ភាសា​ចិន​ឡើង​«​កូដ​»​ខ្លាំង ខណៈ​ជំនួញ និង​នយោបាយ​ការទូត​កម្ពុជា​-​ចិន​កាន់តែ​ល្អ​!

ជាតិ
បទវិភាគ
សង្គមជាតិ
ភាសា​ចិន​ឡើង​«​កូដ​»​ខ្លាំង ខណៈ​ជំនួញ និង​នយោបាយ​ការទូត​កម្ពុជា​-​ចិន​កាន់តែ​ល្អ​!
08, May 2018 , 9:06 am         1673
រូបភាព
 ​ភ្នំពេញ​៖ ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច ជំរុញ​ឲ្យ​ការប្រើប្រាស់​ភាសាបរទេស​មានការ​ផ្លាស់ប្តូរ​នៅក្នុង​តំបន់ ពិភពលោក និង​នៅ​កម្ពុជា​និយាយ​ដោយឡែក​។ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៣៨​ឆ្នាំ​ចុង​ក្រោយនេះ ភាសាបរទេស​ជាច្រើន​ត្រូវបាន​គេ​នាំ​ចូលមក​កម្ពុជា​ក្នុង​កាលៈទេសៈ​ផ្សេងៗ​ពីគ្នា​។ ភាសា​ទាំងនោះ​ជារួម​មាន​៖ ភាសា​វៀតណាម រុស្ស៊ី ថៃ បារាំង អង់គ្លេស កូរ៉េ និង​ជប៉ុន​។

 
​ក្នុង​រយៈពេល​៣៧​ឆ្នាំ ពោលគឺ​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០១៨​នេះ ភាសា​ចំនួន​៧​យ៉ាងតិច​បាន​ប្រជែង​ដណ្តើម​ទីតាំង និង​ឥទ្ធិពល​របស់ខ្លួន​នៅលើ​ទីផ្សារ និង​នៅក្នុង​សង្គម​ខ្មែរ​។ 
 
​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ ភាសាផ្លូវការ ដែល​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​បង្រៀន​នៅតាម​សាលា​រដ្ឋ គឺ​ភាសា​វៀតណាម និង​ភាសា​រុស្ស៊ី ព្រោះ​កាលនោះ ប្រទេស​កម្ពុជា​ស្ថិតនៅក្រោម​ឥទ្ធិពល នៃ​ប្រទេស​វៀតណាម និង​ប្រទេស​រុស្ស៊ី ប្រសិនបើ​គេ​និយាយ​ពី​ភូមិសាស្ត្រ​នយោបាយ និង​ឥទ្ធិពល​នយោបាយ (​ប្លុក​កុំ​ម្មុយ​នី​ស​)​។ នាពេលនោះ​ដដែល ភាសា​បារាំង និង​ភាសា​អង់គ្លេស ត្រូវបាន​គេ​លួច​បង្រៀន និង​លួច​រៀន​ជា​លក្ខណៈ​ឯកជន​។ ភាសា​ពីរ​នេះ មិនត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​រៀន​ដោយ​សេរី និង​ផ្លូវការ​ឡើយ ព្រោះ​ភាសា​នេះ ត្រូវបាន​គេ​គិតថា ជា​ភាសា​ដែល​ប្រើប្រាស់​ដោយ​ប្រទេស​លោកខាងលិច​(​ប្លុក​សេរី​)​។ 
 
​នៅក្នុង​ទសវត្សរ៍​៨០​ដដែល អ្នកមាន​សាច់ញាតិ​សែស្រឡាយ​ចិន ហើយ​និយាយ​ភាសា​ចិន ក៏​ប្រឈម​នឹង​ការរើសអើង​ខ្លះ​ដែរ​។ និយាយ​ឲ្យ​ចំ គឺថា ភាសា​ចិន​កាលនោះ​មិន​ពេញនិយម​ជា​ផ្លូវការ​ឡើយ តែ​ពេញនិយម​បែប​លួចលាក់​នៅតាម​គ្រួសារ​។ 
 
