ជាតិ
បទវិភាគ
សារព័ត៌មាន គឺជា​ឆ្អឹងខ្នង​នៃ​ប្រជាធិបតេយ្យ តែ​ជា​ឆ្អឹង​ទទឹង​ក​នៃ​«​បុគ្គល​ខូច​»!
03, May 2018 , 11:14 am        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ប្រទេស​កុំ​ម្មុយ​នី​ស​មួយចំនួន ថ្នាក់ដឹកនាំ​ខ្លះ ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ មានន័យថា ក្នុង​ក្រសែភ្នែក​របស់​ពួកគេ អ្នកកាសែត គឺជា​អ្នក​រំខាន​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ​។ តែ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​វិញ អ្នកសារព័ត៌មាន​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកឃ្លាំមើល​សង្គម ជា​អ្នកសង្កេតការណ៍​សង្គម ឬ​ជា​កញ្ចក់​សម្រាប់​អោយ​មន្ត្រី​ខូច​ឆ្លុះ​មើល​ខ្លួនឯង​ដើម្បី​ដុះក្អែល​ចេញ​។ ក្នុងខណៈ​ពេលដែល​មន្ត្រី​ក្នុងប្រទេស​កុំ​ម្មុយ​នី​ស​មួយចំនួន​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ ឬ​ជា​តួអង្គ​ចាក់រុក​នោះ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ឯណេះ​វិញ អ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថា ជា​ដៃគូរ​អភិវឌ្ឍ​ប្រទេស​ដោយ​ខានមិនបាន​។ តើ​ហេតុអ្វី​បានជា​សារព័ត៌មាន​ជា​ដៃគូរ​អភិវឌ្ឍ​ប្រទេស​?



​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ រដ្ឋាភិបាល​រក្សា​កញ្ចប់​ថវិកាជាតិ​មួយចំនួន​សម្រាប់​ទុកអោយ​សារព័ត៌មាន​របស់​រដ្ឋ​។ សារព័ត៌មាន​របស់រ​ដ្ឋ​ទទួលបាន​ថវិកា​ពីរ​ដ្ឋ តែ​សារព័ត៌មាន​ទាំងនោះ មាន​ភារកិច្ច និង​តួនាទី​ឯករាជ្យ ហើយ​សារព័ត៌មាន​ទាំងនោះ អាច​សរសេរ​រិះគន់ ឬ​សរសើរ​រដ្ឋាភិបាល​រដ្ឋា​ភិ​បាល​របស់ខ្លួន​ទៅតាម​ការពិត​ជាក់ស្តែង​ដោយ​គោរព​តាម​វិជ្ជាជីវៈ​សារព័ត៌មាន​។​

​រដ្ឋាភិបាល​ផ្តល់​ថវិកា​ដល់​សារព័ត៌មាន​រដ្ឋ​មែន តែ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ និង​គ្មាន​ឥទ្ធិពល​លើ​សារព័ត៌មាន​ទាំងនោះ​ឡើយ​។ និយាយ​អោយ​សាមញ្ញ តាមបែប​ផ្សេង គឺថា មិនមែន​ផ្តល់​ហិរញ្ញវត្ថុ​ហើយ សារព័ត៌មាន​ទាំងនោះ ក្លាយទៅជា​ឧបករណ៍​នយោបាយ​ដាច់​ថ្លៃ​របស់​រដ្ឋាភិបាល​នោះទេ​។

​អ្នកសារព័ត៌មាន​រដ្ឋ​ទាំងនោះ មិន​ធ្វើ​ការបម្រើ​រដ្ឋាភិបាល​ទេ តែ​ធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ​របស់​ពួកគេ ពីព្រោះ ថវិកា​សម្រាប់​ដំណើរការ​សារព័ត៌មាន​រដ្ឋ​ទាំងនោះ មើលទៅ​ហាក់បីដូចជា​ថវិកា​ចេញពី​រដ្ឋ​មែន តែ​តាមពិត ប្រភព​របស់​វា​បានមកពី​ការបង់ពន្ធ​របស់​ពល​រដ្ឋ​ទៅវិញ​ទេ​។ ដូច្នេះ ត្រឡប់មកវិញ សារព័ត៌មាន​ជា​របស់​រដ្ឋ​មែន តែ​ត្រូវតែ​បម្រើ​មហាជន​ដែលជា​ម្ចាស់ឆ្នោត និង​ម្ចាស់​ប្រទេស​។ និយាយ​អោយ​ខ្លី មានន័យថា ពលរដ្ឋ​ជួល​អ្នកសារព័ត៌មាន​អោយ​តាមឃ្លាំមើល​ការគ្រប់គ្រង​រដ្ឋ​ទាំងមូល​ដើម្បីអោយ​ប្រាកដថា វា​ដំណើរការ​ត្រឹមត្រូវ​ឬទេ​? តើ​មន្ត្រីរាជការ​រដ្ឋាភិបាល​មាន​ធ្វើអំពើ​ផ្តេសផ្តាស​ឬទេ​?

