ជាតិ
លែងមាន​ហើយ​ការលក់ដូរ​អនាធិបតេយ្យ​នៅ​សួនច្បារ​ព្រះរាជដំណាក់​
02, May 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា​នេះ អាជ្ញាធរ​បាន​ចុះ​ទប់ស្កាត់ និង​រៀបចំ​នៅ​សួនច្បារ​ព្រះរាជដំណាក់ ដោយ​លែងឱ្យ​មានការ​លក់ដូរ​បែប​អនាធិបតេយ្យ​តទៅទៀត​ហើយ​។ ការងារ​នេះ ទទួលបាន​ការអបអ​រ​ពី​សាធារណជន​ផងដែរ ដោយ​ពួកគេ​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ បំណង​ទប់ស្កាត់​ការលក់ដូរ​នៅលើ​ដងផ្លូវ​សាធារណ​។​



​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២ ខែឧសភា​នេះ កម្លាំង​របស់​រដ្ឋបាល​ក្រុង​សៀមរាប ដែល​ដឹកនាំ​ដោយ​លោក សូរ ប្លា​តុង បាន​ចុះទៅ​ទប់ស្កាត់ និង​រៀបចំ​កន្លែង​លក់ដូរ​អនាធិបតេយ្យ​នៅ​សួនច្បារ​ព្រះរាជដំណាក់ ដោយ​បញ្ឈប់​មិនឱ្យ​មានការ​លក់ដូរ​ត​ទៅទៀត​។ កន្លងមក អាជីវករ​មកពី​កន្លែង​ផ្សេងគ្នា​ប្រមាណ​ជិត​១០០​នាក់ បានមក​ក្រាលកន្ទេល​លក់ដូរ​នៅ​ចិញ្ចើមផ្លូវ​សួនច្បារ​ព្រះរាជដំណាក់ ដែល​ធ្វើឱ្យ​តំបន់​នេះ ខ្វះ​សណ្ដាប់ធ្នាប់​អនាម័យ និង​បង្ក​ការរំខាន​ដល់​ភ្ញៀវទេសចរ​ផងដែរ​។​

​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ព្រឹក​មិញ​ថា សួន​ព្រះរាជដំណាក់​ជា​កន្លែង​ទេសចរណ៍​ដ៏​មមាញឹក​របស់​ភ្ញៀវទេសចរ ដូច​ជាការ​ទស្សនា​សត្វ​ជ្រឹង ព្រះរាជដំណាក់ និង​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដូច្នេះ​ការលក់ដូរ​របស់​អាជីវ​ករ​នៅ​ទីនោះ ជា​ផ្នែក​មួយ​ធ្វើឱ្យប៉ះពាល់​ដល់​ការ​ទស្សនា​របស់​ទេសច​រទាំង​នោះ​។

​លោក សូរ ប្លា​តុង​រម្លឹកថា នៅ​អំឡុងពេល​ចូលឆ្នាំ អាជីវករ​ប្រមាណ​១០០​នាក់ បាន​ចូលមក​លក់​នៅ​សួនច្បារ​ព្រះរាជដំណាក់ ដោយសារ​ឃើញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ចេញចូល​ច្រើន ហើយ​ពួកគេ​បាន​ឆ្លៀត​លក់​រហូតមក ដោយ​មិន​ព្រម​រើចេញ​ឡើយ​។ ឃើញ​ភាពមិនប្រក្រតី​បែបនេះ និង​ដោយមាន​ការណែនាំ​ពី​រដ្ឋបាល​ខេត្តសៀមរាប សាលាក្រុង​សៀមរាប ដោយមាន​ការចូលរួម​ពី​កម្លាំង​ស្នងការ​ផង​នោះ បានចេញ​សេចក្តីជូនដំណឹង និង​បាន​ចុះមក​អនុវត្តន៍​ហាម​មិនឱ្យ​មានការ​លក់ដូរ​នៅ​សួនច្បារ​ព្រះរាជដំណាក់​។

​យ៉ាងណាក៏ដោយ លោក​អភិបាលក្រុង​ថ្លែងថា អាជីវករ​ទាំងអស់​បាន​ចូលរួម និង​សហការ​ព្រម​រុះរើ​កន្លែង​លក់ដូរ​ពួកគេ ក្នុងន័យ​ដើម្បី​ចូលរួម​លើក​សោភ័ណភាព​ក្រុង និង​ដើម្បី​ការពារ​កន្លែង​បេតិកភណ្ឌ​ជាតិ​ផងដែរ​។​

​ដូចគ្នានេះដែរ លោក សូរ ប្លា​តុង បាន​អំពាវនាវ​ឱ្យ​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ថែរក្សា​បរិស្ថាន ហើយ​កុំ​ប្រើប្រាស់​កន្លែង​ហាមឃាត់​នានា​ដើម្បី​លក់ដូរ ដែល​វា​បង្កឱ្យមាន​ភាព​អ​សណ្ដាប់ធ្នាប់ និង​គ្មាន​អនាម័យ​ដល់​កន្លែង​ទាំងនោះ​។​

​លោក ហាស់ វាសនា ដែល​ប្រើប្រាស់​សួន​ព្រះរាជដំណាក់​ជា​កន្លែង​ហាត់ប្រាណ​ពេលព្រឹក បាន​សម្ដែង​អារម្មណ៍​រីករាយ​ចំពោះ​ចំណាត់ការ​រៀបចំ​របស់​រដ្ឋបាល​ក្រុង​សៀមរាប​។ លោក​ថា កន្លងមក​ទីនេះ​មាន​ភាព​រញ៉េរញ៉ៃ ហើយ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ផងដែរ​។ លោក​បន្ថែមថា ប្រសិនបើ​អាចទៅរួច អាជ្ញាធរ​គួររៀបចំ​សួន​ព្រះរាជដំណាក់​នេះ ទៅជា​កន្លែង​សួនច្បារ​ដ៏​ល្អ​មួយ​ដូច​ការរៀបចំ​នៅ​ផ្នែក​ខាងកើត​ជាប់មាត់​ស្ទឹង​សៀមរាប សម្រាប់​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ ក៏ដូចជា​សាធារណជន​បាន​កម្សាន្ត និង​ហាត់​កីឡា​ផង​។ លោក វាសនា ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សម្អាត​អនាម័យ​ទាំងអស់គ្នា ដើម្បី​លើក​សោភ័ណភាព​ក្រុង​សៀមរាប​ឱ្យ​កាន់តែ​ប្រសើរឡើង ស័ក្ដិសម​ជាទី​ក្រុង​ទេសចរណ៍​លេខ​មួយ​របស់​កម្ពុជា​៕


Tag:
 សួនច្បារ​ព្រះរាជដំណាក់
© រក្សាសិទ្ធិដោយ thmeythmey.com