​ទសវត្សរ៍​៩០​ចូលមក​ដល់ កម្ពុជា​សម្រេច​ទទួលយក​នយោបាយ​របប​សេដ្ឋកិច្ច​ទីផ្សារសេរី ពេលនោះ ប្រទេស​លោកខាងលិច ក៏បាន​នាំចូល​មកជា​មួយ​ផងដែរ ទាំង​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​។ ឥទ្ធិពល​លោកខាងលិច និង​ឥទ្ធិពល​ខាង​អឺរ៉ុប បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពេញនិយម​ភាសា​បារាំង និង​ភាសា​អង់គ្លេស​។ ភាសា​បារាំង កាលនោះ ពេញនិយម​ជាង​ភាសា​អង់គ្លេស​ទៅទៀត ព្រោះ​កម្ពុជា​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង ជិត​១០០​ឆ្នាំ​ឯណោះ​។ តែ​ក្រោយមក ដោយសារ​ឥទ្ធិពល​សកលភាវូបនីយកម្ម ភាសា​អង់គ្លេស ក៏​គ្របដណ្តប់​ទីផ្សារ​ទាំងមូល​របស់​ប្រទេស​កម្ពុជា​តែម្តង​។ 
 
​នៅក្នុង​ទសវត្សរ៍​៩០​ដដែល អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺថា​ក្នុង​ខណៈពេលដែល​ភាសា​បារាំង និង​អង់គ្លេស​កំពុងមាន​វត្ត​មាន និង​ឥទ្ធិពល​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​នោះ ភាសា​ថៃ ក៏​បង្ហាញ​វត្តមាន​មួយរយៈ​ពេល​ខ្លី នៅ​កម្ពុជា​ដែរ​។ ភាសា​ថៃ​រីកចម្រើន​មួយរយៈ ព្រោះ កាលនោះ អ្នកវិនិយោគ​ថៃ បាន​សម្រុក​ចូលមក​វិនិយោគ​នៅ​កម្ពុជា​យ៉ាងគំហុក​ផងដែរ​។ 
 
​ក្នុង​ទសវត្សរ៍​២០០០ ភាសា​ថៃ បាត់បង់​ឥទ្ធិពល ភាសា​បារាំង​ថមថយ​វត្តមាន តែ​ភាសា​អង់គ្លេស កាន់តែ​រីក​ធំ​ជាង​មុន​។ តែ​អ្វីដែល​លេចឡើង​ថ្មី គឺ​ភាសា​កូរ៉េ និង​ភាសា​ជប៉ុន​។ ភាសា​ជប៉ុន មិន​រីក​ធំ​លឿន​ប៉ុន្មាន​ឡើយ​។ តែ​ភាសា​កូរ៉េ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​ប្រទេស​កូរ៉េ ទទួលយក​ពលករ​ខ្មែរ ឲ្យ​ធ្វើការ​នៅ​ទីនោះ និង​ម្យ៉ាងទៀត​ពេលនោះ អ្នកវិនិយោគ​កូរ៉េ ក៏​ចូលមកក្នុង​ប្រទេស​កម្ពុ​ជាច្រើន​ដែរ​។ 
 
​ចំពោះ ភាសា​ជប៉ុន វិញ វា​ជា​ភាសា​មួយ​ដែល​រីកចម្រើន​យឺត​នៅ​កម្ពុជា តាំងពី​ទសវត្សរ៍​២០០០ តែ​រហូតមកដល់​ឆ្នាំ​២០១២ ឬ​២០១៣ កន្លងមកនេះ ការវិនិយោគ​របស់​ជ​ប៉ុន បាន​ចូលមក​កម្ពុជា​កាន់តែច្រើន​។ បច្ចុប្បន្ននេះ ភាសា​ជប៉ុន ជា​ភាសា​មួយ ដែល​ត្រូវបាន​គេ​ហៅថា ជា​ភា​ត្រូវប៉ាន​ដែរ​នា​សម័យថ្មី​នេះ​។ 
 
​តើ​នៅពេលនេះ តើ​ភាសាបរទេស​ណា​ថមថយ​ឥទ្ធិពល​? ហើយ​ថា តើ​ភាសាបរទេស​ណា​រីកចម្រើន​ទៅមុខ​កាន់តែខ្លាំង​? 
 
