ខ្សែ​រថភ្លើង​មួយ​កំណាត់​ទៀត​នៅ​ភាគ​ខាងលិច នឹង​ដំណើរការ​នៅ​ថ្ងៃ​២៩​មេសា​ស្អែក​នេះ

ជាតិ
សេដ្ឋកិច្ច
ខ្សែ​រថភ្លើង​មួយ​កំណាត់​ទៀត​នៅ​ភាគ​ខាងលិច នឹង​ដំណើរការ​នៅ​ថ្ងៃ​២៩​មេសា​ស្អែក​នេះ
28, Apr 2018 , 8:19 pm         2426
រូបភាព
​បាត់ដំបង​៖ ខ្សែ​រថភ្លើង​បាត់ដំបង​-​សិរីសោភ័ណ ប្រវែង ៦៥​គីឡូម៉ែត្រ នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ចាប់​ថ្ងៃស្អែក​ទី​២៩​ខែមេសា​តទៅ​។



​នេះ​ជា​ខ្សែ​រថភ្លើង​ភាគ​ខាងលិច​កំណាត់​ទី​២​ហើយ បន្ទាប់ពី​ក្រសួង​សាធារណការ ទើបនឹង​ដាក់​ឲ្យ​ដំណើរការ​បណ្ដោះអាសន្ន​ដូចគ្នា​ដែរ​នូវ​រថភ្លើង​ពី​សិរីសោភ័ណ ទៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែង ៤៨​គីឡូម៉ែត្រ​។  ហើយ​ការដាក់​ឲ្យ​ប្រើប្រាស់​ខ្សែ​រថភ្លើង​ទាំងពីរ​នេះ នឹងត្រូវ​ត​ភ្ជាប់​ទៅជា ប៉ោយប៉ែត​-​សិរី​សោ​ភណ្ឌ​-​បាត់ដំបង ។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នូវ​ខ្សែ​រថភ្លើង​ថ្មី​នេះ ដែល​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែមេសា ស្អែក​នេះ នៅ​ស្ថានីយ៍​រថភ្លើង​សិរីសោភ័ណ​។​

​ការ​ចរាចរ​ខ្សែ​រថភ្លើង​ដែលមាន​ប្រវែង ៦៥​គីឡូម៉ែត្រ​នេះ ត្រូវ​ឆ្លងកាត់​ស្ថានីយ​ចំនួន ១០ ដែល​រួមមាន​៖ សិរីសោភ័ណ​, មង្គល​បូរី​, ចំការចេក​, ភ្នំ​តូច​,​ទួល​សំរោង​, ជ្រោយ​ស្តៅ​, ជណ្តើរស្វា​, អូរ​តា​គី​,​សៀម និង​ស្ថានីយ​បាត់ដំបង​។

​តាម​ការគ្រោងទុក រដ្ឋាភិបាល​នឹងដាក់​ដំណើរការ​ខ្សែ​រថភ្លើង​ភាគ​ខាងលិច​ទាំងស្រុង​ពី​ភ្នំពេញ ដល់​ព្រំប្រទល់​ថៃ ខណៈ​ការតភ្ជាប់​ផ្លូវដែក​ជាមួយ​ថៃ​ក៏​ជិត​សម្ពោធ​ផងដែរ​៕


Tag:
 រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next