ពីនេះ ពីនោះ
ត្រី​ប៉ា​វ៉ា​មុខ​ពីរ មាន​រស់នៅក្នុង​ទន្លេ «​ស​៣» សេ​សាន សេកុង និង​ស្រែ​ពក ក្នុងប្រទេស​កម្ពុជា​
28, Apr 2018 , 7:19 pm        
រូបភាព
លោក ឈុត ឈា​ណា អ្នកសម្របសម្រួល​ផ្នែក​ទំនាក់ទំនង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ លើក​បង្ហាញ​ត្រី​ប៉ា​វ៉ា​មុខ​ពីរ នៅក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង​ ​រូប​ថ​តៈ ថាច់ ផា​ណា​រ៉ា​
លោក ឈុត ឈា​ណា អ្នកសម្របសម្រួល​ផ្នែក​ទំនាក់ទំនង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ លើក​បង្ហាញ​ត្រី​ប៉ា​វ៉ា​មុខ​ពីរ នៅក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង​ ​រូប​ថ​តៈ ថាច់ ផា​ណា​រ៉ា​
ដោយ:
​ស្ទឹងត្រែង​៖ នៅក្នុង​អាង​ទន្លេមេគង្គ កូន​ត្រី​ប៉ា​វ៉ា​មុខ​ពីរ ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​ទន្លេសេសាន ទន្លេសេកុង និង​ទន្លេស្រែពក (​ទន្លេ​ស​៣) ចូលទៅក្នុង​ទន្លេមេគង្គ និង​ចុះទៅ​ខ្សែទឹក​ខាងក្រោម នៃ​ព្រំប្រទល់​ខេត្ត ក្រចេះ និង​ស្ទឹងត្រែង​។ បន្ទាប់មក ពួកវា​ក៏​ធ្វើចរាចរ​ឡើងទៅ​ខ្សែទឹក​ខាងលើ​វិញ នៅ​ភាគខាងត្បូង​ប្រទេស​ឡាវ និង​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ដើម្បី​រក​ចំណី​។ ត្រី​ប៉ា​វ៉ា​មុខ​ពីរ ស៊ី​សារាយ​ដែល​ដុះ​នៅជាប់​ថ្ម​ជា​អាហារ​។ ត្រី​ប្រភេទ​នេះ​បង្ក​កំណើត​នៅ​កណ្តាលទន្លេ​សេកុង​នៅ​ខែកក្កដា និង​ខែសីហា​។ ត្រី​ប៉ា​វ៉ា​មុខ​ពីរ មានឈ្មោះ​វិទ្យាសាស្ត្រ (Incisilabeo behri) មាន​ប្រវែង​ដងខ្លួន ៦០​សង់ទីម៉ែត្រ​។



​នៅក្នុង​ខេត្ត​អា​តា​ភើ និង ខេត្ត​សេកុង ភាគខាងត្បូង​ប្រទេស​ឡាវ មានការ​ប៉ុនប៉ង​មួយ​ត្រូវបាន​ធ្វើឡើង ដើម្បី​ហាមឃាត់​ការនេសាទ​ត្រី​ប្រភេទ​នេះ ក្នុងអំឡុងពេល​រដូវ​ពង​-​កូន​។ តាមរយៈ​តំបន់​ការពារ​តាម​ភូមិ​នៅ​ទាំងនោះ បានផ្តល់​ផល​ជា​វិជ្ជមាន​ចំពោះ​ត្រី​ប្រភេទ​នេះ​នៅ​រដូវប្រាំង​។ ការស្រាវជ្រាវ​បន្ថែមទៀត គឺ​ត្រូវការ​ជា​ចាំបាច់ ហើយ​វា​នឹង​ទទួលបាន​ផល​ជា​វិជ្ជមាន​ពី​ការបង្កើន​ផែនការ​អភិរក្ស​ចំពោះ​ពួកវា​។ តម្រូវការ​ជាបន្ទាន់​មួយ គឺ​ការទទួលបាន​ព័ត៌មាន​បន្ថែមទៀត អំពី​អេកូឡូស៊ី​នៃ​ត្រី​ប្រភេទ​នេះ ជាពិសេស ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គីសនី ដែល​ត្រូវបាន​ស្នើឡើង​នៅតាម​ដង​ទន្លេ​មេ ដែលជា​ផ្លូវ​ធ្វើចរាចរ​ផ្លាស់​ទី​របស់​ត្រី​ប្រភេទ​នេះ តាម​បណ្តោយ​ទន្លេមេគង្គ​។​

 ត្រី​ប៉ា​វ៉ា​មុខ​ពីរ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Vulnerable)​ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ងាយ​រងគ្រោះ​។ បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ ដោយសារ​វា​ជា​គោលដៅ​របស់​អ្នកនេសាទ ដោយ​ប្រើ​មង​ក្នុង​រដូវ​ពង​-​កូន ព្រមទាំង​ការនេសាទ​ហួស​កម្រិត អំឡុងពេល​វា​ធ្វើចរាចរ​ដើម្បី​រក​ចំណី​។ ការអភិវឌ្ឍន៍​ទំ​បន់​វារិ​អគ្គិសនី​នៅ​ដង​ទន្លេ​ទាំងបី សេ​សាន សេកុង និង​ស្រែ​ពក ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដោយ​ចរន្តអគ្គិសនី​ឆក់ ដែល​កំពុង​កើនឡើង​យ៉ាងគំហុក​នាពេល​បច្ចុប្បន្ន​នេះ បានធ្វើ​ឲ្យ​មានការ​ថយចុះ​ចំនួន​ត្រី ដែល​នៅ​សេសសល់​នេះ​បន្ថែមទៀត​។​


© រក្សាសិទ្ធិដោយ thmeythmey.com