កីឡាជាតិ
ជាតិ
Korea Cup ជា​ពាន​ចុងក្រោយ​ដែល​បាល់ទាត់​ខ្មែរ​ឈ្នះ​ពី​បរ​ទេសនា​ឆ្នាំ​១៩៧៣
01, May 2018 , 3:16 pm        
រូបភាព
កីឡាករ សុខ រុន ប្រធាន​ក្រុមជម្រើសជាតិកម្ពុជា លើកពាន Korea Cup រួមគ្នាជាមួយ​កីឡាករភូមា។ រូបថត Lee Jae Hyung
កីឡាករ សុខ រុន ប្រធាន​ក្រុមជម្រើសជាតិកម្ពុជា លើកពាន Korea Cup រួមគ្នាជាមួយ​កីឡាករភូមា។ រូបថត Lee Jae Hyung
​ពាន World Cup? Asian Cup? ស៊ី​ហ្គេម​? គ្មានទេ​ចម្លើយ​ផ្លូវការ​នៅលើ Google ទាក់ទង​នឹង​ជ័យលាភី​របស់​កម្ពុជា​។ សម្រាប់​ពានរង្វាន់​អន្តរជាតិ​ផ្លូវការ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា មានកំណត់​ត្រា​ដ៏​ខ្ពស់បំផុត​នៅ​ឆ្នាំ​១៩៧២ ដោយ​ឈានដល់​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ព្រឹត្តិការណ៍ Asian Cup​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅ​សម័យមុន​សង្គ្រាម បាល់ទាត់​កម្ពុជា​ក៏​អាច​ទទួលបាន​ពាន​បែប​មិត្តភាព​អន្តរជាតិ​ពី​ក្រៅប្រទេស​ផងដែរ​។​



​កម្ពុជា ឬ​សាធារណរដ្ឋ​ខ្មែរ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ President’s Cup  (​ឬ Korea Cup) របស់​កូរ៉េខាងត្បូង​ចំនួន​៤​លើក ហើយ​វត្តមាន​លើកដំបូង​នៅ​ឆ្នាំ​១៩៧១ និង​ឆ្នាំ​១៩៧២ មិន​ទទួលបាន​ជោគជ័យ​ឡើយ ដោយ​ធ្លា​ក់នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​។​

​នៅ​ឆ្នាំ​១៩៧៣ ក្រុម​សាធារណរដ្ឋ​ខ្មែរ​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង និង​ឥណ្ឌូណេស៊ី​។ នា​ការប្រកួត​បើកឆាក ខ្មែរ​បាន​ចាញ់​កូរ៉េខាងត្បូង ៦-០ ប៉ុន្តែ​បាន​យកឈ្នះ​ឥណ្ឌូណេស៊ី ៣-២​។ ខ្មែរ​បាន​លេខ​២​ក្នុង​ពូ​ល ហើយ​បាន​បន្ត​យកឈ្នះ​ម៉ាឡេស៊ី​លេខ​មួយ​ពូ​ល B ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខ្មែរ​ត្រូវ​ជួប​ជាមួយ​ភូមា (​បច្ចុប្បន្ន​មី​យ៉ាន់​ម៉ា​) នៅ​កីឡដ្ឋាន Dongdaemun Stadium ក្រុង​សេ​អ៊ូ​ល​ដដែល​។ នៅពេលនោះ ក្រុម​ទាំង​បានបញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី ដើម្បី​ទទួលពាន​រួមគ្នា​ក្នុង​ព្រឹត្តិការណ៍​មិត្តភាព​អន្តរជាតិ​នេះ​។​

​នៅ​ឆ្នាំ​១៩៧៤ សារ​ធារ​ណ​រដ្ឋ​ខ្មែរ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ម្តងទៀត​។ ក្រុម​ខ្មែរ​ធ្វើបាន​យ៉ាង​ល្អ​នៅក្នុង​ពូ​ល​ដោយបាន​យកឈ្នះ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង ១-០ ស្មើ​ជប៉ុន​ឈុត B ១-១ និង​ស្មើ​ម៉ាឡេស៊ី​ឈុត B ១-១ ។



​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខ្មែរ​បាន​ចាញ់​ក្លិប​កំពូល​ឥណ្ឌូណេស៊ី PSMS Medan ដោយសារ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​សម្រេច​ក្តី ក្រោយ​លទ្ធផល​ស្មើ ០-០ ។ ក្រុម​សាធារណរដ្ឋ​ខ្មែរ បាន​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​ភូមា​រហូតដល់​ទៅ ៦-០ ។​

​ចាប់ពី​ឆ្នាំ​១៩៧៥ មក ពោលគឺ​ក្នុងអំឡុង​សម័យ​ខ្មែរក្រហម កម្ពុជា​មិនដែល​បាន​ចូលរួម​ទៀតឡើយ​។ ព្រឹត្តិការណ៍​មិត្តភាព​អន្តរជាតិ​នេះ ដែល​ត្រូវបាន​ប្តូរ​ឈ្មោះ​ជា​បន្ត​បន្ទាប់ពី Park’s Cup Asia Football Championship ទៅ President Park’s Cup International Football Championship ហើយ​បន្តទៅ President’s Cup និង​ចុងក្រោយ Korea Cup បញ្ចប់​យុគ​សម័យកាល​របស់ខ្លួន​នៅ​ឆ្នាំ​១៩៩៩​។​

​ចន្លោះ​ពី​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ​១៩៩៩ ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​បាន​ជើងឯក​១២​លើក ភូមា​២​លើក ឆេ​កូ​ស្លូ​វ៉ា​គី XI និង U21 Sao Paulo ១​លើក​។ ក្រៅពី​សាធារណរដ្ឋ​ខ្មែរ ក្រុម​ជម្រើសជាតិ​ផ្សេងទៀត​ដែល​ធ្លាប់​លើក President Park’s Cup នៅ​កូរ៉េខាងត្បូង រួមមាន ក្រូ​អាស៊ី អេ​ហ្ស៊ី​ប និង​អេ​ក្វា​ឌ័​រ​។ ជ័យលាភី​ផ្សេងទៀត​មាន​ក្លិប​ពី​ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន និង​ហូ​ឡង់​។

​ក្រៅពី​ពាន Korea Cup ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្លាប់​បានឈ្នះ​ពាន Vietnam National Day Tournament (South Vietnam Independence Cup ឬ Quoc Khanh Cup) នៅ​ឆ្នាំ​១៩៧២ ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម​ខាងត្បូង ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ពានរង្វាន់​មិត្តភាព​អន្តរជាតិ​ចុងក្រោយ​ដែល​កម្ពុជា​ទទួលបាន​នោះ គឺ BIDC Cup ឆ្នាំ​២០០៩ នៅ​រាជធានី​ភ្នំពេញ ដែលមាន​៤​ក្រុម​ចូលរួម​។ U23 កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អូស្ត្រាលី Scott O’Donell បាន​យកឈ្នះ​ក្លិប​វៀតណាម Hoang Anh Gia Lai ៣-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕




Tag:
 ជម្រើសជាតិ​កម្ពុជា​
  ប្រវត្តិសាស្ត្រ​
  ប្រវត្តិ​បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com