ជាតិ
សេដ្ឋកិច្ច
ការអនុគ្រោះពន្ធ៖ CPP ចំអកថា អាមេរិកលើកញញួរយក្សវាយបក្សប្រឆាំង
× ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ចាប់ផ្ដើមមានទឹកមាត់ប្រៃឡើងវិញ សម្រាប់ចំអកលើអតីតគណបក្សសង្គ្រោះជាតិ ដែលទាមទាររកអន្តរាគមន៍ពីអន្តរជាតិ ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។ សម្តីបែបផ្លែផ្ការបស់គណបក្សប្រជាជននេះ កើតឡើងក្រោយពីអាមេរិក ប្រកាសបន្តការអនុគ្រោះពន្ធទូទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ រហូតដល់ឆ្នាំ២០២០។
វាជារឿងល្អមួយ សម្រាប់រដ្ឋាភិបាលកម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធទូទៅបន្តទៀត ពីសំណាក់រដ្ឋាភិបាលអាមេរិក។ ការសម្រេចរបស់អាមេរិកនេះ បានធ្វើឲ្យគណបក្សប្រជាជន ហាក់មានជំនឿកាន់តែខ្លាំងថា អ្វីដែលរដ្ឋាភិបាលបានធ្វើកន្លងមក គឺមិនមានអ្វីខុសឆ្គង ដែលនាំឲ្យបរទេសដាក់សម្ពាធមកលើកម្ពុជាឡើយ។ បន្ថែមពីនេះអ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានចំអកទៅអតីតមេបក្សប្រឆាំងថា ការសម្រេចរបស់អាមេរិក ដែលបន្តអនុគ្រោះពន្ធដល់កម្ពុជាបែបនេះ ហាក់ដូចជាយកដំបងវាយទៅលើអតីតគណបក្សសង្គ្រោះជាតិទៅវិញទេ។
អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះ បានសរសេរលើTelegram យ៉ាងដូច្នេះថា៖«ការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លុបចោលពន្ធក្នុងប្រព័ន្ធ GSP (ប្រព័ន្ធអនុគ្រោះពន្ធទូទៅ) នេះ មិនមែនគ្រាន់តែជាការឆ្លើយតបជាអវិជ្ជមានចំពោះសំណើរបស់លោក សម រង្សី ប៉ុណ្ណោះទេ តែក៏អាចហៅថាគឺជាការលើកញញួរយក្សយ៉ាងធំ វាយសំពងក្បាល សម រង្សី និងបក្សពួក យ៉ាងដំណំ …។ បើប៉ុណ្ណឹងហើយ នៅឃោសនាថាជាជោគជ័យទៀត អស់រកពាក្យណាមកនិយាយបានទៀតហើយ គឺមានតែចប់»។
បន្ថែមពីនេះរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បាននិយាយថា ការសម្រេចផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ នៃការនាំទំនិញទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកឡើងវិញនេះ គឺជាការសម្រេចចិត្តត្រឹមត្រូវ និងគួរឲ្យកោតសរសើរដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សម្រាប់ការផ្តល់យុត្តិធម៌ដល់កម្ពុជា។
លោក ខៀវ កាញារីទ្ធ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ទន្ទឹមនឹងនេះ វាគឺជាការបរាជ័យមួយថែមទៀតយ៉ាងអាម៉ាស់បំផុតនៃក្រុមចលនាឧទ្ទាមក្រៅច្បាប់របស់ សម រង្ស៊ី ដែលធ្លាប់បានញុះញង់ឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា តែទីបំផុតអ្នកដែលក្អួតឈាម និងទទួលផលកម្មវិនាសអន្តរាយខ្លួនឯង គឺលោក សម រង្ស៊ី ទៅវិញទេ ហើយអំពើបាបកម្មនេះ គឺមិនរង់ចាំបាច់ជាតិក្រោយនោះទេ»។
កន្លងមកអតីតគណបក្សសង្គ្រោះជាតិ បានស្វែងរកកិច្ចអន្តរាគមន៍ពីបរទេស ជាពិសេសសហរដ្ឋអាមេរិក លើការដកការអនុគ្រោះពន្ធលើកម្ពុជា ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាល។ អតីតមេដឹកនាំគណបក្សប្រឆាំង តែងតែរំពឹងថា ការអន្តរាគមន៍ពីបរទេសលើការដាក់សម្ពាធផ្នែកពន្ធនេះ នឹងអាចដោះស្រាយបញ្ហានយោបាយកម្ពុជា។
តែយ៉ាងណាលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ទាក់ទងនឹងការអនុគ្រោះពន្ធដល់ប្រទេសកំពុងអភិវឌ្ឍ ដែលផុតសុពលភាពត្រឹមឆ្នាំ២០១៧ កន្លងទៅ។ ការបន្តឡើងវិញនៃ GSP នេះ ចូលជាធរមានចាប់ពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៨ រហូតថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ។
កម្ពុជានាំចេញទៅសហរដ្ឋអាមេរិក គឺមានទំហំប្រាក់សរុប ២៩១៦ លានដុល្លារ ក្នុងឆ្នាំ២០១៦ ។ ទឹកប្រាក់ដែលកម្ពុជាបានបង់ពន្ធឲ្យរដ្ឋាភិបាលអាមេរិកមានប្រមាណជាង ៣០០លានដុល្លារ (ក្នុងអត្រាពន្ធមធ្យម ១២ភាគរយ)។ ក្រសួងពាណិជ្ជកម្ម ធ្លាប់អះអាងថា ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកបានបង់ពន្ធស្ទើរទាំងស្រុង លើកលែងតែផលិតផល travelling goods ដែលរដ្ឋាភិបាលអាមេរិកអនុគ្រោះដល់កម្ពុជាកាលពីចុងឆ្នាំ២០១៦ ។ បើសិនកម្ពុជាត្រូវបង់ប្រាក់ពន្ធលើទំនិញ(travelling goods )នេះ គឺមានទឹកប្រាក់ប្រមាណ ១០លានដុល្លារ (ក្នុងអត្រាពន្ធ ៥ភាគរយ)។ ផលិតផលរបស់កម្ពុជាចូលទីផ្សារនេះរួមមាន សំលៀកបំពាក់ ស្រោមនិងស្បែកជើង ប្រដាប់ក្មេងលេង វត្ថុធ្វើពីស្បែក ស្រោមពូក និងគ្រឿងសង្ហារឹម ជាដើម៕
Tag:
អាមេរិក
អនុគ្រោះពន្ធ
GSP
© រក្សាសិទ្ធិដោយ thmeythmey.com