ជាតិ
រដ្ឋបាលខេត្តសៀមរាប ឲ្យម្ចាស់អាជីវកម្មទាំងអស់សរសេរស្លាកឈ្មោះហាងជាភាសាខ្មែរ
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីណែនាំមួយ ដោយប្រាប់ដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវសរសេរអក្សរខ្មែរឱ្យបានធំៗ និងដាក់នៅជួរខាងលើនៃផ្ទាំងផ្សព្វផ្សាយ ឬស្លាកយីយោផ្សេងៗ។ តាមរដ្ឋបាលខេត្តសៀមរាប គោលបំណងនៃសេចក្តីណែនាំនេះ គឺចង់លើកតម្កើងអក្សរសាស្ដ្រខ្មែរ និងវប្បធម៌ជាតិ រួមទាំងលើកសោភ័ណភាពខេត្តសៀមរាបទាំងមូល។
ក្នុងសេចក្តីណែនាំដែលចេញផ្សាយថ្ងៃទី២៤ ខែមេសា រដ្ឋបាលខេត្តសៀមរាប បានណែនាំដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ត្រូវសរសេរអក្សរខ្មែរ ឱ្យធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ។ ចំណែកអក្សរបរទេសត្រូវសរសេរនៅជួរបន្ទាប់ និងមានទំហំមួយភាគពីរនៃអក្សរខ្មែរ ហើយការសរសេរអក្សរខ្មែរត្រូវគោរពទៅតាមវចនានុក្រមសម្តេច ជួន ណាត។ ចំពោះការដាក់តាំងស្លាកយីហោ ដែលមានទំហំក្រោម៤ម៉ែត្រ ត្រូវបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតពីរដ្ឋបាលក្រុង ប៉ុន្តែបើលើសពីនេះត្រូវសុំទៅថ្នាក់ខេត្ត។
ចំណុចមួយទៀតនៃសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ ត្រូវតាមដានរាល់ស្លាកយីហោដែលត្រូវបានតម្លើង ហើយស្លាកទាំងនោះត្រូវបានតាមដាន និងត្រួតពិនិត្យដោយអាជ្ញាធរមូលដ្ឋានផងដែរ៕
Tag:
សៀមរាប
ភាសាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com