​តាម​ការសង្កេត​ជាក់ស្តែង ភាសា​រុស្ស៊ី និង​វៀតណាម ដែល​ធ្លាប់មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា​ក្នុង​ទសវត្សរ៍​៨០ ស្ទើរ​បាត់ស្រមោល​ពី​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។ ភាសា​បារាំង​ដែលមាន​ឥទ្ធិពល​ខ្លាំង​ក្នុងអំឡុង​ឆ្នាំ​៩០ កំពុង​ត្រដរ​ខ្ស​ល់​ដើម្បី​បន្ត​រស់នៅក្នុង​ទីផ្សារ​កម្ពុជា​ដែល​ធ្លាប់ជា​ទីផ្សារ​អាណានិគម​របស់ខ្លួន​។ 
 
​ភាសា​កូរ៉េ ភាសា​ជប៉ុន ភាសា​អង់គ្លេស ជា​ភាសា​ដែល​បាន និង​កំពុង​បន្ត​រីកចម្រើន​ខ្លាំង​នៅក្នុង​សង្គម​ខ្មែរ​។ ចុះ​ភាសា​ចិន​វិញ​? 
 
​តាមពិត ភាសា​ចិន ត្រូវបាន​កូនចៅ​ចិន​និយាយ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​យូ​យារ​ណាស់​មកហើយ​។ តែ​គ្រាន់​ថា ភាសា​មួយ​នេះ ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​សង្គម​គ្រួសារ​តែប៉ុណ្ណោះ ពោល គឺ​វា​មិនមាន​វត្តមាន​ផ្លូវការ​នៅក្នុង​ក្រុមហ៊ុន ឬ​កិច្ចការ​របស់​រដ្ឋ​ឡើយ​។ 
 
​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​ទំនាក់ទំនង​ការទូត និង​ជំនួញ​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​ចិន ដូច្នេះ ភាសា​ចិន​កំពុង​ឡើង​«​កូដ​»​ខ្លាំង​មែនទែន​។ ភាសា​នេះ ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ជំនួញ ក្នុងការ​សិក្សា ក្នុង​កិច្ចការ​ការងារ​ទូត និង​កិច្ចការ​នយោបាយ​តែម្តង​។ 
 
​ងាក​មក​មតិ​មហាជន​កម្ពុជា​វិញ ពួកគេ​មួយចំនួន​ចាប់ផ្តើម​តម្រង់ទិស​កូនចៅ​របស់​ពួកគេ​ឲ្យ​រៀន​ភាសា​អង់គ្លេស ជា​ភាសាបរទេស​អន្តរជាតិ និង​ភាសា​ចិន​ជា​ភាសាបរទេស​បែប​ជំនួញ​នៃ​មហាអំណាច​សេដ្ឋកិច្ច​ចិន​ដែល​គ្រោង​នឹង​ឈានទៅ​កាច់ចង្កូត​សេដ្ឋកិច្ចពិភពលោក​នាពេល​អនាគត​។ 
 
​សរុបសេចក្តី​មក ភាសាបរទេស​ដែលមាន​វត្តមាន និង​ឥទ្ធិពល​នៅក្នុង​ប្រទេស​កម្ពុជា​ប្រែប្រួល​ទៅតាម​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​របត់​នយោបាយរ​បស់​ប្រទេស​កម្ពុជា​។ តើ​នៅ​ថ្ងៃក្រោយ​ទៀត តើ​ភាសាបរទេស​ណា​ផ្សេងទៀត​នឹង​មក​ចាប់កំណើត​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​?  នេះ គឺជា​សំណួរ​ដែល​មានតែ​ពេលវេលា​ប៉ុណ្ណោះ​អាច​ផ្តល់​ចម្លើយ​បាន​៕ 

Tag:
 ភាសា
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង