ជាតិ
សុខភាព
មេ​តា​ណុល​ក្នុង​ស្រា ស ជា​មូលហេតុ​នាំ​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់ និង​ឈឺ​ជាង​២០០​នាក់​នៅ​ក្រចេះ​
07, May 2018 , 9:57 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ លោក​វេជ្ជបណ្ឌិត ឈ្នាង សុវត្ថា បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ នេះ​ថា ករណី​មនុស្ស​ស្លាប់​១៣​នាក់ និង​ធ្លាក់ខ្លួន​ឈឺ​ជាង​២០០​នាក់ បណ្តាលមកពី​ការពុល​មេ​តា​ណុល​ក្នុង​ស្រា ស​។​



​មនុស្ស​បាន​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​៤ ខែឧសភា នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ការសន្និដ្ឋាន​ជាបឋម ករណី​ទាំងនេះ បណ្តាលមកពី​ការពុល​ទឹក​ព្រែក​ទេរ និង​ពុល​ស្រាស ។ តែបើ​យោងតាម​របាយការណ៍​ប្រជុំ ដែល​ដឹកនាំ​ដោយ​លោក តែ គុយ​ស៊ា​ង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កាលពី​រសៀល​ថ្ងៃទី​៧ ខែឧសភា ករណី​ទាំងនេះ បណ្តាលមកពី​ការពុល​មេ​តា​ណុល ក្នុង​ស្រាស​។​

​ការសន្និដ្ឋាន​របស់​ស្ថាប័ន​ជំនាញ គឺ​យោងតាម​លទ្ធផល​មន្ទីរ​ពិសោធន៍​របស់​ក្រសួងសុខាភិបាល លើ​សំណាក​ស្រាស ដែលមាន​កម្រិត​ជាតិ​មេ​តា​ណុល​ខ្ពស់ និង​បណ្តាល​អ្នក​ផឹក​ឈឺ រហូតដល់​ស្លាប់​បាន​។ ការពុល​មេ​តា​ណុល​ក្នុង​ស្រាស នាំ​ឲ្យ​អ្នក​ផឹក មាន​រោគសញ្ញា ស្រ​វ៉ាំ​ង​ភ្នែក ងងឹតភ្នែក និង​ថប់ដង្ហើម​។​

​សម្រាប់​អ្នក​ដែល​ធ្លាក់ខ្លួន​ឈឺ ប៉ុន្តែ​មិនមែន​ដោយសារ​ការ​ពិសារ​ស្រា ស លោក ឈ្នាង សុ​វុត្ថា អះអាងថា ក្រុមការងារ​ជំនាញ​កំពុង​ស្រាវជ្រាវ រក​មូលហេតុ​ជា​បន្តបន្ទាប់​ទៀត​។​

​យោងតាម​របាយការណ៍​ដោយ​គិត​ត្រឹម​រសៀល​ថ្ងៃទី​៧ ខែឧសភា ករណី​ពិគ្រោះ​សរុប​មាន​ចំនួន​២៨០​នាក់ ក្នុងនោះ​មាន​ស្រី​១៩២​នាក់ និង​កុមារ​៦៩​នាក់ ដោយ​អ្នក​ដែល​ត្រូវ​ចូល​សម្រាក​មន្ទីរ​ពេ​ទក​យ​មាន​ចំនួន​ស្រុប​២៣៤​នាក់ (​ស្រី​១១៦​នាក់​)​។​

​ករណី​ស្លាប់​សរុប​មាន​ចំនួន​១៣​នាក់ (​ស្រី​៨​នាក់​) ក្នុងនោះ​៦​នាក់​ស្លាប់​នៅតាម​ផ្ទះ ១​នាក់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ២​នាក់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ២​នាក់​ពេល​បញ្ជូន​ដល់​មន្ទីរ​កាល់​ម៉ែត្រ និង​២​នាក់​ស្លាប់​តាមផ្លូវ​ក្នុង​ដំណើរ​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​៕



Tag:
 ពុលស្រា
© រក្សាសិទ្ធិដោយ thmeythmey.com