ជាតិ
រុស្ស៊ី សន្យាជួយបណ្ដុះបណ្តាលជំនាញប្រឆាំងភេរវកម្មដល់នគរបាលកម្ពុជា
× ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា លោក Dmity Tsvetkov បានសន្យាថារដ្ឋាភិបាលរបស់លោក នឹងជួយបណ្ដុះបណ្ដាលជំនាញប្រឆាំងភេរវកម្មបន្ថែមដល់នគរបាលជាតិកម្ពុជា ដើម្បីពង្រឹងសន្តិសុខជាតិ។ ការសន្យារបស់ឯកអគ្គរដ្ឋរុស្ស៊ីរូបនេះ ធ្វើឡើងពេលជួបពិភាក្សាជាមួយសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។
បើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ លោក Dmity Tsvetkov បានបញ្ជាក់ដូច្នេះថា៖«ក្រសួងពាក់ព័ន្ធរបស់រុស្ស៊ី ស្វាគមន៍ជានិច្ចក្នុងការសហការជាមួយនគរបាលជាតិកម្ពុជា ដើម្បីថែរក្សាសន្តិសុខជាតិ និងប្រឆាំងភេរវកម្ម ដោយរុស្ស៊ីនឹងបន្តជួយបណ្តុះបណ្តាលជំនាញជាច្រើនទៀតដល់នគរបាលជាតិកម្ពុជា ក្នុងការថែរក្សាសន្តិសុខជាតិ»។
សម្ដេច ស ខេង បានឆ្លើយតបថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះការជួយរបស់រុស្ស៊ី ក្នុងការបណ្តុះបណ្តាលជំនាញផ្សេងៗ ដល់នគរបាលជាតិកម្ពុជា។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយពីប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្ពុជានឹងចាត់ចែងជាបន្តបន្ទាប់ដើម្បីបញ្ជូននគរបាលកម្ពុជា ទៅហ្វឹកហាត់ជំនាញប្រឆាំងភេរវកម្ម។
យោងលើប្រពភដដែល សម្ដេច ស ខេង បានលើកឡើងយ៉ាងដូច្នេះថា៖«មិត្តភាពកម្ពុជា-រុស្ស៊ី កំពុងរីកចម្រើនជាបន្តបន្ទាប់។ កម្ពុជាអរគុណជាចំពោះការជួយរបស់រដ្ឋាភិបាលរុស្ស៊ីនាពេលកន្លងមក»៕
Tag:
ស ខេង
Dmity Tsvetkov
សន្តិខុស
ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com