​នៅក្នុង​សង្គម​សេរី មន្ត្រី​ភាគច្រើន​បាន​យល់ច្បាស់​ថា ខ្លួនគេ​គឺជា​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ ដូច្នេះ រាល់​កិច្ចការ​របស់​រដ្ឋ​ត្រូវតែ​បង្ហាញជូន​អ្នកកាសែត ហើយ​អ្នកកាសែត​ត្រូវ​រាយការណ៍​បន្ត​ជូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត និង​ម្ចាស់​ប្រទេស​។ អ្នកកាសែត​មិនមែនជា​អ្នក​រុក​គួ​ន​មន្ត្រី​ទេ តែ​ពួកគេ​ធ្វើ​ការងារ​ក្នុងតួនាទី ដើម្បី​បម្រើ​ពលរដ្ឋ​ដែល​ចង់ដឹង​ពី​សកម្មភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​។​

​ឧទាហរណ៍​ថា នៅពេលដែល​ចៅហ្វាយខេត្ត​មួយ​ចង់​វិនិយោគ​បើក​កាស៊ីណូ​មួយកន្លែង​នៅក្នុង​ខេត្ត​របស់គាត់ ប្រជាពលរដ្ឋ​ចង់ដឹង​ពី​គម្រោង​កាស៊ីណូ​នោះ​។ តើ​មូល​ហេតុអ្វី​បានជា​លោក​ចៅហ្វាយខេត្ត​មានបំណង​ឬ​សម្រេច​សាងសង់​កាស៊ីណូ​? តើ​អ្វីខ្លះ​ជា​ផលប្រយោជន៍​សម្រាប់​ខេត្ត និង​សង្គម​? តើ​អ្វីខ្លះ​ជា​ផលប៉ះពាល់​ដល់​សង្គម​?

​សំណួរ​ទាំងអស់នេះ មិនមែន​អ្នកកាសែត​ចង់ដឹង​ទេ តែ​មហាជន​ជា​អ្នក​ចង់ដឹង ហើយ​ដើម្បីអោយ​មហាជន​ដឹងបាន គឺ​ត្រូវ​ឆ្លងកាត់​ស្ពាន​ដែលជា​អាជីព​សារព័ត៌មាន​នេះឯង​។ ត្រង់ចំណុច​ឧទាហរណ៍​ខាងលើនេះ នៅក្នុង​សង្គម​សេរី អភិបាលខេត្ត​មិនអាច​គិតថា នេះ​ជា​រឿង​ផ្ទៃក្នុង ឬ​នេះ​ជា​រឿង​ឯកជន​បានឡើយ​។ ម្យ៉ាងទៀត ចៅហ្វាយខេត្ត​ក៏​មិនអាច​បដិសេធ​ការបង្ហាញ​ព័ត៌មាន​នេះ​បានឡើយ​។

​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ដដែល មន្ត្រីជាន់ខ្ពស់​មិនសូវមាន​គំនិត​គិតថា ត្រូវតែ​គេច​មុខ​ពី​អ្នកកាសែត​ទេ ពីព្រោះ នៅពេលដែល​ពួកគេ​កាន់តំណែង​ខ្ពស់ ជា​លក្ខណៈ​ស្វ័យប្រវត្តិ ពួកគេ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ដែលជា​សាវ័ក​របស់​ប្រជាពលរដ្ឋ​។ ប្រសិនបើ​មន្ត្រីជាន់ខ្ពស់ មិន​ចង់អោយ​អ្នកសារព័ត៌មាន​រំខាន លុះត្រាតែ​មន្ត្រី​រូបនោះ កុំ​ស្ថិតនៅក្នុង​តំណែង​ជាន់ខ្ពស់​ដែល​ទទួលបាន​ការគាំទ្រ​ពី​រាស្ត្រ​។ ម្យ៉ាងទៀត មន្ត្រី​ដែល​រអា​នឹង​អ្នកសារព័ត៌មាន មន្ត្រី​រូបនោះ អាចមាន​ភាពអាថ៌កំបាំង​។

