ពីនេះ ពីនោះ
ត្រីកញ្ចុះថ្ម មានរស់នៅតាមដងទន្លេមេគង្គក្រោម ជាពិសេសទន្លេសេកុង Thach Phanara / http://ffish.asia
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅតាមបណ្តោយដងទន្លេមេគង្គក្រោម និងនៅក្នុងដៃទន្លេសំខាន់ៗរបស់វាផងដែរ ដូចជាទន្លេសេកុងជាដើម។
ត្រីកញ្ចុះថ្ម មានឈ្មោះវិទ្យាសាស្ត្រ (Pseudomystus siamensis) និងឈ្មោះជាភាសាអង់គ្លេស Asian bumblebee catfish ជាប្រភេទត្រីទឹកសាប ដែលមានរស់នៅពាសពេញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងអាងទន្លេមេគង្គក្រោម ទន្លេមេក្លង ទន្លេចៅប្រាយ៉ា ប្រព័ន្ធទន្លេនៅសងខាងជម្រាលនៃឧបទ្វីបម៉ាឡេ និងនៅតាមបណ្តោយឆ្នេរសមុទ្រនាភាគអាគ្នេយ៍ក្នុងប្រទេសថៃ ជាដើម។ ត្រីកញ្ចុះថ្ម មានប្រវែងដងខ្លួនអតិបរមា ១៥ស.ម។
វាស៊ីកូនតូចៗ របស់វារិសត្វ ព្រមទាំងកន្ទុំរុយផងដែរជាអាហារ។ ត្រីកញ្ចុះថ្ម ពង-កូន អំឡុងពេលរដូវវស្សាចាប់ផ្តើមចូលមកដល់ ដោយយើងអាចឃើញកូនតូចៗរបស់វាជាប់មងរបស់អ្នកនេសាទ នៅក្នុងខែឧសភា។ ត្រីកញ្ចុះថ្ម ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅការផុតពូជ។ កត្តាគំរាមកំហែងនាពេលបច្ចុប្បន្នចំពោះត្រីប្រភេទនេះ មិនត្រូវបានគេដឹងឡើយ។
ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ ការប្រើប្រាស់រំសេវផ្ទុះ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ជីវិតមច្ឆជាតិទូទៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដែលអាចនិយាយបានថា ត្រីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជានឹងបាត់រូបរាង សល់ត្រឹមតែឈ្មោះសម្រាប់ក្មេងជំនាន់ក្រោយហៅប៉ុណ្ណោះ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិទាំងអស់គ្នានោះទេ។
© រក្សាសិទ្ធិដោយ thmeythmey.com