ជាតិ
អាជ្ញាធរ​ក្រុង​សៀមរាប​នឹង​ចុះ​ទប់ស្កាត់​ការលក់ដូរ​នៅលើ​ផ្លូវ​ព្រះរាជដំណាក់​នៅ​ថ្ងៃស្អែក​
01, May 2018 , 9:19 pm        
រូបភាព
​សៀមរាប​៖ ការលក់ដូរ​នៅលើ​ផ្លូវ​មុខ​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមនា​ពេលកន្លងមក មានការ​រិះគន់ថា បាន​បង្ក​នូវ​ភាពអនាធិបតេយ្យ និង​គ្មាន​សណ្ដាប់ធ្នាប់​។ មានការ​លើកឡើងថា អាជីវករ​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ អាវ កន្សែង ក្រមា ភេសជ្ជៈ​ទាំងនោះ បាន​ចូលមក​លក់​នៅ​តំបន់​សួនច្បារ​ព្រះរាជដំណាក់ ឬ​ខាងមុខ​ឈៀង​ខាងជើង​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្នុងអំឡុងពេល​ចូលឆ្នាំ​មកម្ល៉េះ ហើយ​ពួកគេ​នៅ​បន្ដ​លក់​រហូតមក​ដល់ពេលនេះ​។​



​អាជ្ញាធរ​ខេត្តសៀមរាប នឹង​ចុះទៅ​ទប់ស្កាត់​ការលក់ដូរ របស់​ក្រុមអាជីវករ​ចល័ត នៅ​សួនច្បារ​ព្រះរាជដំណាក់ នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា​។ ការងារ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការលក់ដូរ ដែល​រដ្ឋបាល​ក្រុង​សៀមរាប​អះអាងថា បាន​បង្ក​ភាព​រញ៉េរញ៉ៃ​ជាច្រើន​ដល់​ភ្ញៀវទេសចរ​។​

​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្លាំង​របស់លោក នឹង​ចុះទៅ​ទប់ស្កាត់​ការលក់ដូរ​នៅ​សួនច្បារ​ព្រះរាជដំណាក់ នៅ​ព្រលឹម​ថ្ងៃទី​២ ឧសភា ដើម្បី​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើងវិញ នៅ​ទី​តាំងទី​សក្ការៈបូជា ដែលមាន​សាធារណជន​ចេញចូល​ច្រើន​នេះ​។  ម្យ៉ា​ទៀត ទីតាំង​នេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​ទេសចរ​ជនជាតិ​ចិន ចេញចូល​ទស្សនា​ព្រះរាជដំណាក់ រួម​នឹង​ទីសក្ការៈ​បូជា ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ចេញ​ផងដែរ​។ នេះ​ជាការ​ពន្យល់​របស់ លោក ប្លា​តុង រួម​បន្ថែមទៀតថា​៖«​តំបន់​ខាងលើ​ជា​បេះដូង​នៃ​ក្រុង​សៀមរាប ដូច្នេះ​ទីនោះ​មិនគួរ​មានការ​លក់ដូរ​ពេញ​ផ្លូវ​ដូច្នោះ​ទេ​»​។



​តាម​លោក​អភិបាលក្រុង​សៀមរាប អាជីវក​រទាំង​នោះបាន​ចូលមក​លក់​នៅ​តំបន់​ខាងលើ ក្នុងអំឡុងពេល​ចូលឆ្នាំ ហើយ​ពួកគេ​នៅ​បន្ត​លក់​រហូតមកដល់​សព្វ​ថ្ងៃ​។ លើសពីនេះ ពួកគេ​បាន​ពង្រីក​ការលក់ដូរ​របស់ខ្លួន​ច្រើន​លើស​ដើម ដែល​នេះ​ជា​ក្ដីបារម្ភ​របស់​អាជ្ញាធរ ដែលថា​ចំនួន​អាជីវករ​នឹង​អាច​កើនឡើង បើ​គ្មាន​ការទប់ស្កាត់ និង​គ្រប់គ្រង​បាន​ត្រឹមត្រូវ​។ តាម​លោក សូរ ប្លា​តុង អាជីវករ​ដែល​កំពុង​លក់​ទាំងអស់ សរុប​មាន​ជិត​១០០​នាក់​។​

​គួររម្លឹកថា កន្លងមក​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ ធ្លាប់បាន​លើកឡើង​ពី​បញ្ហា​ខាងលើ ដោយ​ពួកគេ​ស្នើឱ្យ​មា​ការលក់ដូរ​នៅ​កន្លែង​ត្រឹមត្រូវ ជៀសវាង​ការ​ចោមរោម​ភ្ញៀវ​ឱ្យជួយ​ទិញ ដែល​ការណ៍​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​៕


Tag:
 សូរ ប្លា​តុង​
 ​សៀមរាប​
 ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​
 ​ទីសក្ការៈ​
 ​ព្រះរាជដំណាក់​
© រក្សាសិទ្ធិដោយ thmeythmey.com