​ប៊ុ​កប​ង្ក​ឲ្យ​មាន​ហិង្សា​ផ្នែក​អារម្មណ៍​។

​ដោយសារតែ​មើលឃើញ​ទម្លាប់​អាក្រក់​កើតមាន​កាន់តែច្រើន ទើប​ស្ថាប័នឯកជន​មួយចំនួន​ចាប់ផ្តើម​មាន​វិធានការ​ហាមឃាត់​មិនអោយ​បុគ្គលិក​របស់ខ្លួន​លេង​ហ្វេ​ស​ប៊ុ​ក​នៅក្នុង​ម៉ោង​ធ្វើការ​។ ក្រៅ​ម៉ោង​ធ្វើការ​ទើប​បុគ្គលិក​មាន​សិទ្ធិ​លេង​ហ្វេ​ស​ប៊ុ​កបាន​។​

​អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​បាន​ទាញ​សញ្ញា​អាសន្ន​ថា ប្រសិនបើ​បុគ្គលិក មិន​ថា បុគ្គលិក​រដ្ឋ ឯកជន ឬ​អង្គការ​នោះទេ​គិតតែ​ពី​លេង​ហ្វេ​ស​ប៊ុ​ក​ឬ​លេង​ផង​និង​ធ្វើការ​ផង​នោះ ពេលនោះ ផលិតភាព​និង​ប្រសិទ្ធិភាព​ការងា​សម្រាប់​ស្ថាប័ន​នឹងត្រូវ​កាត់បន្ថយ​។​

​ប្រសិនបើ​ស្ថាប័ន​បាត់បង់​ផលិតភាព​កាន់តែ​ខ្ពស់ ពេលនោះ ស្ថាប័ន​នោះ​អាច​ក្ស័យធន​។ ស្ថាប័ន ក្ស័យធន បុគ្គលិក​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​។ អត្រា​នៃ​អ្នក​អត់​ការងារ​កើនឡើង​កាន់តែ​ខ្ពស់ ពេលនោះ​បញ្ហា​សង្គម​ដោះស្រាយ​មិន​ចេញ​នឹង​កើតឡើង​៕


Tag:
 ហ្វេ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com