ជាតិ
សង្គមជាតិ
ខេត្តចំនួន៦ ប្រមូលគ្រឿងញៀនប្រមាណ ៧៦០០ ក្រាម ដុតកម្ទេចចោលរួមគ្នា
× ព្រះសីហនុ៖ ខេត្តទាំង៦ រួមមាន ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង បានប្រមូលគ្រឿងញៀនរួមគ្នាសរុប ៧៦០៩ ក្រាម ដុតកម្ទេចចោល នៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ ។ ការដុតកម្ទេចគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី២៦ មេសា ក្រោមអធិបតីភាព លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ នេះបើតាមអគ្គស្នងការដា្ឋនគរបាលជាតិ។
គ្រឿងញៀនដែលត្រូវដុតកម្ទេចចោលមាន៣ប្រភេទ ទី១-មេតំហ្វេតាមីនទឹកកកICE ទម្ងន់៤៦៣៧,៤២ក្រាម ទី២-មេតំហ្វេតាមីន WY ទម្ងន់២៨៦១,៦៨ក្រាម នឹងទី៣-កញ្ឆាក្រៀម ទម្ងន់១១០,៦៧គីឡូក្រាម និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនជាច្រើនមុខទៀត។ នេះបើតាមការអានរបាយកាណ៍ ដោយលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដែលនគរបាលជាតិបានស្រង់សម្ដី។
នគរបាលជាតិបានបន្តថា គ្រឿងញៀនសរុបចំនួន ៧៦០៩,៧៧ក្រាម ខេត្តព្រះសីហនុមានថ្នាំញៀនមេតំហ្វេតាមីន ICE ទម្ងន់៦៤៣,៤៤ក្រាម មេតំហ្វេតាមីន WY ទម្ងន់២៧៤,៥ក្រាម កញ្ឆាក្រៀម ទម្ងន់២,៩០គីឡូក្រាម។ ចំណែក ខេត្តតាកែវ មានថ្នាំញៀនមេតំហ្វេតាមីន ICE និងWY ទម្ងន់២៨៨,១១ក្រាម។
រីឯ ខេត្តកំពត-កែប មានថ្នាំញៀនមេតំហ្វេតាមីន ICE ទម្ងន់១៤១២,១៧ក្រាម (មេតំហ្វេតាមីនសើម ៤២៤, ៣៥ក្រាម) តំហ្វេតាមីន WY ចំនួន៣០៩គ្រាប់។
ចំពោះ ខេត្តកោះកុង មានថ្នាំញៀនមេតំហ្វេតាមីន ICE ទម្ងន់៧១៤,៤ក្រាម មេតំហ្វេតាមីន WY ចំនួន៨០២២គ្រាប់ កញ្ឆាក្រៀម ទម្ងន់២៦៧,៦១ក្រាម។ បើខេត្តកំពង់ស្ពឺ មានថ្នាំញៀនមេតំហ្វេតាមីន ICE ទម្ងន់៧៥៥,៤១ក្រាម មេតំហ្វេតាមីន WY ទម្ងន់២០១៣,១៦ក្រាម៕
© រក្សាសិទ្ធិដោយ thmeythmey.com