បទវិភាគ
សេដ្ឋកិច្ច
នៅ​ថ្ងៃ​អនាគត​, ក្នុង​ក្រុងភ្នំពេញ​, «​ខុន​ដូ​» គំរាមកំហែង​«​ផ្ទះ​វីឡា​»
07, May 2018 , 8:59 am        
រូបភាព
 ​ភ្នំពេញ​៖ ការរីកចម្រើន​ផ្នែក​សំណង់​ខ្លាំង​នា​រយៈពេល​ចុងក្រោយ​នេះ បាន​គំរាមកំហែង​វត្តមាន​ផ្ទះ​វីឡា​នៅក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស នៅក្នុង​តំបន់​ដែល​ដីធ្លី​មានតម្លៃ​ខ្ពស់​។ នៅក្នុង​តំបន់​ប្រណិត​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ ផ្ទះ​វីឡា ត្រូវបាន​គេ​វាយ​កំទេចចោល ហើយ​ជំនួស​មកវិញ ដោយ​វត្តមាន ខុន​ដូ​។ តម្លៃ​ដីធ្លី​ថ្លៃ ធ្វើ​ឲ្យ​អ្នកវិនិយោគ​ធំៗ​ត្រូវ​ការសង់ ខុន​ដូ ព្រោះ​ខុន​ដូ បង្កើត​បន្ទប់ និង​កន្លែង​រស់នៅ​បាន​ច្រើនជាង វីឡា​។


​ក្រោយ​របប​ប៉ុលពត​ឆ្នាំ​១៩៧៩ ភ្នំពេញ​មិនសូវមាន​ផ្ទះល្វែង ឬ​វីឡា ច្រើន​ទេ​។ ក្នុងអំឡុង​ឆ្នាំ​១៩៨០ ដល់​១៩៩០ វត្តមាន​ផ្ទះល្វែង​ថ្ម​សំណង់​ថ្មី ក៏​មិនទាន់​សូវ​មាន​ច្រើន​ដែរ​។ ពលរដ្ឋ កាលនោះ ភាគច្រើន រស់នៅក្នុង​ផ្ទះល្វែង ឬ​ផ្ទះ​វីឡា ដែល​ត្រូវបាន​គេ​សាងសង់​មុន​ជំនាន់​ប៉ុលពត​(​មុន​ឆ្នាំ​១៩៧៥)​។ 
 
​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ពោលគឺ​នៅក្នុង​ទសវត្សរ៍​៩០ ផ្ទះល្វែង ផ្ទះ​វីឡា​ខ្លះៗ បានចាប់ផ្តើម​សាងសង់​នៅក្នុង​រាជធានី​ភ្នំពេញ​។ តែ​វា​មិនមាន​វត្តមាន​ច្រើន​ណាស់ណា​ប៉ុន្មាន​ទេ​។ ចាប់ពី​ដើមឆ្នាំ​២០០០ សំណង់​ជាច្រើន​ចាប់ផ្តើម​ដុះ​ជា​បន្តបន្ទាប់ នៅក្នុង​រាជធានី​ភ្នំពេញ និង​ជាយក្រុង​នៃ​រាជធានី​ចតុមុខ​។ 
 
​សំណង់​ដែល​កាន់តែ​ដុះ​ខ្លាំង​ឡើង គឺ​ចាប់ពី​ដើមឆ្នាំ​២០១០ រហូតមកដល់​ពេលនេះ​។ ទាំង​ផ្ទះល្វែង ទាំង​ផ្ទះ​វីឡា ដុះ​ឡើង​ខ្លាំង​មែនទែន​ក្នុង​រាជធានី​ភ្នំពេញ ពី​ក្នុងអំឡុង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៨​នេះ​។ ប៉ុន្តែ ជា​អកុសល ក្នុង​រយៈពេល​៣ ឬ​៤​ឆ្នាំ​ចុង​ក្រោយនេះ វត្តមាន​ផ្ទះ​វីឡា ត្រូវបាន​គំរាមកំហែង និង​បាត់បង់​ទៅវិញ ហើយ​ជំនួស​មកវិញ​ដោយ​វត្តមាន ខុន​ដូ​។ ជាក់ស្តែង ក្នុង​តំបន់​បឹង​កេងកង​១ ផ្ទះ​វីឡា ជាច្រើន ត្រូវបាន​គេ​វាយ​កំទេចចោល ហើយ​សង់​ជំនួស​មកវិញ​ដោយ ខុន​ដូ​។ មូលហេតុ គឺ​ដោយសារ ខុន​ដូ អនុញ្ញាត​ឲ្យ​គេ​រកប្រាក់​ចំណូល​បាន​ច្រើនជាង​ផ្ទះ វីឡា​។ 
 
​បើ​ផ្អែកលើ​និន្នាការ និង​ផ្អែកលើ​ការកើនឡើង​តម្លៃ​ដីធ្លី នៅក្នុង​ទីក្រុង​ភ្នំពេញ វត្តមាន វីឡា នឹង​កាន់តែ​ថយចុះ​ពីមួយ​ឆ្នាំៗ​ទៅមួយ​ឆ្នាំ ព្រោះ​ឈ្មួញ​អចលនទ្រព្យ សំឡឹងមើល និង​ប៉ង​ទិញ​ដី និង​ផ្ទះ​វីឡា ដើម្បី​សង់ ខុន​ដូ ជំនួស​មកវិញ​។ ខុន​ដូ ធ្វើ​ឲ្យ​អ្នកជំនួញ​លក់ ឬ​ជួល​បាន​ថ្លៃ​ជាង វីឡា​។ 
 
​ពេលអនាគត ខុន​ដូ នឹង​ដុះ​កាន់តែច្រើន​នៅ​កណ្តាល​បេះដូង​នៃ​រាជធានី​ក្រុងភ្នំពេញ (​រាជធានី​ចតុមុខ​) រីឯ វីឡា នឹង​ដុះ​នៅក្នុង​បុរី ឬ​នៅឯ​ជាយក្រុង​៕ 

Tag:
 វីឡា
© រក្សាសិទ្ធិដោយ thmeythmey.com