ជាតិ
ករណី​ពុល​ទឹក​៖ អាជ្ញាធរ​ខេត្តក្រចេះ ជម្លៀស​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​កើតហេតុ​ចេញពី​ភូមិ​
07, May 2018 , 11:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ
រូបពីហ្វេសប៊ុកលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ
​ភ្នំពេញ​៖ ក្រោយពី​មាន​ករណី​ពុល​ទឹក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នោះ អាជ្ញាធរ​ខេត្តក្រចេះ បានសម្រេច​ជម្លៀស​ពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​កើតហេតុ ចេញទៅ​រស់នៅ​ទីតាំង​មាន​សុវត្ថិភាព​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ​។



​អភិបាលរង​ខេត្តក្រចេះ លោក ប៉ែន លី​ណាត បាន​និយាយថា មូលហេតុ​ដែល​នាំ​ឲ្យ​អាជ្ញាធរ​សម្រេចចិត្ត ជម្លៀស​ពលរដ្ឋ​ចេញពី​ទីតាំង​កើតហេតុ គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​គ្រោះថ្នាក់ និង​បញ្ចៀស​បញ្ហា​ចំពោះ​ពលរដ្ឋ​។ លោក ប៉ែត លី​ណាត បាន​បន្ថែមថា អាជ្ញាធរ​ជម្លៀស​ពួកគាត់​ទៅ​កន្លែង​សមរម្យ ដែល​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​ប៉ុន្មាន​ទេ ដោយ​រៀបចំ​ឲ្យ​មានការ​រស់នៅ​បណ្ដោះអាសន្ន តាមរយៈ​ការផ្គត់ផ្គង់​ទឹកស្អាត និង​សម្ភារ​មួយចំនួន ពី​សំណាក់​អាជ្ញាធរខេត្ត​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អភិបាលរង​ខេត្តក្រចេះ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ជម្លៀស និង​សម្រួល​ឲ្យ​ពួកគាត់​ចេញពី​ភូមិ​សិន ដោយ​យើង​ដឹក​ទឹក​ប្រើប្រាស់​ឲ្យ​ពួកគាត់​សិន ព្រោះ​យើង​បាន​សន្និដ្ឋាន​ជាបឋម​ថា ពួកគាត់​អាច​ពុល​ដោយសារតែ​ការប្រើប្រាស់​ទឹក​ក្នុងភូមិ​។ ហើយ​ភូមិ​ពួកគាត់​ជា​ភូមិ​ឧបសម្ព័ន្ធ ដែល​ស្ថិតនៅតាម​ដងព្រែក​ទេរ ដោយមាន​ដែនដី​តូចៗ​ចាក់​ចូលទៅ​ក្នុងនោះ ហើយ​ក្រុមគ្រូពេទ្យ​សន្និដ្ឋាន​បឋម​ថា​មកពី​ការប្រើប្រាស់​ទឹក​។ ដូច្នេះ​បានជា​យើង​ជួយ​សម្រួល​រក​កន្លែង​សុវត្ថិភាព​ជូន​ពួកគាត់ ព្រោះ​ពួកគាត់​ក៏​ជា​ជនជាតិភាគតិច​ផង ហើយ​មាន​ជំនឿ​ច្រើន ទើប​ជម្លៀសចេញ​»​។​

​លោក ប៉ែន លី​ណាត មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​គ្រួសារ ដែល​អាជ្ញាធរ​បាន​ជម្លៀស​នោះទេ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​អាជ្ញាធរ សម្រួល​ចេញពី​ភូមិ​នោះ ភាគច្រើន​គឺជា​ក្រុមគ្រួសារ​របស់​អ្នករងគ្រោះ ដោយសារ​ការពុល​ទឹក ។ ក្រៅពីនេះ​ពលរដ្ឋ​ដែល​ខ្លាចរអា​នឹង​បញ្ហា​នេះ ក៏​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​ចេញ​ផងដែរ​។

​មកដល់ពេលនេះ ពល​រដ្ឋ​ស្លាប់​ដោយសារ​ពុល​ទឹក​កើនឡើង​ចំនួន​១៣​នាក់ ខណៈដែល​ពលរដ្ឋ​ជាង​១៣០​នាក់​ផ្សេងទៀត កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ នេះ​បើតាម​អភិបាលរង​ខេត្តក្រចេះ ដែល​បាន​បន្ថែមថា អាជ្ញាធរខេត្ត​កំពុង​យកចិត្តទុកដាក់​តាមដាន​បញ្ហា​នេះ​។​

អត្ថបទទាក់ទង


​ក្រសួងសុខាភិបាល បានដាក់​ការ​សន្និដ្ឋានថា ពលរដ្ឋ​រងគ្រោះ​ទាំងនោះ អាច​បណ្ដាលមកពី​ការពុល​ស្រា និង​សង្ស័យ​ពុល​ទឹក ។ ការសន្និដ្ឋាន​របស់​សុ​ខា​ភិ​បាល​ធ្វើឡើង​ក្រោយពី​ពិនិត្យ​ទៅលើ​ស្រា និង​ទឹក​នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត  ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ   ។

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួងសុខាភិបាល បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ផ្អាក​ការប្រើប្រាស់​ទឺ​ក​ព្រែក​ទេរ ដែល​ស្ថិតនៅក្នុង​តំបន់​សង្ស័យ​នេះ មួយរយៈ​ពេល​សិន ដោយ​ទទួល​ការផ្គត់ផ្គង់​ទឹកស្អាត​ជំនួស​វិញ​។ ជាមួយគ្នានេះ ត្រូវ​បញ្ឈប់​ការ​បិតស្រា និង​ការលក់​ស្រាស​នៅក្នុង​មូលដ្ឋាន និង​បង្កើន​ការអប់រំ​អនាម័យ​រស់នៅ និង​ការហូប​ស្អាត​របស់​ប្រជាជន​៕


Tag:
 ប៉ែន លី​ណាត​
  ពុល​ទឹក​
 ​ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com