ជាតិ
សមត្ថកិច្ចចាប់ជនបរទេសប្រព្រឹត្តបទល្មើសជិត២០០នាក់ នៅត្រីមាសទី១
× ភ្នំពេញ៖ អាជ្ញាធរចាប់ខ្លួនជនបរទេសជិត២០០នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅលើទឹកដីកម្ពុជា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៨ ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ ដែលចេញផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ជនបរទេសប្រព្រឹត្តខុសទាំងនោះ មានចំនួន១៨៨នាក់ ដែលមាន២៦សញ្ជាតិ បានធ្វើទង្វើខុសច្បាប់ចំនួន៥៥ករណី។
ក្រៅពីមានជនបរទេសប្រព្រឹត្តខុសច្បាប់ ក៏មានជនបរទេសរងគ្រោះនៅកម្ពុជាផងដែរ។ របាយការណ៏ បានបញ្ជាក់ថា ជនបរទេសរងគ្រោះ មានចំនួន១៨៤នាក់ ដែលមាន៣៥សញ្ជាតិ ។ ប៉ុន្តែរបាយការណ៍មិនបញ្ជាក់ពីមូលហេតុជនបរទេសទាំងនោះ រងគ្រោះដោយសារបញ្ហាអ្វីឡើយ។
តែយ៉ាងណាតំណាងស្ថានទូតនានាប្រចាំកម្ពុជា បានស្នើឲ្យក្រុមការងារជំនាញកម្ពុជា ជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងចំពោះជនជាតិរបស់ខ្លួន។ ឆ្លើយតបសំណើនេះអាជ្ញាធរកម្ពុជា បានសន្យាព្យាយាមដោះស្រាយបញ្ហាទៅតាមផែនការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ និងច្បាប់កម្ពុជា។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ជាមួយនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានបង្គាប់សមត្ថកិច្ចជួយការពារសន្តិសុខដល់វិនិយោគិន និងអ្នកទេសចរណ៍បរទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕
Tag:
សន្តិសុខ
ជនបរទេស
បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com