ជាតិ
កំណាយស្រះអង្គរវត្ត៖ អ្នកជំនាញ នឹងបើករណ្ដៅដីចំនួន២ទីតាំងនៅស្រះខាងជើង
× សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងដំណើរការលើការដ្ឋានកំណាយស្រាវជ្រាវនៅស្រះអង្គរវត្ត។ គម្រោងនេះចាប់ផ្តើមពីថ្ងៃទី២៣ ខែមេសាមក ហើយមិនទាន់មានលទ្ធភាពឱ្យអ្នកជំនាញរកពន្លឺពីរចនាសម្ព័ន្ធស្រះបុរាណនោះនៅឡើយ។ គម្រោងនេះ មន្ត្រីអាជ្ញាធរជាតិអប្សរា គ្រោងនឹងបើករណ្ដៅចំនួន២ទីតាំង ដើម្បីពិនិត្យពីរចនាសម្ព័ន្ធស្រះ។
អ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា នឹងបើករណ្ដៅដីចំនួន២ទីតាំង នៅស្រះខាងជើង ប្រាសាទអង្គរវត្ត ត្រង់ជ្រុងខាងលិច និងជ្រុងខាងត្បូង។ គម្រោងនេះ គឺដើម្បីពិនិត្យពីរចនាសម្ព័ន្ធស្រះទឹកនេះ ដោយសារថាអ្នកជំនាញ មិនទាន់មានពន្លឺអ្វីទាក់ទងនឹងរចនាសម្ព័ន្ធស្រះទឹក ពីការធ្វើកំណាយស្រះ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែមេសាមកនោះ។
អ្នកស្រី នេត ស៊ីមន បុគ្គលិកបច្ចេកទេស ដែលកំពុងធ្វើកំណាយនៅស្រះអង្គរវត្ត បានឱ្យដឹងថាក្រុមការងាររបស់អ្នកស្រី មិនទាន់បានប្រទះឃើញរចនាសម្ព័ន្ធស្រះបុរាណនៅឡើយ។ ដូច្នេះហើយ ក្រុមការងាររបស់អ្នកស្រី នឹងបើករណ្ដៅនៅស្រះខាងជើងចំនួន២ទីតាំង គឺនៅផ្នែកខាងលិច និងខាងត្បូង ដើម្បីស្វែងរកព័ត៌មានបន្ថែម។ បើតាម អ្នកស្រី នេត ស៊ីមន គម្រោងនេះ ត្រូវប្រើពេលប្រមាណ២ខែ ឬអាចនឹងរួចរាល់មុន ឬប្រើពេលបន្ថែម ដើម្បីឱ្យអ្នកជំនាញរកឃើញ រចនាសម្ព័ន្ធរបស់ស្រះ។
ដោយសារទីតាំងកំណាយ ស្ថិតនៅទីតាំងដែលភ្ញៀវទេសចរតែងឈរផ្ដិតរូបរបស់ពួកគេ ទៅនឹងកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដូច្នេះសកម្មភាពកំណាយ បានធ្វើឲ្យភ្ញៀវទេសចមានចម្ងល់ និងតែងតែសួរទៅកាន់ក្រុមការងារស្រាវជ្រាវ។ ដូច្នេះមន្ត្រីបច្ចេកទេស ការដ្ឋានកំណាយ បានស្នើដល់ភ្ញៀវទាំងអស់យោគយល់ និងយល់ពីការងារដែលពួកគាត់កំពុងធ្វើ ចៀសវាងការយល់ច្រឡំអ្វីផ្សេង។
គួរបញ្ជាក់ថា កំណាយស្រាវជ្រាវស្រះអង្គរវត្ត ធ្វើឡើងដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងទ្រង់ទ្រាយរបស់ស្រះ មុនអ្នកជំនាញជួសជុល ឱ្យស្របតាមលំនាំចាស់ និងចៀសវាងផលប៉ះពាល់ណាមួយ៕
Tag:
កំណាយស្រះអង្គរវត្ត
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com