​រាស្ត្រ​អាច​ផ្តល់​តំណែង​ជូន​មន្ត្រីជាន់ខ្ពស់​បាន តែ​ត្រឡប់មកវិញ មន្ត្រីជាន់ខ្ពស់​មិនអាច​លាក់បាំង​សកម្មភាព​របស់ខ្លួន​ដែល​ត្រូវ​បម្រើ​រាស្ត្រ​ឡើយ​។ តម្លាភាព​នៅក្នុង​ទី​ងងឹត គឺជា​រឿង​អាថ៌កំបាំង និង​ជា​រឿង​គួរអោយ​សង្ស័យ​។

​សរុបសេចក្តី​មក នៅក្នុង​សង្គម​មួយ មិន​ថា ជា​សង្គម​ប្រជាធិបតេយ្យ ឬ​ជា​សង្គម​ពាក់កណ្តាល​សេរី ឬ​ជា​សង្គមនិយម ឬ​ជា​សង្គម​កុំ​ម្មុយ​នី​ស​ក៏ដោយ សារព័ត៌មាន​មាន​តួនាទី​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេសមួយ​អោយ​ដើរ​នៅលើ​ផ្លូវ​យុត្តិធម៌ ស្អាតស្អំ គ្មាន​អំពើពុករលួយ គ្មាន​គំនិត​បក្សពួកនិយម មាន​សីលធម៌​ល្អ​។​ល​។

​ផ្អែក​នៅលើ​ទិដ្ឋភាព​ជាក់ស្តែង​របស់​សង្គម​មួយ វា​តែងតែមាន​ហើយ​មនុស្ស​ល្អ និង​អាក្រក់​។ អ្នកកាសែត ក្នុងតួនាទី និង​មសិ​ការ​របស់ខ្លួន ត្រូវ​ចូលរួម​លើកស្ទួយ​កិត្តិយស​បុគ្គល​គំរូ តែ​តាម​ប្រមាញ់​បុគ្គល​អាក្រក់​។ តាមរយៈ​ការតាមប្រមាញ់​នេះហើយ ដែល​អាចធ្វើអោយ​សង្គម​មួយ​ដែល​ធ្លាប់មាន​មនុស្ស​អាក្រក់​ច្រើន កែខ្លួន​ទៅជា​មនុស្ស​ល្អ​ច្រើន​វិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សារព័ត៌មាន គឺជា​វេទិការ​ចែកចាយ​ផ្លាស់ប្តូរ​ព័ត៌មាន បណ្តុះ​គំនិត​បញ្ញា​ពិចារណា និង​ជាទី​កន្លែង​កម្សាន្ត​អារម្មណ៍​ជាដើម​។

​វត្តមាន​សារព័ត៌មាន​នៅក្នុង​សង្គម​មួយ​អាចជួយ​ជំ​រុញអោយ​មនុស្ស​ល្អ រឹតតែ​ចង់​ធ្វើ​ល្អ​តាមរយៈ​ការចុះផ្សាយ​លើកទឹកចិត្ត និង​កាត់បន្ថយ​ចំនួន​មនុស្ស​ដែល​ធ្វើអំពើ​អាក្រក់ តាមរយៈ​ការចុះផ្សាយ​បែប​រិះគន់​ស្ថាបនា​ជាដើម​។ គ្មាន​វត្តមាន​សារព័ត៌មាន​អាជីព ប្រទេស​នេះ ឬ​នោះ  រីកចម្រើន​យឺត និង​ពោរពេញ​ទៅដោយ​ភាពមិនប្រក្រតី​។ ផ្ទុយទៅវិញ ក្នុង​ប្រទេសមួយ​ដែលមាន​សារព័ត៌មាន​សម្បូរបែប ប្រទេស​នេះ ឬ​នោះ អភិវឌ្ឍ​លឿន​បំផុត​។ «​អ្នកសារព័ត៌មាន​មិនមែនជា​សត្រូវ​នៃ​សង្គម​ទេ តែ​ជា​ដៃគូរ​អភិវឌ្ឍន៍​»៕


Tag:
 សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com