ជាតិ
បទវិភាគ
កំហុសអក្ខរាវិរុទ្ធ៖ មន្ត្រីមានចំណេះដឹងទាប មិនចេះធ្វើការជាក្រុម ឬមិនខ្ចីខ្វល់?
× បដា ឬផ្ទាំងផ្សព្វផ្សាយ តែងតែត្រូវបានឆ្លងការរចនារៀបចំអស់ជាច្រើនថ្ងៃ និងក្រោមក្រសែភ្នែកមនុស្សជាច្រើននាក់ ដូច្នេះកំហុសអក្ខរាវិរុទ្ធត្រូវតែនៅកម្រិតសូន្យ ជាពិសេសការងារដែលរៀបចំដោយស្ថាប័នរដ្ឋ។ ផ្ទុយទៅវិញ បញ្ហាទាំងនេះ បានក្លាយជាប្រធាននៃការសើចចំអកពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាឆ្មបជាតិ កាលពីថ្ងៃទី២ ខែឧសភា ដោយមានអ្នកចូលរួមប្រមាណ២០០នាក់។ រូបថតជាច្រើនសន្លឹកត្រូវបានចែករំលែកពេញបណ្តាញសង្គម ប៉ុន្តែគោលបំណងអ្នកចែករំលែកមិនមែនផ្តោតលើកម្មវិធីនោះឡើយ ដោយពួកគេទាញការចាប់អារម្មណ៍ទៅលើកំហុសដ៏តូចមួយលើផ្ទាំងអក្សរនៅពីក្រោយលោករដ្ឋមន្ត្រី។
កំហុសនោះ គឺ ពាក្យ «ធ្មប» ដែលមិនមានក្នុងវចនានុក្រម ត្រូវបានដាក់ជំនួសពាក្យ «ឆ្មប»។ អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ បានសរសេរលេងសើចថា ប្រហែលជាអ្នករៀបចំកម្មវិធីចង់សរសេរថា «ធ្មប់» ដែលជាឈ្មោះមន្តអាសិរពិសមួយប្រភេទ ដោយមិនមែនសំដៅលើស្ត្រីពេទ្យសម្រាលកូន ឬ «ឆ្មប» នោះឡើយ។
តាមពិតទៅ វាជាកំហុសដ៏តូចបំផុត និងអាចលើកលែងបាន ប៉ុន្តែការធ្វេសប្រហែសការងាររបស់មន្ត្រីនៅស្ថាប័នរដ្ឋបែបនេះ មិនអាចគេចផុតពីការរិះគន់របស់សាធារណជននោះឡើយ ពីព្រោះអ្នកបម្រើការនៅស្ថាប័នរដ្ឋត្រូវដើរតួជាគំរូគ្រប់ផ្នែក។ ករណីកំហុសអក្ខរាវិរុទ្ធបែបនេះ ក៏មិនមែនជាករណីលើកដំបូងនោះដែរ ពោលគឺតែងតែកើតឡើងជាញឹកញាប់។
ហេតុអ្វីបានជាមានកំហុសដដែលៗបែបនេះ? ចំណេះដឹងមានកម្រិត? មិនចេះធ្វើការជាក្រុម? ឬ ឃើញខុសដែរ ប៉ុន្តែវាកំហុសតិចតួច ខ្ជិលខ្វល់? មុនការដាក់តាំងបដា ឬផ្ទាំងផ្សព្វផ្សាយ មនុស្សជាច្រើនបានមើលឃើញ ដូច្នេះបើមានការសហការគ្នាច្បាស់លាស់ ប្រហែលជាមិនមានករណីខុសឆ្គងនោះឡើយ។
ស្ថាប័នខ្លះ បានជួលសេវារៀបចំពីក្រៅ ប៉ុន្តែគប្បីត្រូវមានការត្រួតពិនិត្យបន្ថែម ពីព្រោះកំហុសដែលកើតឡើងនៅពេលធ្លាក់ទៅដល់បណ្តាញសង្គមទៅហើយនោះ វាប្រៀបដូចជាអង្ករដែលក្លាយទៅជាបាយ ទោះបីជាមានការបកស្រាយបែបណា ក៏ពិបាកនឹងទទួលយកខ្លាំងណាស់។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏តែងតែរិះគន់ផងដែរចំពោះមន្ត្រីមួយចំនួនដែលប្រឹងធ្វើការឲ្យរួចតែពីដៃ។ សម្តេចធ្លាប់បានលើកឡើងពីករណី Group សម្រាប់ទាក់ទងមន្ត្រីតាមរយៈ Facebook និង WhatsApp ដោយអ្នកខ្លះមិនទាន់បានមើលខ្លឹមសារ ឬឯកសារមិនទាន់ត្រូវបានផ្ញើទៅផង មន្ត្រីខ្លះបានឆ្លើយយ៉ាងលឿនថា «ទទួលបានហើយសម្តេច»៕
© រក្សាសិទ្ធិដោយ thmeythmey.com